ក្រុមកីឡាករ កីឡាការិនីកម្ពុជាវិលត្រឡប់ដល់មាតុប្រទេសវិញជាបន្តបន្ទាប់ ក្រោយបញ្ចប់បេសកកម្មស៊ីហ្គេម

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — ក្រុមប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាលើ៥ប្រភេទកីឡាបានវិលត្រឡប់​មកដល់​មាតុប្រទេសរបស់ខ្លួនវិញជាបន្តបន្ទាប់ ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួម​ប្រកួត​ប្រជែង មេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅក្នុងបេសកកម្មស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាង​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា បានទៅទទួលស្វាគមន៍ដំណើរនិវត្តន៍​ប្រតិភូ កីឡាកាយសម្ព័ន្ធ វាយសី ហែលទឹក ការ៉ាតេ ប្រដាល់ និងតេក្វាន់ដូWT ត្រឡប់ពីការប្រកួ​ត​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន ដោយបាននាំមកនូវមេដាយមាស១ ប្រាក់២ដោយប្រភេទកីឡាតេក្វាន់ដូ មាស១ ប្រាក់៣ និងប្រដាល់សកល សំរឹទ្ធិ៥​មកជូនជាតិ​មាតុភូមិ។ ជាមួយគ្នានេះ បើសរុបជារួម គឺប្រភេទកីឡាចំនួន១០ ក្នុងចំណោម៣១ប្រភេទ​កីឡា​របស់កម្ពុជាដណ្តើមបានមេដាយសរុប៤៦គ្រឿង ក្នុងនោះមាស៤ ប្រាក់៦ និងសំរឹទ្ធិ​៣៦។ ចំពោះ​ប្រតិភូប្រភេទកីឡាផ្សេងៗទៀត ដែលវិលត្រឡប់ទៅដល់មាតុប្រទេសវិញ​ជា​បន្ត​បន្ទាប់​នោះក៏ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកក្រសួងអប់រំ យុវជន និង​កីឡា​ដូចៗគ្នាផងដែរ។

ក្រុមប្រតិភូកីឡាកម្ពុជានៅសល់តែ២ក្រុមទៀតប៉ុណ្ណោះ ដែលនឹងត្រូវហោះហើរមក​កាន់​មាតុ ប្រទេសវិញ ចំនួន២ថ្ងៃផ្សេងគ្នា គឺក្រុមបាល់ទាត់​U22កម្ពុជា រួមទាំងមន្ត្រីអត្តពលិក​មួយចំនួន​ទៀត ដែលចូលរួមពិធីបិទការប្រកួតយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ​នឹងត្រូវវិល​ត្រឡប់​នាយប់ម៉ោង១២យប់ នៅថ្ងៃទី១២ ខែធ្នូនេះ រីឯ១ក្រុមចុងក្រោយ គឺក្រុមស្រាវជ្រាវ​ពិធីបើក-ពិធីបិទការប្រកួតនៃគណៈកម្មការវប្បធម៌ និងក្រុមពត៌មាន និងផ្សព្វផ្សាយនៃ​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ២០២៣ (CAMSOC) នឹងត្រូវវិលត្រឡប់ដល់វេលាម៉ោង១២យប់ដូចគ្នា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩៕

ដោយ ហេង ណាលីន