មន្ទីរផែនការខេត្តតាកែវបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រង់ទិន្នន័យស្តិតិថ្នាក់ក្រោមជាតិ

AKP តាកែវ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ​នៅសាលប្រជុំមន្ទីរផែនការខេត្តតាកែវបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការចុះស្រង់ទិន្នន័យស្តិតិថ្នាក់ក្រោមជាតិនៅខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ លោកជំទាវ  ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកវិទ្យាស្ថានជាតិស្ថិតិ លោក ឈួ សុធា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានអនុ ប្រធានមន្ទីរអង្គភាពជុំវិញខេត្តតាកែវ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ពីរថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមចំនួន ៥០នាក់​មកពីការិយាល័យនានា ក្នុងមន្ទីរផែនការខេត្តតាកែវ និងមន្ត្រីរបស់មន្ទីរផែនការតាមបណ្តាក្រុង ស្រុក ទាំង១០ នៅក្នុងខេត្តតាកែវ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ​ឯកឧត្តម ហោ ដារិទ្ធ មានប្រសាសន៍ជំរុញឱ្យមន្ត្រីចុះស្រង់ទិន្នន័យស្ថិតិនៃមន្ទីរផែនការខេត្តតាកែវទាំងអស់ ត្រូវតែយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន និងការអនុវត្តការងារចុះស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋប្រកបដោយភាពហ្មត់ចត់ជានិច្ច។ ឯកឧត្តម មានប្រសាសន៍បន្តថា នាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ នៃក្រសួងផែនការបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា មានតួនាទីប្រមូលនិងចងក្រងទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិ។ ដោយផ្អែកលើផ្នែកប្រជាពលរដ្ឋ សន្តិសុខសង្គម សេដ្ឋកិច្ច អប់រំ សុខាភិបាល និងផ្នែកកសិកម្ម ហើយប្រមូលចងក្រងស្ថិតិនៅតាមភូមិសាស្រ្ត តំបន់តូចធំ មួយចំនួនផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍បន្ថែមទៀតថា ​មន្ត្រីទាំងអស់បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ យើងត្រូវតែចុះស្រង់ទិន្នន័យជាក់ស្តែងនៅក្នុងភូមិ ឃុំ របស់ខ្លួន។ ដោយធ្វើការវិភាគ និងចងក្រងទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិទាំងអស់នោះ ដើម្បីធ្វើការផ្សព្វផ្សាយរបាយការណ៍លទ្ធផលទិន្នន័យឱ្យច្បាស់លាស់ជូនខេត្តផងដែរ។ ដើម្បីអនុវត្តន៍ការងារទាំងអស់នេះបាន វាទាមទារឱ្យមន្ត្រីយើងធ្វើការងារដោយយកចិត្តទុកដាក់និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការងារនេះឱ្យបានល្អប្រសើរ និងទទួលបានជោគជ័យ៕

ដោយ អ៊ុច សៀង