លោកជំទាវ ម៉ែន សំអន៖ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃក៏ដោយសារប្រទេសមានសុខសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩– លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃក៏ដោយសារមានបងប្អូនមិត្ដវៀតណាម ជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកជំទាវទទួលជួបសម្ដែងការគួសម ជាមួយ ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គម​និយមវៀត​ណាម និងគណៈ ប្រតិភូ ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ៣៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។

ក្នុងជំនួបនោះ ឯកឧត្តម ជឿង ហ័រប៊ីញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​បានអនុញ្ញាតឱ្យឯកឧត្តមនិងប្រតិភូបានចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែល​ឯកឧត្តម​ មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម​ បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឱ្យចង់រស់នៅនិងស្នាក់អាស្រ័យ ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានកោតសសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយ រក្សាបាននូវស្ថានភាពសេដ្ឋកិច្ចបានយ៉ាងល្អ ដែលការអភិវឌ្ឍទាំងនោះគឺមិនអាចកាត់ ផ្តាច់បានពីចំណងសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការ​ដឹកនាំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន​នេះ​កម្ពុជា​​ទទួល​បាន​នូវស្ថិរភាព សន្ដិសុខ​ និង​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​វិស័យវិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍​​។ ដោយ​ឆ្លង​កាត់កំណែទម្រង់ជាច្រើន ជាពិសេសកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែ​​ទម្រង់​រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្នុងរយៈ​ពេល​២០​ឆ្នាំ​​ចុងក្រោយ​នេះ ប្រទេសកម្ពុជាមាន​កំណើន​​​​សេដ្ឋកិច្ច​​ជា​មធ្យមប្រមាណ​៧ភាគរយ ដែលនាំឱ្យ ចំណូល របស់​ប្រជាជន​​​ទូ​ទាំង​ប្រទេស​កាន់តែមាន ភាពប្រសើរឡើង ដែល​អាច​ឈាន​ឆ្ពោះ​​ទៅជា​ប្រទេស​​​ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ចំណូលខ្ពស់​នៅ​ឆ្នាំ២០៥០​។

លោក ជំទាវបានបន្ដថា កម្ពុជាបាន និងកំពុង ពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និង​មិត្តភាព​ជាមួយ បណ្តា​ប្រទេសនានាលើសកលលោក ជាពិសេសប្រទេសក្នុងតំបន់។ ដោយ​ឡែកជាមួយវៀតណាម ប្រទេសយើងទាំងពីរ​មានចំណង មិត្តភាព​ជា​ប្រពៃណី និងជា យុទ្ធសាស្ត្រ ជាយូរយារណាស់មកហើយ។ យើង​ជាបងប្អូនផង ជាអ្នកជិតខាង​ដ៏​ជិត​ស្និទ្ធ​ផង ដោយមានទំនាក់ទំនងការទូតរយៈពេល ៥២​ឆ្នាំមកហើយ។ យើងបាន​រួម​​​គ្នា​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​សត្រូវរួម និងបានរំដោះប្រទេស​ឱ្យរួចផុតពី​នឹមអាណានិគមនិយម និង​ចក្រពត្តិ​និយម និង​ទទួលបាន​ឯករាជ្យ​ ការបង្រួបបង្រួមជាតិពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។ វៀត​ណាម​​បានផ្តល់​ការឧបត្ថម្ភ និង​គាំទ្រ​កម្ពុជា​លើគ្រប់វិស័យ រួមមាន៖ ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍ វិនិយោគ ​និងការបណ្តុះបណ្តាល​ធនធានមនុស្ស។ វៀតណាមបាន​ជួយ​កម្ពុជា​​​​ក្នុង​ពេល​កម្ពុជាមានការលំបាក ជាពិសេស​បានជួយ​រំដោះ​​​កម្ពុជាឱ្យរួចផុត​ពីរបបប្រល័យពូជសាសន៍ប៉ុល​​​ពត និង​កសាង​សន្តិភាព​នៅ​កម្ពុជារហូតដល់សព្វថ្ងៃ ។

លោកជំទាវក៏បានថ្លែងអំណរគុណ ​ចំពោះ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែលបាន​ជាប់​ឆ្នោតជា​សមាជិក ​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ     ​ស​​ម្រាប់​​អាណត្តិ​ឆ្នាំ​២០២០​-២០២១​ ​ដែលបញ្ជា​ក់ ពី​កា​​​រគាំ ទ្រ​របស់​ពិភព​លោក​ចំពោះតួនាទី​ និ​ងការចូល​រួមចំណែក​ដ៏សំខាន់​របស់​វៀត​ណាមនៅ​ក្នុងកិច្ចខិត​ខំ ប្រឹង​ប្រែងដោះ ស្រាយបញ្ហាតំបន់ ​និងពិភពលោក ៕

ដោយ សួស សំរិត