អាល្លឺម៉ង់ផ្តល់ថវិកាបន្ថែមចំនួន ២លានអឺរ៉ូ ដល់ MRC ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ​ការ​ធន​​ធានទឹកឆ្លងដែន និងការពិនិត្យតាមដានលើផលប៉ះពាល់បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាបន្ថែមចំនួន ២លានអឺរ៉ូ (ប្រមាណ២​.២លាន​ដុល្លារ​អាម៉េរិក) ឱ្យទៅគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ច​សន្ទនាធនធានទឹកឆ្លងដែន និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ក្នុងការពិនិត្យ​តាមដានផលប៉ះពាល់បរិស្ថានឆ្លងដែនពីទំនប់វារីអគ្គិសនីតាមដងទន្លេនៃទន្លេមេគង្គក្រោម។

ការផ្ដល់ថវិកានេះត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខារវាងឯកឧត្តម បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងឯកឧត្ដម Jens Lütkenherm ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសឡាវ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាថ្ងៃទី​១៣      ខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមការផ្សាយរបស់គណៈកម្មការទន្លេមេគង្គ។

ឯកឧត្តម បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC បានមាន​ប្រសាសន៍ថា ការផ្ដល់មូលនិធិបន្ថែមនេះ បានធ្វើឱ្យការចូលរួមចំណែកថវិការបស់ប្រទេស​អាល្លឺម៉ង់សម្រាប់ MRC កើនដល់ចំនួន៦.៤៥លានអឺរ៉ូសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រ​បច្ចុប្បន្ន ឆ្នាំ២០១៦-២០២០ និងការចាប់ផ្តើមផែនការថ្មី ឆ្នាំ២០២១-២០២៥។ លោកបណ្ឌិត​បានបញ្ជាក់ថា ការចូលរួមចំណែកផ្ដល់ថវិកាបន្ថែមនេះ ក្នុងន័យបញ្ជាក់ជាថ្មីពីភាពជាដៃគូ​ដ៏យូរអង្វែងរបស់ប្រទេសអាល្លឺម៉ង់នឹងគណៈកម្មការទន្លេមេគង្គ មូលនិធិនេះ​មានគោល បំណង​ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការ និងគ្រប់គ្រងធន ធានទឹកឆ្លងដែនក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ឯកឧត្តម បណ្ឌិត អាន ពេជ្រហត្ថដា បានលើកឡើងថា “ការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់​មកដល់ចំពេលដ៏សំខាន់ គឺពេលដែលទន្លេមេគង្គកំពុងប្រឈមនឹងការថ្លឹងថ្លែងដ៏ពិបាក រវាង ការង្កើនការអភិវឌ្ឍក្នុងវិស័យថាមពល ដឹកជញ្ជូន និងកសិកម្ម និងផលប៉ះពាល់លើបរិស្ថាន និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងស្រុក”។

យោងតាមលទ្ធផលការពិនិត្យតាមដានលំហូរទឹករបស់ MRC ចុងក្រោយបំផុតបាន បង្ហាញថា គ្រោះរាំងស្ងួតឆ្នាំ២០១៩ បានបណ្តាលឱ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ដល់កម្រិត ទាប បំផុតនៅក្នុងប្រវត្តិសាស្ត្រ ឬក្នុងអំឡុងពេល៦០ឆ្នាំចុងក្រោយនេះ។ តំបន់ភាគ​ច្រើនតាម​អាងទន្លេ កំពុងជួបប្រទះនូវលំហូរទឹកទាបគួរឱ្យកត់សម្គាល់ ចាប់តាំងពីខែមិថុនាកន្លងមក។ ទន្ទឹមនេះ លទ្ធផលបានបង្ហាញបន្ថែមថា លំហូរទឹកទាបខ្លាំង ការធ្លាក់ចុះយឺតនៃសារធាតុកករ និងវត្តមានសារាយ ឬស្លែនៅលើដីខ្សាច់ និងស្រទាប់បាតទន្លេ គឺជាមូលហេតុដែល បណ្តាល ឱ្យពណ៌ទឹកទន្លេមេគង្គបែ្រជាពណ៌ខៀវបៃតងនាពេលថ្មីៗនេះ។ MRC បានក្រើនរម្លឹកថា ស្ថានភាពទឹកប្រែពណ៌ខៀវបៃតង អាចនឹងកើតមាននៅតាមកន្លែងផ្សេងៗទៀត និងបង្កឱ្យ​មាន​ហានិភ័យ ដូចជាការប្រែប្រួលផលិតភាពរបស់ទន្លេ ការកាត់បន្ថយផលិតភាពជីវសាស្ត្រ​ចម្រុះក្នុងទឹក ដែលបណ្តាលមកពីទឹកប្រែកាន់តែថ្លាច្បាស់។

