ក្រសួងបរិស្ថានបណ្តុះបណ្តាល មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩–មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ត្រូវបានបើកវគ្គបណ្តុះ បណ្តាលនៅទីស្តីការក្រសួង ស្តីពី «ក្របខ័ណ្ឌការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រសួងបរិស្ថាន » ក្រោមអធិបតីភាព​ឯកឧត្តម​ សុខ​ គាង​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងមានការអញ្ជើញចូលរួម​​ថ្នាក់ដឹកនាំ​ និង មន្រ្ដី​ក្រសួង​បរិស្ថាន​ គ្រូឧទ្ទេសនាមជាច្រើននាក់ នាថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងពិធីបើក ឯកឧត្តម​ សុខ​ គាង​ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់​ ស្តាប់​និងប្រែក្លាយការសិក្សាទៅជាការអនុវត្តជាក់ស្តែង ​ក្នុងការប្រតិបត្តិការងាររបស់ក្រសួងបរិស្ថាន ។ ឯកឧត្តម​ បានបញ្ជាក់ថា ​វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងពេលនេះ ជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ក្នុងទិសដៅអនុវត្តន៍កំណែទម្រង់រដ្ឋបាលសាធារណៈ ពិសេស ការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការលើការងារបរិស្ថាន ដែលជាថ្នាលបណ្តុះនូវធនធានមនុស្ស សម្រាប់ក្របខ័ណ្ឌច្បាប់ការងារបរិស្ថាន និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការយល់ដឹងពីតួនាទីភារកិច្ច និងជាពុទ្ធិដ៏សំខាន់សម្រាប់យកទៅអនុវត្តន៍ក្នុងអង្គភាពរបស់ខ្លួនក្នុងនាមជាមន្រ្តីរាជការ ។

សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលនេះមានមន្រ្តីចូលរួមចំនួន៥០រូប និងមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដែលមានគ្រូឧទ្ទេសមានបទពិសោធន៍ មកពីបណ្តាអគ្គនាយកដ្ឋាននានានៃក្រសួងបរិស្ថាន លើមេរៀនចំនួន០៧មេរៀនរួមមាន៖

១. ក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងាររដ្ឋបាលការពារ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ២. ក្របខ័ណ្ឌការងារចំណេះដឹង និងព័ត៌មានបរិស្ថាន។ ៣. ក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្ត លើការងារកិច្ចគាំពារបរិស្ថាន។ ៤. ក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តលើការងារសហគមន៍មូលដ្ឋាន។ ៥. ការងារហិរញ្ញវត្ថុ និងថវិកា។ ៦. ការងារផែនការ និងថវិកា ។ ៧. ការងារធនធានមនុស្ស៕

ដោយ ពេជ្រ ណារិទ្ធ