ប្រតិភូខេត្តហ្វូជៀន ប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគវិស័យ​ឧស្សា​ហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្មជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ — ប្រតិភូខេត្តហ្វូជៀន នៃសារធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឡេ ជុនម៉ី (Lei Chun Mei) អនុ​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ខេត្ត​ខេត្តហ្វូជៀន ​បាន​សុំ​ឱ្យ​មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគវិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្មរវាងខេត្តហ្វូជៀន ជាមួយ​នឹងកម្ពុជា។ ការលើកឡើងនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​លោកជំទាវ​កិត្តិសង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធ​ស​ភា និងអធិការ​កិច្ច កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

លោកជំទាវ ឡេ ជុនម៉ី (Lei Chun Mei) បានសម្ដែងការចាប់អារម្មណ៍ពីការរីកចម្រើន​នៅកម្ពុជា​ ពិសេសលើ​កំ​ណើនសេដ្ឋកិច្ច ដែលធានាបាន៧.១ ភាគរយនៅឆ្នាំ២០១៩នេះ និង​មានស្ថិរភាពនយោបាយល្អ ដែលជាកត្តា​ធ្វើឱ្យ​អ្នក​វិនិ​យោគ​ទុនក្នុងខេត្តហ្វូជៀន មាន​ការ​ចាប់អារម្មណ៍ និងត្រៀមមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ លោកជំទាវប្រ​ធាន​ប្រតិភូបាន​បញ្ជាក់ថា មុននឹងប្រតិភូមកដល់កម្ពុជា សាលាខេត្តហ្វូជៀន​បានបង្ហាញ​របាយ​ការណ៍​ក្រៅ​ផ្លូវការថា មានអ្នកវិនិយោគ ទាំងខ្នាតធំ និងមធ្យម ចំនួនជិត៤០ក្រុមហ៊ុន បានចុះបញ្ជីនៅ​សាលាខេត្តហ្វូជៀន ដើម្បីសុំ​មក​រកស៊ីនៅកម្ពុជា​ ក្នុងទំហំទុនវិនិយោគប្រមាណជិត៤០០​លាន​ដុល្លារអាម៉េរិក។ ជាមួយគ្នានេះ អ្នកវិយោគទុនខេត្តហ្វូជៀន ក៏មានចំនួនពីរ ឬបីក្រុមហ៊ុន បានកំពុងរកស៊ីនៅកម្ពុជា ក្នុងទំហំទុន​វិនិយោគ​ជាង​៥០០​លាន​ដុល្លារអាម៉េរិក ក្នុងនោះ​រោងចក្រផលិតដំណាប់ស្វាយ ដ៏ធំមួយនៅខេត្តកំពង់ស្ពឺ កំពុងដំណើរការផលិត ដោយប្រមូល​ផ្លែ​ស្វាយ​ពី​កសិករ​កម្ពុជា ដើម្បីនាំធ្វើការនាំចេញទៅកាន់ប្រទេសចិន។

​លោកជំទាវ​កិត្តិសង្គ​ហ​បណ្ឌិត ម៉ែន សំអន បានគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិ​បត្តិការលើគ្រប់វិស័យ និងមានក្រុមហ៊ុនជាច្រើនទៀតមកពីខេត្តហ្វូជៀន ដែលចង់មកវិនិ​យោគ​នៅ​​កម្ពុជា។ លោកជំទាវ​ឧបនាយករដ្ឋមន្រ្ដីបាន​គូសបញ្ជាក់ថា យើងមិនត្រឹមតែធ្វើការ​ទំនាក់ទំនង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ​ប៉ុណ្ណោះទេ គឺយើងត្រូវធ្វើគ្រប់វិស័យ គ្រប់​កម្រិត ពិសេសរវាងប្រជាជន និងប្រជាជន ដោយ​​ត្រូវ​ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បី​​ស្វែងរកកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យ​បានជាប់ជាប្រចាំលើវិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម កសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត។

លោកជំទាវ ឡេ ជនម៉ី ក៏បានគោរពអញ្ជើញលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីដឹកនាំ​គណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅខេត្តហ្វូជៀន ដោយនឹងនាំ​ប្រតិភូ​កម្ពុជា​ទស្សន​កិច្ចតាមវិស័យសំខាន់ៗ នៅក្នុងខេត្ដ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ជាការឆ្លើយតប លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ក៏បានយល់ព្រម តាមការអញ្ជើញ ដោយក្នុងពេលវេលាសមស្របណាមួយ៕

ដោយ សួស សំរិត