លោកបណ្ឌិតបានបន្ថែមថា បញ្ហាដែលកំពុងកើតមានទាំងនេះ ទាមទារឱ្យមាន​ការ​ពិនិត្យតាមដាន និងរាយការណ៍ល្អិតល្អន់ និងរហ័សសម្រាប់ការគ្រប់គ្រងអាងទន្លេដ៏​សមស្រប​មួយ។

សូមបញ្ជាក់ថា សម្រាប់រយៈពេល៣ឆ្នាំ(២០១៩-២០២១) ជំនួយឥតសំណងនេះ មាន​គោលបំណងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងការពិនិត្យតាមដានផលប៉ះពាល់បរិស្ថាន​ឆ្លងដែន ពីទំនប់វារីអគ្គិសនីតាមដងទន្លេមេ ដែលបានសាងសង់រួចរាល់ក្នុងទន្លេមេគង្គក្រោម​រួមមានទំនប់សាយ៉ាបូរី និងដនសាហុង និងផ្តល់នូវវិធាននានា ដើម្បីកាត់បន្ថយផលប៉ះពាល់​តាមរយៈកម្មវិធីពិនិត្យតាមដានបរិស្ថានរួមរបស់ MRC។​ ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ បានផ្តល់មូលនិធិគាំទ្រដល់MRC ទាំងការគាំទ្រផ្នែក​បច្ចេកទេស និងហិរញ្ញប្បទានគិតជា ថវិកាប្រមាណជិត ៥០លានអឺរ៉ូ  ចាប់តាំងពីឆ្នាំ១៩៩៥​មក។ ការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់​ទាំងនេះ បានផ្តល់លទ្ធភាពឱ្យ MRC អនុវត្តន៍នូវសកម្ម​ភាព​យុទ្ធសាស្រ្តផ្សេងៗ រួមមានកំណែ​ទម្រង់​ស្ថាប័ន ការអភិវឌ្ឍថាមពលវារីអគ្គិសនី​ប្រកប​ដោយចីរភាព ការគ្រប់គ្រងធនធានទឹករួម ការកាត់បន្ថយគ្រោះទឹកជំនន់ និងបម្រែបម្រួល​អាកាសធាតុ។

ឯកឧត្ដម Jens Lütkenherm ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសឡាវ​បាន​គូសបញ្ជាក់ថា នៅពេលដែលទន្លេមេគង្គកំពុងរងនូវ​សម្ពាធពីផលប៉ះពាល់នៃគម្រោងគ្រប់​គ្រង​ទឹក​សម្រាប់ប្រព័ន្ធធារាសាស្ត្រ ថាមពលវារីអគ្គិសនី និងការផ្គត់ផ្គង់ទឹក ក្នុងពេលតែមួយ កិច្ចការរបស់ MRC នឹងប្រើកាន់តែសំខាន់ ក្នុងការពិនិត្យ​តាមដាន និងគ្រប់គ្រងបម្រែបម្រួល របស់អាងទន្លេ។ ឯកឧត្ដមបានបន្ថែមថា “ថវិកាបន្ថែម​របស់យើងនឹងផ្តល់លទ្ធភាពដល់ MRC ពន្លឿនកិច្ចការវាយតម្លៃផលប៉ះពាល់ទាំងនោះ និង​ធានាថាភាគីដែលធ្វើការសម្រេចចិត្ត ទាំង អស់នៅក្នុងអាងទន្លេបានយល់ដឹងពីផលវិបាកនានា និងចាត់វិធានការឱ្យបានសមស្រប និង ទាន់ពេលវេលា”៕

ដោយ រិទ្ធី