រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំឱ្យវៀតណាមបញ្ជូនអ្នកបច្ចេកទេសផ្នែកបង្កើនគុណភាពរូបថត ដើម្បីផ្តល់ប្រឹក្សាយោបល់ និងបង្រៀនអំពីការបង្កើនគុណភាពរូបថត

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩​ — នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ដែលដឹកនាំដោយ លោក Le Quoc Minh អគ្គនាយករងទីភ្នាក់ងារសារ​ព័ត៌មានវៀត​ណាម VNA នៅទីស្តីការក្រសួង ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សន កិច្ចការងារនៅកម្ពុជា។ឯកឧត្តម ខៀវ កាញារីទ្ធ  រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្វាមគមន៍ចំពោះការជជែកគ្នា នៅក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូទីភ្នាក់ងារសារព័ត៌មានវៀតណាម  VNA ជា​មួយទីភ្នាក់​ងារសារព័ត៌មានកម្ពុជា “AKP” កាលពីថ្ងៃទី១១ ខែធ្នូ នៅទីស្តីការក្រសួងព័ត៌មាន ប្រកប​ដោយ លទ្ធផលផ្លែផ្កាជាវិជ្ជមាន។ បន្ថែមពីលើនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បាន ស្នើឱ្យទីភ្នាក់ងារសារព័ត៌​មានវៀតណាមVNA ជួយបញ្ជូនអ្នកបច្ចេកទេសជំនាញ ខាងគុណ ភាពរូបថត ដើម្បីមកពិនិត្យមើល និងជួយប្រឹក្សាយោបល់ និងបង្រៀនដល់មន្ត្រីរបស់យើងខ្ញុំ ជួយកែសម្រួ​លបញ្ជាធ្វើយ៉ាងណាឱ្យគុណភាពរូបថតបានល្អ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាលំបាកទីពីរ  គឺបញ្ហាបោះពុម្ព យើងខ្ញុំមាន ម៉ាស៊ីនបោះពុម្ពល្អគ្រាន់បើ ដែលជាជំនួយរបស់មិត្តវៀតណាម ជាម៉ាស៊ីនបោះពុម្ពបានពីរ ពណ៌ ហើយម៉ាស៊ីនរបស់កម្ពុជាផ្ទាល់មានមួយ គឺបោះបានបួនពណ៌។  ការបោះផ្សាយ ទស្សនាវដ្តីជាភាសាខ្មែរ ការសរសេរអត្ថបទព័ត៌មានរបស់បងប្អូននៅទីនេះល្អហើយ ប៉ុន្តែនៅ តែគុណភាពរូបថតមិនឡើងសោះ អីចឹង ហើយបានជាចង់អញ្ជើញឱ្យមិត្ត វៀតណាម ដែលមានជំនាញបច្ចេកទេសខាងគុណភាពរូបថត សុំបញ្ជូនមកពិនិត្យមើល ដើម្បីប្រឹក្សា យោបល់ និងបង្រៀនដល់មន្ត្រីរបស់យើងខ្ញុំ ដើម្បីជួយកែសម្រួលបញ្ជាធ្វើយ៉ាងណាឱ្យ គុណភាពរូបថតបានល្អជាងមុន។

ឯកឧត្តម​រដ្ឋមន្ត្រីបន្តថា នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី អាគ្នេយ៍បន្ទាប់ពីវៀតណាម ហើយឯកឧត្តមសង្ឃឹមថា ខាង VNA វៀតណាមនឹងជួយការងារ យើងខ្ញុំផ្នែកបច្ចេកទេស ដើម្បីរៀនសូត្រអំពីការបង្កើនគុណភាព រូបថតបោះពុម្ពនេះ ឱ្យទាន់ព្រឹត្តិការណ៍ស៊ីហ្គែមនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមកតែងបាន ជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា។ ការរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់ បានពីការជួយរបស់មិត្តវៀតណាមបានឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន ជូនពរឱ្យមិត្តភាព របស់យើងកាន់តែរីកចម្រើន និងជូនពរដល់កិច្ចសហប្រតិបត្តិការរវាង VNA ជាមួយ AKP កាន់តែរីកធំធាត់ដើម្បីផលប្រយោជន៍ប្រទេសយើងទាំងពីរផងដែរ។

ក្នុងជំនួបនោះ លោក  Le Quoc Minh អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ពាក់ព័ន្ធនឹងសំណើសុំឱ្យ វៀតណាម ជួយបណ្តុះបណ្តាលអ្នកបច្ចេកទេស រចនា ការបោះពុម្ព ផ្សាយផ្សេងៗ និងស្នើសុំឱ្យមាន ការផ្លាស់ប្តូរអ្នកកាសែតរវាងភាគីទាំងពីរ។ លោក LE Quoc Minh  បានចាត់ទុកជំនួបជា មួយឯកឧត្តមរដ្ឋមន្ត្រី និងទីភ្នាក់ងារសារព័ត៌មាន “AKP” ថាពិតជាមានសារៈសំខាន់សម្រាប់ លើកកម្ពស់ធនធានមនុស្ស ហើយនៅពេលដែលលោកត្រឡប់ទៅវិញ លោកនឹងធ្វើ របាយការណ៍ជូនថ្នាក់ដឹកនាំវៀតណាមអំពីសំណើនេះ។

លោកបានបន្តថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា AKP និងទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA  នឹងធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវគោលនយោបាយ ក៏ដូចជាទិសដៅរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីឱ្យប្រជាជនបានយល់។

លោក LE Quoc Minh  បានបញ្ជាក់ថា លោកមិនស្ទាក់ស្ទើរនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីគឺ វៀតណាម ឡាវ និងកម្ពុជា ត្រូវតែបន្តនូវកិច្ចសហប្រតិបត្តិការនេះ។ ជាពិសេសវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សា នាព្រឹកនេះបានបង្ហាញឱ្យឃើញ ពីការគាំទ្ររបស់រដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរប្រកប​ដោយ​ផ្លែផ្កា៕

ដោយ ប៉ាល់ សុង