ឯកឧត្តម ប៉ាន សូរស័ក្តិ ទទួលជួបគណៈប្រតិភូនៃ​សមាគមជប៉ុន-កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​–ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាលពីថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា(Japan-Cambodia Association)ដឹកនាំដោយលោក តាកាហាឈី ហ្វូមីអាគី(Takahashi Fumiaki)។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យ​មានការរីកចម្រើន​ឡើង។ តាមរយៈវិភាគទាននេះប្រទេសកម្ពុជាបានទទួលបាននូវសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ដែលជាកត្តាចម្បងដល់ការអភិវឌ្ឍ ធ្វើឱ្យកម្ពុជាទទួលបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ហើយបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសទទួលបានចំណូលទាប មកជាប្រទេសទទួលបានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា ដើម្បីជ្រោមជ្រែងធុរកិច្ច និងពាណិជ្ជកម្មឱ្យ​កាន់តែមានភាពប្រកួតប្រជែង រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់មួយចំនួន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍កំណែទម្រង់ ១២ចំណុចធំៗ នៅក្នុងវេទិកា រាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ នៅក្នុងខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ កំណែទម្រង់ទាំងនោះធ្វើ​ឡើង​ដើម្បីធានាឱ្យ​កម្ពុជាជាទិសដៅវិនិយោគមួយដ៏មានការទាក់ទាញ ក៏ដូចជាពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។

ទាក់ទងនឹងទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវសេចក្ដីសោមន្សរីករាយចំពោះការវិនិយោគដោយក្រុមហ៊ុនជប៉ុន ដែលជាវិនិយោគិនឈានមុខគេមួយនៅកម្ពុជា។ ការវិនិយោគប្រកបដោយគុណភាពដូចជាផ្សារទំនើបអ៊ីអន ក្រុមហ៊ុនមីនីប៊ែរ-មីតស៊ូមី និងមន្ទីរពេទ្យសាន់រ៉ាយ បានរួមចំណែកជាមួយនឹងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ក្នុងវិស័យ ដូចជា ការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ និងធនាគារ ក្នុងការបង្កើតការងារថ្មីៗ បរិយាកាសការងារល្អ និងជំរុញការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ​មានការវិនិយោគបន្ថែមទៀតលើវិស័យកែច្នៃម្ហូបអាហារ និងកសិផល អេកូទេសចរណ៍ កម្មន្តសាលដែលមានតម្លៃខ្ពស់ អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងអាចនាំមកផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាពិសេស​ ឯកឧត្តមរដ្ឋមន្ត្រីបានមាន​ប្រសាសន៍​សង្កត់ធ្ងន់ថា ការវិនិយោគនៅប្រទេសកម្ពុជា គឺមិនមែនបម្រើតែទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺបម្រើដល់ទីផ្សារអាស៊ី អឺរ៉ុប អាម៉េរិក និងទីផ្សារដទៃទៀត តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីនៅពេលអនាគត។

ដោយ​ឡែក​ លោក តាកាហាឈី ហ្វូមីអាគី បានជម្រាបជូនឯកឧត្តម​រដ្ឋមន្ត្រី​ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកបាននាំមកនូវក្រុមហ៊ុនជប៉ុនមួយចំនួន ដោយក្រុមហ៊ុនខ្លះមានអាជីវកម្មស្រាប់នៅក្នុងស្រុក ហើយខ្លះទៀតគឺក្រុមហ៊ុនថ្មី។

លោកបានគូសបញ្ជាក់​បន្ថែមទៀតដែរថា សមាគមជប៉ុន-កម្ពុជា នឹងបន្តជំរុញការផ្សព្វផ្សាយពីកម្ពុជាទៅកាន់សមាជិកបន្ថែមទៀត ឱ្យ​យល់ដឹងរឹតតែច្បាស់អំពីកម្ពុជា និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីមកវិនិយោគ និងផ្ទេរចំណេះដឹងមកកម្ពុជា។

ក្រៅពីនេះ ក្រុមហ៊ុនជប៉ុនមួយចំនួនដែលមានវត្តមានក្នុងកិច្ចប្រជុំ បានជម្រាបជូនអំពីគម្រោងការក្នុងការវិនិយោគនៅកម្ពុជា ដូចជាក្នុងវិស័យថាមពល សូត្រមាស និងគ្រឿងសម្អាងធ្វើពីដង្កូវនាង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកផងដែរ៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)