លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គម​និយម​​វៀត​ណាម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋ​មន្ត្រីប្រចាំការ នៃសាធារណរដ្ឋ សង្គម​និយម ​វៀត​ណាម និងគណៈប្រតិភូ ដើម្បី​សម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ជឿង ហ័រប៊ីញ ក៏បានគោរពថ្លែងអំណរគុណ ចំពោះ​ លោកជំទាវកិត្តិសង្គហ​បណ្ឌិត ​បានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសម ក្នុងឱកាសដែល​ ឯកឧត្តម​ មក​បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។ ឯកឧត្តម​បានកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ​ប្រទេស​កម្ពុជាឱ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដោយ រក្សាបាននូវស្ថាន​ភាព​សេដ្ឋ​កិច្ចបានយ៉ាងល្អ ដែលការអភិវឌ្ឍទាំងនោះគឺមិនអាចកាត់ផ្តាច់បានទេពីចំណង សហ​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការ​ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រកម្ពុជា បច្ចុប្បន្ន​នេះ​កម្ពុជា​​ទទួល​បាន​នូវស្ថិរភាព សន្ដិសុខ​ និង​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​វិស័យវិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍​​។ ជាមួយគ្នានេះ ដោយ​ឆ្លង​កាត់កំណែទម្រង់ជាច្រើន ជាពិសេស ​កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែ​​ទម្រង់​រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្នុងរយៈ​ពេល​២០​ឆ្នាំ​​ចុងក្រោយ​នេះ ប្រទេសកម្ពុជាមាន​កំណើន​​​​សេដ្ឋកិច្ច​​ជា​មធ្យម ប្រមាណ​ ៧ភាគរយ ដែលនាំឱ្យចំណូលរបស់​ប្រជាជន​​​ទូ​ទាំង​ប្រទេស​កាន់តែមានភាព​ប្រសើរឡើង ដែល​អាច​ឈាន​ឆ្ពោះ​​ទៅជា​ប្រទេស​​​ដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​ចំណូលខ្ពស់​នៅ​ឆ្នាំ ២០៥០​។ លោកជំទាវក៏បានចូលរួមអបអរសាទរ​ចំពោះ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែលបាន​ជាប់​ឆ្នោតជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ស​​ម្រាប់​​អាណត្តិ​ឆ្នាំ​២០២០​-២០២១​ ​ដែលបញ្ជា​ក់ពី​កា​​​រ​គាំទ្រ​របស់​ពិភព​លោក​ចំពោះតួនាទី​ និ​ងការចូល​រួមចំណែក​ដ៏សំខាន់​របស់​វៀត​ណាមនៅ​ក្នុងកិច្ចខិត​ខំប្រឹង​ប្រែងដោះស្រាយបញ្ហាតំបន់ ​និងពិភពលោក។ លោកជំទាវកិត្តិសង្គហ​បណ្ឌិតបានបន្ថែមថា ការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ​ដើម្បីបន្តរិត​ចំណង​សាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេស ពង្រឹងលើវិស័យ​ការពារជាតិ វិស័យយុត្តិធម៌ វិស័យអធិការកិច្ច និងវិស័យមួយចំនួនទៀត៕

ដោយ សួស សំរិត