គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជាបានឆ្លងកិច្ចប្រជុំអន្តរក្រសួង

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បាន​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជា។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជា ស្ថិតនៅលើផ្ទៃដី ៩៣.៩៤៩ម៉ែត្រក្រឡា (សម្រាប់ដំណាក់កាលទី១ មានផ្ទៃដីទំហំ ៤៤.៩០០ម៉ែត្រក្រឡា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ របស់ក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមេន (ខេមបូឌា) ឯ.ក ដែលបានសិក្សា និងរៀបចំ​របាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី។

ប្រភពខាងលើបន្តថា អង្គប្រជុំ​ទទួលបានលទ្ធផល​ ដូចខាងក្រោម៖ ១-​ គាំទ្រលើគម្រោងវិនិយោគនេះ ដែល​បានរួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើនចំនួនអគារពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងកោតសរសើរដល់ម្ចាស់គម្រោងដែល​បានដាក់បញ្ចូលរចនាបថខ្មែរក្នុងប្លង់អគារនេះ។ ២-​ ស្នើឱ្យម្ចាស់គម្រោង​សរសេរឈ្មោះគម្រោងជាភាសាខ្មែរឱ្យធំជាងឈ្មោះជាភាសាបរទេស ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ។ ៣-​ ស្នើឱ្យម្ចាស់គម្រោងពន្លឿនដំណើរការស្នើសុំលិខិតអនុញ្ញាត​សាងសង់ ហើយក្នុងករណីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់ពិនិត្យមតិយោបល់។ ៤-​ ស្នើឱ្យម្ចាស់គម្រោងរៀបចំប្រព័ន្ធទឹកកខ្វក់ ដាច់ដោយឡែកពីប្រព័ន្ធទឹកភ្លៀង។ ៥-​ ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង-រាវ ស្នើឱ្យម្ចាស់គម្រោង​បែងចែកសំណល់ផ្ទះបាយតាមប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងបង្ហូរសំណល់​ខ្លាញ់ទៅក្នុងប្រព័ន្ធលូ។ ចំពោះធុងសំរាមវិញ ត្រូវរក្សាទុកដាក់នៅកន្លែងសមរម្យ ចៀសវាងការទុកដាក់នៅទីសាធារណៈ នាំឱ្យខូចសោភណភាពទីប្រជុំជន ព្រមទាំងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ​ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល​ ដើម្បីប្រមូលសំរាមឱ្យបានទៀងទាត់។ ៦-​ ស្នើឱ្យម្ចាស់គម្រោងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនលើកិច្ចសន្យាសាងសង់ ចៀសវាងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​ ដែលរស់នៅក្បែរទីតាំងគម្រោង និងធានាមិនឱ្យមានការបង្ហូរទឹកកខ្វក់ទៅលើផ្ទះរបស់ពួកគេ។ ក្នុងករណីមានអគ្គិភ័យ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងបណ្តាលមកពីសកម្មភាពគម្រោង ម្ចាស់គម្រោងត្រូវធានាសំណងជូនអ្នករងគ្រោះទាំងអស់។ ៧-​ ស្នើឱ្យម្ចាស់គម្រោង​ រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់​ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ៨-​ ស្នើឱ្យម្ចាស់គម្រោង​សាងសង់ផ្លូវ​ ជាកន្លែងចុះឡើងសម្រាប់ជនពិការ ។ ៩-​ ស្នើឱ្យម្ចាស់គម្រោង​ ដាំដើមឈើជាលំហបៃតង​ ស្របតាមច្បាប់កំណត់ (១ដើម ក្នុង១៥០ម៉ែត្រក្រឡា)។ ១០-​ ស្នើឱ្យម្ចាស់គម្រោងធានាថា បុគ្គលិក​ដែលបម្រើការងារនៅក្នុងទីតាំងគម្រោង ត្រូវមានប័ណ្ណ ប.ស.ស គ្រប់ៗគ្នា។ ១១-​ ស្នើឱ្យក្រុមហ៊ុន​ អនុវត្តន៍ទៅតាមមតិយោបល់ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះឱ្យបានខ្ជាប់ខ្ជួន៕

ដោយ ពេជ្រ ណារិទ្ធ