ក្រសួងសាធារណការបណ្ដុះបណ្ដាលស្ដីពីវិធានជួយសង្គ្រោះជនរងគ្រោះ និងហានិភ័យ​ នៃ​ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដល់សិស្សានុសិស្ស ក្នុងខេត្ដបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៩ — ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនម៉ូតូហុងដា និងអង្គការ​ខេម​សែហ្វ (CAMSAFE) រួមជាមួយដៃគូពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរ​ប្រកប​ដោយសុវត្ថិភាព វិធានជួយសង្គ្រោះជនរងគ្រោះ និងហានិភ័យនៃការបើក​បរ​​​ក្រោម​ឥទ្ធិពល​នៃគ្រឿងស្រវឹង” ដល់សិស្សានុសិស្ស នៃវិទ្យាល័យនេតយ៉ង់។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើ​ឡើង នៅវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់​ដំបង ខេត្តបាត់ដំបង។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ សម្រាប់ខេត្ត​បាត់ដំបង នឹង​ធ្វើ​​ឡើង​នៅ​គ្រឹះស្ថានសិក្សាចំនួន៣ទីតាំង រួមមាន វិទ្យាល័យនេតយ៉ង សាកលវិទ្យាល័យបាត់ដំបង និង​សាកលវិទ្យាល័យUME ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ផងដែរ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក  នៃក្រសួង​សាធារណ​ការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចម្បង ដែលទាមទារឱ្យមាន ការដោះស្រាយបន្ទាន់ ខណៈចំនួនអ្នក​ស្លាប់​ដោយគ្រោះថ្នាក់ចរាចរលើពិភពលោក នៅតែ​មានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាង​ខ្លាំងដែលមានចំនួនប្រមាណ១​​,៣៥លាននាក់ ជារៀង​រាល់ឆ្នាំ។ លោកបានបន្ដថា គ្រោះថ្នាក់​ចរចរបានក្លាយជាបញ្ហាចម្បងទី១ក្នុងសកល​លោក ដោយបានឆក់យកជីវិតមនុស្សមានអាយុ​ចន្លោះពី៥-២៩ឆ្នាំ។ ជាមួយគ្នានេះ ប្រមាណ​៥០​ភាគរយ នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នក​ថ្មើរជើង និងអ្នកជិះកង់។ លោកក៏បានអំពាវនាវដល់​យុវជន​​ទាំងអស់ ត្រូវធ្វើជាគំរូក្នុងការគោរព​ច្បាប់របស់ប្រទេសជាតិយើងដែលផ្តើមពីច្បាប់ស្តីពី​ចរា​ចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះ​ថា​សកម្មភាពរបស់យើងក្នុងការគោរព និង​អនុវត្តន៍​​ច្បាប់ គឺបានបង្ហាញយ៉ាងច្បាស់អំពី ឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាង​ជាក់​ស្តែង។

បើតាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បា​នបង្ហាញ​ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅ​លើ​ដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួស​ចំនួន​១,៤៩៤​នាក់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកពី​បើកបរ​ល្មើស​ល្បឿនកំណត់ ៣៣ភាគរយ, ការមិនគោរពសិទ្ធិអាទិភាព ២៧ភាគរយ, ការមិនប្រកាន់​ស្តាំ ១៣ភាគរយ, ការវ៉ាជែង ១០ភាគរយ, ការបត់ ៩ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយាន្ត​យន្ដ ៣ភាគរយ និងងងុយ១ភាគរយ។ បើប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់​ចរា​ចរណ៍​កើនឡើងចំនួន៣២ភាគរយ ដែលក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០ភាគរយ គឺជាអ្នកបើកបរម៉ូតូ។

ក្រៅពីនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា អង្គការ APISWA ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន HONDA អង្គការ​ខេមសែហ្វ ជាមួយ​នឹងដៃគូសំខាន់នានា រួមសហការរៀបចំឡើងនៅយុទ្ធនាការអប់រំ​ផ្សព្វ​ផ្សាយ និងវគ្គ​បណ្ដុះ​បណ្ដាលដ៏សំខាន់ទាំងនេះឡើងផ្ដោតសំខាន់លើអ្នកប្រើប្រាស់​ផ្លូវដែល​ងាយរងគ្រោះ ដូចជា យុវជន អ្នកបើកបរទោចក្រយានយន្ដ។ល។ យុទ្ធនាការអប់រំផ្សព្វផ្សាយ និង​វគ្គបណ្ដុះបណ្ដាល​ស្ដីពីការបើកបរម៉ូតូប្រកបដោយសុវត្ថិភាព​ ការសង្រ្គោះជនរងគ្រោះ ដោយគ្រោះថ្នាក់​ចរា​​ចរណ៍ និង​កត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្ស​និស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាមបណ្ដាដងផ្លូវសំខាន់ៗ​ គឺជាកិច្ច​គាំទ្រ​ដល់ការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវផែនការសកម្ម​ភាព​ជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវគោក២០១១-២០២០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះ​ថ្នាក់ចរាចរលើ​ដង​ផ្លូវក្នុងប្រទេសកម្ពុជា៕

ដោយ ប៊ុនរិទ្ធ