អនុប្រធានទី១ រដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅ ចូលរួមមហាសន្និបាតសភាតំបន់អាស៊ីលើកទី១២  នៅប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមសភាជាតិ កម្ពុជា-សភាតំបន់អាស៊ី (APA) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី១២ ក្រោមប្រធានបទ “ តួនាទី នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសភាតំបន់អាស៊ី The Role of Multilateral Cooperation Among Asian Parliaments ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអានតាលីយ៉ា សាធារណរដ្ឋតួកគី។

មហាសន្និបាតនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា  ព្រឹទ្ធសភា នៃបណ្តាប្រ​ទេ​សដែលជាសមាជិកសភាតំបន់អាស៊ី ព្រមទាំងមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេ​សជាអ្នកសង្កេតការណ៍ និងអង្គការដៃគូ APA ជាច្រើនទៀត។

សូមបញ្ជាក់ថា សភាតំបន់អាស៊ី (Asian Parliamentary Assembly) បានបង្កើតឡើង នៅឆ្នាំ២០០៦ និងមានសភាសមាជិកចំនួន៤២ប្រទេស សមាជិកសង្កេតការណ៍ចំនួន ១៦ប្រទេស និងអង្គការដៃគូចំនួន១០ប្រទេស ហើយបេសកកម្ម និងគោលបំណងសំខាន់ របស់APA គឺដើម្បីជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ីទំាងមូល តាមយន្តការសភា៕

ដោយ ប៉ាល់ សុង