នាយក​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​រុស្ស៊ី​បញ្ជាក់ថា នឹងជួយបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផ្នែកធនធាន​មនុស្ស​​ដល់កងយោធពល​ខេមរភូមិន្ទ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្ដម ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ (MITSHUTKIN IGOR) នាយក​សាកលវិទ្យាល័យការពារជាតិ​ សហព័ន្ធរុស្ស៊ី បានគូសបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនជានិច្ច ក្នុងបណ្តុះបណ្តាល និងជួយអភិវឌ្ឍន៍ផ្នែកធនធានមនុស្សដល់ជួរកងយោធពល​ខេមរភូមិន្ទ។ ការលើកឡើងនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងដំណើរទស្សន​កិច្ចរបស់គណៈប្រតិភូនៅកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅ​អគារ​មិត្តភាព ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ មីសាត់គីន អាយហ្គ័រ (MITSHUTKIN IGOR) បានថ្លែងការកោតសរសើរ​ ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងកងយោធពល​ខេមរភូមិន្ទ នាពេលបច្ចុប្បន្ននេះ ពិសេសចំពោះប្រពៃណី​ វប្បធម៌ ​សាសនា និងប្រាសាទ​អង្គរវត្ត។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ក៏បានលើកឡើង និងពិភាក្សាជាមួយនឹងនាយកដ្ឋាន​បុគ្គលិក នៃក្រសួងការពារជាតិកម្ពុជា ដែលបានផ្តោតសំខាន់លើការបណ្តុះបណ្តាល​ធនធាន​មនុស្ស កងយោធពល​ខេមរភូមិន្ទ ​រួមនឹង​ការបណ្តុះបណ្តាលអ្នកច្បាប់យោធា និងតន្ត្រីយោធា​ផងដែរ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច​ជាផ្លូវការ​របស់គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិសហព័ន្ធរុស្ស៊ី នៅលើទឹកដីព្រះរាជា​ណាចក្រ​កម្ពុជា ដែលពិតជាមានសារៈសំខាន់ ក្នុងការជួយរិតចំណងមិត្តភាពទំនាក់​ទំនង​ជិតស្និទ្ធ និងពង្រឹងពង្រីក​កិច្ចសហប្រតិបត្ដិការល្អ រវាងកងទ័ពទាំងពីរ កម្ពុជានិងរុស្ស៊ី ដែល​ពីមួយថ្ងៃទៅមួយកាន់តែរីក​ចច្រើន។ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានថ្លែងនូវអំណរ​គុណ​ចំពោះអតីតសហភាព​សូវៀត ដោយឡែកសហព័ន្ធរុស្ស៊ី ដែលកន្លងមកបានជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើនដល់កម្ពុជា និងកងយោធពល​ខេមរភូមិន្ទ។ កន្លងមក កងយោធពល​ខេមរភូមិន្ទ ភាគច្រើន​បាន​ការជួយបណ្តុះបណ្តាលពីប្រទេសវៀតណាម ចិន និងអតីតសហភាពសូវៀត។ ជាក់ស្តែង អតីត​និស្សិតយោធាកម្ពុជាទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីអតីត​សហភាព​សូវៀត បច្ចុប្បន្ន​នេះ កំពុងជាថ្នាក់ដឹកនាំសំខាន់ៗ និងគ្រប់លំដាប់ថ្នាក់ ប្រកបដោយទឹកចិត្ត​អង់​​អាច​ក្លាហាន មានសមត្ថភាព និងសីលធម៌ ក្នុងការបំពេញតួនាទីភារកិច្ចនៅក្នុងស្ថាប័ន​ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ហើយមួយចំនួនទៀតបាននិងកំពុងរួមចំណែក​បម្រើការងារ នៅតាម​ស្ថាប័ន និងកងឯកភាព​សំខាន់ៗរបស់រដ្ឋ ដើម្បី​រូម​ចំ​ណែក​យ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសណ្តាប់​ធ្នាប់​សាធារណៈ ​និង​សន្តិសុខ​សង្គម ពង្រឹងស្ថិរភាពនយោបាយ និងសន្តិភាព ដែលជាកត្តាគន្លឹៈសម្រាប់ការស្តារកសាង​ និង​អភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមឱ្យមានការរីកលូតលាស់លើគ្រប់វិស័យ។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបញ្ជាក់ថា គោលដៅកម្ពុជាបច្ចប្បន្ន គឺការបណ្តុះបណ្តាល​ជំនាញឯកទេស បច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងនយោបាយ ដើម្បីពង្រឹងដល់កិច្ចការពារ​ជាតិបូរណភាពទឹកដី និងចូលរួមចំណែកកិច្ចការ​អន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជា​ជាតិ៕

ដោយ សំ សាម៉ន