ឯកឧត្តម​ សៅ​ សុភាព​ ទទួល​ជួបពិភាក្សាការងារ​ ជាមួយគណៈ​ប្រតិភូ​សភាខេត្ត​ហ្វូជាន​ប្រទេស​ចិន​

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — នាថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ឡី ជូនម៉ី Lei Chunmei សមាជិកអចិន្ត្រៃយ៍សភាខេត្ត ហ្វូជាន (Fuijian) នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា ជំនួបនេះក្នុងគោលបំណងសិក្សាឈ្វេងយល់ បន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាង ក្រសួង អេកូឡូស៊ី និងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាខេត្ត ហ្វូជាន និងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្អប្រសើរ។

ប្រភពខាងលើឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចពិភាក្សា ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យបរិស្ថានមានដូចជា ៖ ១. MOU រវាង ក្រសួងអេកូឡូស៊ី និងបរិស្ថានចិន និងក្រសួងបរិស្ថានកម្ពុជា នាទីក្រុងប៉េកាំង ក្នុងឆ្នាំ២០១៥។ ២. MOU ក្នុងខែតុលា ឆ្នាំ២០១៨ បង្កើតការិយាល័យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នាទីស្តីការក្រសួងបរិស្ថាន ។ ៣. ជំនួយឧបត្ថម្ភឧបករណ៍វិភាគគុណភាពខ្យល់ , ភ្លើងបំភ្លឺផ្លូវដោយផ្ទាំង Solar , កង់ប្រើអាគុយ ..ជាដើម ។

លោកជំទាវ ឡី ជូនម៉ី Lei Chunmei បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា មានទីតាំងភូមិសាស្ត្រក្បែរគ្នា និងមានសម្ព័ន្ធមិត្តជា

មួយគ្នាជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ រីឯខេត្ត ហ្វូ ជាន (Fuijian) ក៏ជាខេត្តអភិរក្សបរិស្ថានលេខ ១ ទូទាំងប្រទេសចិនផងដែរ។ លោកជំទាវ ក៏បានស្នើសុំឱ្យប្រតិភូក្រសួងបរិស្ថានបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត ហ្វូជាន ដើម្បីសិក្សាឈ្វេងយល់ ក៏ដូចជាបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ទៅលើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។

ឯកឧត្តម សៅ សុភាព បានថ្លែងអំណរគុណ ព្រមទាំងមានសេចក្តីសោមនស្សរីក រាយ នឹងពាំនាំការស្នើនេះជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