ឯកឧត្តម​ ឥត ​សារ៉ា​ត់​ អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​កង​ទ័ព​ភូមិន្ទ​ថៃ ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ​ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​កង​ទ័ព​ភូមិន្ទ​ថៃ ដែល​​ដឹក​នាំដោយឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ភី​រោជ​ វី​ឡៃ​លុគ​ (Piroach​ Vi​lai​lug​​)​ នាយ​ក​ នាយក​ដ្ឋាន​កិច្ច​ការ​ព្រំ​ដែន​កងទ័​ព​ភូមិន្ទ​ថៃ ​ចូល​ជួបសម្តែងការគួរសម ​និងពិភាក្សា​ការ​ងារ​កាល​ពី​​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​នា​ទី​ក្រុង​ភ្នំពេញ ក្នុង​ឱកាស​​ដែល ឯកឧត្តមអញ្ជើញ​មក​បំពេញ​ដំណើរទស្សនកិច្ច​ការ​ងារ​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​។

ជំនួប​នា​ពេល​នោះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួស​មុខ​ឱ្យថ្នាក់ដឹកនាំ​ក្រសួង ការពារជាតិ​ និ​ងអគ្គ​មេ​បញ្ជាការ​ នៃកងយោធពលខេមរ​ភូមិន្ទ​ បាន​សម្ដែងការស្វាគមន៍​ និង​ជម្រាប​ជូន​សង្ខេបអំពីស្ថានការណ៍​ទូ​ទៅ​នៅកម្ពុជា ​ពិសេស​កម្ពុជា​ និង​ថៃ ​ដែល​ទើបតែបាន ធ្វើការ​បោះឆ្នោត​រួច​ ប្រកប​ដោយ​ជោគ​ជ័យ ​និង​តម្លាភាព​។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តទៀតថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​យើង​ទាំង​ពីរ​ មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ ប្រជាជន​យើង​ទាំង​ពីរ​ រ​ស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទទួល​បាន​សុខ​សន្តិភាព​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខ​ឱ្យថ្នាក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កងយោធពលខេមរ​ភូមិន្ទ​ បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​ភាគី​ថ្នាក់​ដឹក​នាំ​ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​តាម​រយៈ​ប្រតិភូ ​ដែល​កន្លង​មក​បាន​ទទួល​យកសិក្ខាកាមកម្ពុជា​ ទៅ​បណ្ដុះបណ្ដាលលើជំនាញប្រឆាំងភេរវកម្មនៅប្រទេសថៃ ហើយតាមរយៈនៃ​កិច្ចប្រជុំថ្នាក់​នាយ​ទាហាន​សេនា​ធិការ​ចម្រុះ ​រវា​ងក្រុម​ការងារ សេនា​ធិការ​ចម្រុះ ​អគ្គមេបញ្ជាការ​នៃកងយោធពលខេមរ​ភូមិន្ទ​ ជា​មួយ​នឹង​ក្រុម​ការ​ងារ​នាយ​ទាហាន​សេនាធិការ​ចម្រុះកង​ទ័ព​ភូមិន្ទថៃ​ នៅ​ខេត្តសៀមរា​ប នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក គឺបានទទួលលទ្ធផល​ជោគ​ជ័យ​ និង​មាន​ភាព​​​យោគ​យល់​គ្នា​​។

ឧត្តមសេនីយ៍ឯក​ ភីរោជ​ វីឡៃលុគ ​បាន​សម្ដែង​នូវ​អំណរគុ​ណ ចំពោះការ​ទទួល​បដិសណ្ឋារកិច្ច​ និង​ការ​បញ្ជាក់​អំពី​ស្ថា​នការណ៍​នយោបាយ​នៅ​កម្ពុជា ​ជូន​ដល់​លោកបានកាន់​តែ​យល់​ច្បាស់​។ ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​សម្តែង​នៅអំណរគុណ​ផង​ដែរ​ ចំពោះ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​របស់​កងយោធពលខេមរ​ភូមិន្ទ​ ពិសេស​នាយ​ឧត្តមសេនីយ៍​ ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ដែល​រហូត​មក​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ពង្រឹង​ ពង្រី​ក​ចំណងទាក់​ទង​ក្នុង​ការរឹតចំណង​សាមគ្គីភាព​មិត្ត​ភាព​ រវា​ងរាជ​រដ្ឋាភិបាល​ ប្រជាជន ​និង​កង​ទ័ព​ភូមិន្ទ​ថៃ ​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល ​ប្រជាជន​ និង​កង​យោធ​ពលខេមរ​ភូមិន្ទ​ឱ្យកាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​។

ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​សម្តែង​នៅ​ការ​កោត​សរសើរ​ចំពោះកិច្ច​សហប្រតិបត្តិការ​ល្អ ​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​អគ្គមេបញ្ជាការ ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ថៃ ​និង​កម្ពុជា​​។ ​ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏​បាន​ស្នើ​សុំយោបល់​ និង​ការ​អនុញ្ញាត​សម្រេច​ ពី​ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ អំពី​ការ​រៀប​ចំ​នៃ​កិច្ចប្រជុំ​ថ្នាក់​នាយ​ទាហាន​សេនាធិការ​ចម្រុះ​ថៃ​-កម្ពុ​ជា ដែល​យើង​បាន​ដំណើរ​ការ​ធ្វើ​ផ្លាស់​ប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់​ផ្ទះ​ ​រៀង​រាល់​១​ឆ្នាំ​ម្តង​ ​​ដើម្បី​បង្កើន​ទៅ​ជា​កម្រិត​ថ្នាក់​អគ្គ​មេ​បញ្ជាការ​ មុន​នឹង​ចូល​ដល់​កិច្ច​ប្រជុំ​GB​A​ ថ្នាក់​របស់​មន្ត្រី​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ ភីរោជ វីឡៃលុគ ​ក៏បាន​ស្នើសុំ​ផង​ដែរ​ ដល់​ឯកឧត្តម​ អគ្គមេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ភាគី​កម្ពុជា​ នៅ​រាល់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ សូម​ឱ្យ​មាន​ការ​ពង្រឹង​ពង្រីក​ និង​ចូល​រួម​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅម​ក​ ដាក់​បញ្ចូល​កម្ម​វិធី​បង្ហាញ​អំពី​វប្បធម៌ ​ការ​សម្ដែង​សិល្បៈ ​និង​កីឡា ​រួមទាំង​ការ​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​ ឬ​បុណ្យក​ឋិនទាន​ ក្នុ​ងមួយ​ឆ្នាំ​ម្ដង​ទៅ​កាន់​ប្រទេស​ថៃ ​ឬ​កម្ពុជា ​ដូច​ដែល​កម្ពុ​ជាធ្លាប់​បាន​ធ្វើ​ជា​មួយ​ប្រទេស​វៀត​ណាម​ និង​ឡាវ​​។​

ជា​​កា​រ​ឆ្លើយ​តប​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​បញ្ជា​ក់ថា​ តាម​ពិត​ទៅ​កម្ពុជា​ និង​ថៃ ​ពាក់​ព័ន្ធ​អំពី​វប្បធម៌​ សិល្បៈ ​និង​កីឡា ​ភាគី​យើង​ទាំង​ពីរ​តែង​តែបា​ន​ធ្វើ​ជា​ញឹក​ញាប់ ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-ថៃ ​រវាង​អង្គភាព​កង​យោធពល​ខេមរ​ភូមិន្ទ ​ដែលឈ​រ​ជើង​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ ​ក្នុង​ការ​ពង្រឹង​ពង្រីក​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព មិត្តភាព សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដើម្បីពង្រឹង​បាន​ព្រំ​ដែន​សន្តិភាព​ រវាង​ប្រទេសទាំងពីរ​។ ប៉ុន្តែ​ការ​បង្ហាញ​អំពី​វប្បធម៌ ​ការ​សម្តែង​សិល្បៈ ​និង​កីឡា​ ក្នុង​ពេល​ផ្លាស់​ប្ដូរ​ប្រតិភូ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​ យើង​ពុំ​ដែល​មាន​មែន​ ប៉ុន្តែ​ឯកឧត្តម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនា​ធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​បាន​ឯកភាព​ចំពោះ​សំណើនេះ​ ហើយ​សន្យា​ថា​ នឹង​នាំ​សំណើ​នេះ​ ដើម្បី​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​សម្រេច​ និ​ង​អនុម័ត ​៕

ដោយសំ សាម៉ន