ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅកម្ពុជាចាប់ផ្តើមពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមាន កីឡាករ កីឡាការិនី ២៤ប្រទេសចូលរួម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ លើកទី៦ ឆ្នាំ២០១៩ ដែលគ្រោងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ជាក់ថា ការប្រកួតនេះគឺសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានរៀបចំវិញ្ញាសាសរុបចំនួន ៤៤វិញ្ញាសា ដោយមានកីឡាករ កីឡាការិនី ២៤ប្រទេសចូលរួម ហើយក្នុងនោះម្ចាស់ផ្ទះ កម្ពុជាបានត្រៀមកីឡាករ កីឡាការិនីចំនួន២៥នាក់ ចួលរួមប្រកួតប្រជែងដណ្ដើមមេដាយ ប៉ុន្តែបណ្តាប្រទេសដែលចូលរួមមិនអាចដាក់ប្រកួតទាំង ៤៤វិញ្ញាសាបានទេ។ ចំពោះម្ចាស់ផ្ទះកម្ពុជាបានត្រៀមប្រកួតជិត៣០វិញ្ញាសា​ ខណៈការរំពឹងទុកមេដាយមាស ប្រាក់ និងសំរឹទ្ធិ ឯកឧត្តមមិនហ៊ាន សន្យាទុកមុនទេ ដោយសារតែបច្ចុប្បន្នកីឡាករ កីឡាការិនី នៃបណ្តាប្រទេសនានាសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា។

ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កម្រិតពិភពលោក គឺជារឿងលំបាកមួយដែលយើងត្រូវខិតខំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ការទទួលបដិសណ្ឋារកិច្ច ការទទួលអាហារ ស្នាក់នៅរបស់ក្រុមប្រតិភូ អត្តពលិកឱ្យបានសមរម្យ ដែលក្រសួងអប់រំ យុវជន និងកីឡានឹងជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ក្នុងការរៀបចំនេះ ខណៈសហព័ន្ធវ៉ូវីណាមកម្ពុជានឹងត្រូវទទួលបន្ទុកលើផ្នែកបច្ចេកទេស។ ម្ចាស់ផ្ទះកម្ពុជានឹងទទួលបន្ទុកលើការទទួលអាហារ ស្នាក់នៅរបស់មន្ត្រីគណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលនៃសហព័ន្ធវ៉ូវីណាមពិភពលោក និងថ្នាក់ដឹកនាំប្រតិភូមកពីបណ្តាប្រទេសនានា។ រីឯអត្តពលិកតម្រូវឱ្យបង់ថវិកា សម្រាប់សិទ្ធិប្រកួត ដើម្បីទ្រទ្រង់ដល់កម្មវិធីប្រកួតនេះ។

សូមរំឭកថា កាលពីព្រឹត្តិការណ៍ជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០១៧ កន្លងទៅ នៅប្រទេសឥណ្ឌា គឺសហព័ន្ធវ៉ូវីណាមពិភពលោកបានកំណត់នូវវិញ្ញាសាជាទូទៅមានចំនួន៤៤ដែរ ដោយមានអត្តពលិកមកពីគ្រប់ទ្វីបប្រមាណ៣០០នាក់ ហើយពេលនោះកម្ពុជាដណ្តើមបានមេដាយមាសចំនួន៤ វិញ្ញាសា៕

ដោយ ហេង ណាលីន