រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី អញ្ជើញចូលរួម​ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុជូនសម្បទានិក ចំនួន ៩០៦ គ្រួសារ នៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានអញ្ជើញជាអធិបតី​នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន​សម្បទានិកចំនួន ៩០៦ គ្រួសារ ស្មើនឹង ១.៥០៦ ប័ណ្ណ ដែលក្នុងនោះជូនសម្បទានិក​គម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ចំនួន ៧៣២ គ្រួសារ ស្មើនឹង ១.១៧៩ ប័ណ្ណ និង ​៤១ប័ណ្ណ សម្រាប់ដីរដ្ឋបាលសាធារណៈ​ដែលស្ថិតនៅភូមិសុខ​សែនជ័យ ឃុំពាម, ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស និងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ទន្ទឹមនេះ ក៏ជូនសម្បទានិកដែល​ជាអតីតកងកម្លាំង​ប្រដាប់អាវុធ និងគ្រួសារចំនួន១៧៤គ្រួសារ ស្មើនឹង ២៧៤ ប័ណ្ណ និងចំនួន ១២ ប័ណ្ណ សម្រាប់ដីរដ្ឋ នៅភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។

ក្នុងពិធីចែកជូនសម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺធ្វើឡើងនៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៩នេះ។ ចំពោះសម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុនេះ នឹងទទួលបានដីលំនៅឋានទំហំ ៣០ គុណ ៤០ម៉ែត្រ និងដីកសិកម្មទំហំ​ ១ ហិចតា ស្មើៗគ្នា។ ​

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គ​ម្រោ​ង LASED ជំហាន២ បាននិងកំពុងអនុវត្តន៍ដោយមានស្ថាប័ន​ទទួល​ខុស​ត្រូវអនុវត្តន៍ចំនួន០៣ រួមមាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោ​ម​ជាតិ, អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកម្ចីរហិរញ្ញប្បទានពីធនាគារពិភពលោកនូវទឹកប្រាក់ចំនួន ២៥លានដុល្លារអាម៉េរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលបន្ថែមចំនួន១.៨៦ លាន​ដុល្លារអាម៉េរិក ដោយត្រូវអនុវត្តន៍​រយៈពេល៥ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០២១។ គម្រោងនេះ ត្រូវអនុវត្ដន៍​នៅក្នុង​​​ខេត្តគោលដៅចំនួន០៥ រួមមាន​៖ ​​ខេត្តកំពង់​ស្ពឺ,  កំពង់ឆ្នាំង, កំពង់ធំ, ត្បូងឃ្មុំ និង​​ខេត្តក្រចេះ ក្នុង​​ស្រុក​គោល​ដៅ​​​សរុប​ចំនួន​ ៧ ឃុំគោលដៅ​ និង​មាន​​ទីតាំងដី​សម្បទានសង្គមកិច្ច​​សរុប ​១៤ ​កន្លែង ​​​លើផ្ទៃដី​គ្រោងសរុបប្រមាណ​១៧.០៤២,៨០ ហិកតា និងមាន​អ្នក​​​ទទួលផល​សរុបប្រមាណ ៥.១៤១ គ្រួសារ។

បើគិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ គម្រោងបានបន្តសម្រេចការរៀបចំដីសម្បទាន​សង្គម​កិច្ចក្នុងទីតាំងទាំង ១៤ កន្លែង ​ទំហំ ១៤.១២០,៤ហត និងបានជ្រើសរើសសម្បទានិក​ស្របតាមនីតិវិធីកំណត់ចំនួនប្រមាណ៥.០១០ គ្រួសារ ​ស្មើនឹង៩៩ភាគរយ នៃចំនួនគ្រួសារ​ដែលបានគ្រោងទុកចំនួន​៥.១៤១ គ្រួសារ។ ក្នុងនោះ សម្បទានិកដែលមិន​ទាន់បាន​ចូល​មក​រស់នៅសោះមានចំនួន​៥១៨គ្រួសារ ហើយផ្ទៃដីដែលមិនទាន់បានប្រើប្រាស់សោះ​ដែល​នឹងត្រូវដកហូតយកមកវិញមានទំហំ ៧៥០.៧២ ហិកតា ស្មើនឹង ៩០៤ឡូតិ៍។ ជាមួយគ្នា​នេះ សម្បទានិក​ដែលបានបំពេញគ្រប់លក្ខខណ្ឌ​នៃកិច្ចសន្យា និងស្របតាមអនុក្រឹត្យលេខ ១៩ អនក្រ.ប ចុះថ្ងៃទី ១៩ ​ខែ មីនា ឆ្នំា ២០០៣ និងប្រកាសលេខ ២០០ ដនស.ប្រក ចុះ​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០៣ របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ៣.០០៦ គ្រួសារ ស្មើ ៦០ភាគរយ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥. ០៤០ ប័ណ្ណ។ លើសពីនេះ គិតត្រឹម ឆ្នាំ ២០១៩ គម្រោងបានគាំទ្រហេដ្ឋារចនាសម្ព័ន្ធ​សហ​គមន៍សរុបសម្រេចបាន៧៣ភាគរយ ធៀបនឹងផែនការ៥ឆ្នាំរបស់គម្រោង ដែលក្នុងនោះ​រួមមាន៖​ ១. ផ្លូវគ្រួសក្រហម និងផ្លូវដីសប្រវែង ១៧៣គម​ ២. លូររំដោះទឹកចំនួន ១២៦ កន្លែង​ ៣. សំណង់អគារ សាលារៀនបឋមសិក្សាចំនួន ៨ ខ្នង ប៉ុស្តិ៍សុខភាពចំនួន ៤ ខ្នង  អគារសហគមន៍ចំនួន ១០ ខ្នង​ ផ្ទះគ្រូបង្រៀន និងគិលានុបដ្ឋាកយិការចំនួន ១៣ ខ្នង។ ​ ៤. ការងារសម្អាត និងភ្ជួរដីកសិកម្មបានចំនួន ២.៥៦៥ ហិកតា​ ៥. បង្គោលព្រំដីចំនួន ៥.៧០០។ ៦. ការកសាងប្រព័ន្ធស្រោចស្រព (ទើបបញ្ចប់ការសិក្សា និងដាក់ដេញថ្លៃ) បាន​សង់​អណ្តូងស្នប់ចំនួន ២៥ បានភ្ជួរដីកសិកម្មចំនួន ២.៤៤៧ ហិកតា បានសាងសង់ផ្ទាំង​ស្លាកទីតាំងចំនួន ៩កន្លែង បានសង់ផ្សារសហគមន៍ ចំនួន ២ ខ្នង អាងត្រងទឹកភ្លៀងចំណុះ ៥.០០០ លីត្រ ចំនួន ៤ ទីតាំង។ ទន្ទឹមនេះដែរ គម្រោងក៏បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន ៤០៥ វគ្គ ដោយមានអ្នកចូលរួមចំនួន៣៦.២១២ នាក់ ស្រ្តីចំនួន ២.​៦០៥ នាក់ ព្រមទាំង​បានធ្វើស្រែបង្ហាញ ចំនួន ២៧០ ទីតាំង ដោយផ្តោតលើដំណាំ និងការចិញ្ចឹមសត្វ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានគោលនយោ​បា​យផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកង​កម្លាំងប្រដាប់​អាវុធនិងគ្រួសារ ដោយអនុវត្តន៍តា​មសេចក្តីថ្លែងការណ៍ស្តីពី គោលនយោបាយផ្តល់​សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រ​ដា​ប់អាវុធ និងគ្រួសារ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០០៩ របស់រាជរដ្ឋាភិបាល គណៈកម្មាធិការស​ម្ប​ទានដីសង្គមកិច្ចថ្នាក់ជាតិ បានអនុវត្តន៍​កម្មវិធីសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រ​ដា​ប់​អាវុធ និងគ្រួសារ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ស្ថិតក្នុងខេត្តគោលដៅចំនួន ១១ គឺ ខេត្តកំពង់ស្ពឺ ក្រចេះ     បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះសីហនុ សៀមរាប ស្ទឹងត្រែង រតនគិរី និងខេត្តកោះកុង។ ក្នុងនោះ ដោយបានបែងចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ៣.៣០៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ៤.៥៤៥,៨៨ ហិកតា (ដីលំនៅឋានទំហំ ៤០៦,៨៨ ហិកតា និងដីកសិកម្មទំហំ ៤.១៣៩ ហិកតា) និងបានសាងសង់ផ្ទះជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារសរុបចំនួន ១,៦៨០​ ខ្នង ( ផ្ទះសង់អំពីឈើផុតពីដី ប្រក់ស័ង្កសីចំនួន ៨៥០ ខ្នង និងផ្ទះថ្មសង់ពីឥដ្ឋផ្ទាល់ដីប្រក់ស័ង្កសីចំនួន ៨៣០ ខ្នង)។ ស្ថាបនាផ្លូវក្រាលក្រួសក្រហម​ប្រវែង ៧០ គីឡូម៉ែត្រ ស្ថាបនាផ្លូវដីសប្រវែង ៥៤ គ.ម សាងសង់​អគារការិយាល័យចំនួន ៥ ខ្នង សាងសង់សាលារៀនចំនួន ៥ ខ្នង ធ្វើអណ្តូងស្នប់ចំនួន ៩៥ អណ្តូង បោះបង្គោល​ព្រំដីឡូត៍លំនៅឋានចំនួន ៩,០០០ បង្គោល និងបង្គោលព្រំដីឡូត៍កសិកម្ម ១,៥០០០ បង្កោល។

ក្នុងឱកាសនោះ គ្រួសារសម្បទានិកទាំងអស់បានសម្តែងការសាទរ និងដឹង​​គុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ   សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្ត​ទុកដាក់​ខ្ពស់ដល់ប្រជាពលរដ្ឋក្រីក្រ និងត្រូវការដីពិតប្រាកដ ដើម្បីសង់លំនៅឋានសមរម្យ និងបង្កបង្កើនផល៕

ដោយ គង់ សិរីរ័ត្ន