អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា ករណីបម្លាស់ទីពលរដ្ឋវៀតណាមពីលើផ្ទះបណ្តែតទឹក​មកលើដីគោកវិញ មិនប៉ះពាល់ដល់សន្តិសុខជាតិនោះទេ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — ករណីបម្លាស់ទីពលរដ្ឋវៀតណាមដែលរស់នៅលើផ្ទះបណ្តែតទឹកមកលើដីគោកវិញ ក្លាយ​ជាប្រធាន​បទមួយដ៏ចាប់អារម្មណ៍សម្រាប់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដោយអ្នកខ្លះ​បារម្ភ​ថា​អាជ្ញាធរកម្ពុជានឹងកាត់ដីឱ្យពលរដ្ឋវៀតណាមដែលនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ​ជាតិ។ ត្រង់​ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា អ្វីដែលអាជ្ញាធរធ្វើនេះ​នឹងមិន​ធ្វើឱ្យ​ប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះ​បណ្ដែត​ទឹក ឱ្យឡើងរស់នៅលើគោកវិញនៅលើផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង កាលពី​ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជ រដ្ឋាភិបាលបានលើកឡើងថា ការបារម្ភទៅលើសន្តិសុខជាតិជុំវិញការបម្លាស់ទី​ពលរដ្ឋវៀត​ណាម​មកលើដីគោកវិញនេះ តាមរយៈការបង្កើតភូមិសម្រាប់ពួកគាត់មករស់នៅនោះ គឺមិន​ប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។ ឯកឧត្ដមបានបញ្ជាក់ថា ការមិនប៉ះពាល់គឺ​ដោយសារ​តែ​ប្រព័ន្ធនៃការគ្រប់គ្រងអ្នកទាំងនោះដោយសារតែច្បាប់របស់កម្ពុជា ហើយអ្នក ដែលគ្រប់គ្រង​គឺកម្ពុជាដែលមានអាជ្ញាធរដែនដី រួមមានមេភូមិ មេឃុំ នៅកន្លែងនោះ។

ឯកឧត្តម ផៃ ស៊ីផាន បានអះអាងដែរថា អ្នកណាក៏ដោយឱ្យតែផ្តល់ប្រយោជន៍ដល់ខ្មែរ ផ្តល់មោទនភាពដល់ខ្មែរ អ្នកនោះគឺជាកូនខ្មែរ មិនថាអ្នកហ្នឹងកើតពីកូនអ្នកណានោះទេ។ ឯកឧត្ដម​បានបន្ថែមថា រាជរដ្ឋាភិបាលមិនដែលបង្កើតឱ្យមានការរើសអើងពូជសាសន៍​នោះ​ទេ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នករស់នៅ​ក្នុង​ផ្ទះបណ្តែតទឹកលើដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង សរុបទាំងអស់ មានចំនួន៤,៥៦៣គ្រួសារ ដោយក្នុងនោះ មានទាំងខ្មែរ ខ្មែរ-អ៊ិស្លាម និងវៀតណាម។ របាយការណ៍ បង្ហាញតួលេខ​លម្អិតថា ខ្មែរមានចំនួន២,០១០គ្រួសារ ស្មើនឹង៩,១៦៨នាក់, ខ្មែរ-អ៊ិស្លាម មានចំនួន​៧៣​គ្រួសារ ស្មើនឹង២៤២នាក់។ ឯវៀតណាម មានចំនួនដល់ទៅ២,៤៨០គ្រួសារ ស្មើនឹង​១០,៣១១នាក់។ សម្រាប់ពួកគេទាំងអស់នោះ នឹងត្រូវចូលទៅរស់នៅលើតំបន់ថ្មីនោះ ដែល​ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំពោះជន​អន្តោ​ប្រវេសន៍​វៀតណាមទាំងអស់នេះ ភាគច្រើនកើតនៅខេត្តកំពង់ឆ្នាំងពីសង្គមចាស់។ បច្ចុប្បន្ន ពួកគេ មានសំណុំឯកសារ និងលក្ខណៈសម្បត្តិ ដែលទទួលស្គាល់ដោយស្ថាប័ន​មាន​សមត្ថកិច្ច ជាជនអន្តោប្រវេសន៍ ដែលអាចរស់នៅក្នុងប្រទេសកម្ពុជា ដូចប្រទេសនានាលើ​ពិភពលោកដែរ។ ជុំវិញការការបម្លាស់ទីនេះដែរ អាជ្ញាធរខេត្តកំពង់ឆ្នាំងថា គឺដើម្បីរៀប​ចំការរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមាននិរន្តរភាព ស្របតាមច្បាប់ភូមិបាល, ដើម្បីថែរក្សា​បរិស្ថានទន្លេសាប ធនធានធម្មជាតិ និងជីវៈចម្រុះ, ដើម្បីពង្រឹងការថែរក្សាសន្តិសុខ និង សុវត្ថិ​ភាពសាធារណៈ ដើម្បីចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេស ធនធាន​ជលផល៕

ដោយ ចាន់ សុធីវង្ស