ឆ្នាំ២០២៣ ខេត្តសៀមរាបមានសមត្ថភាពផលិតទឹកស្អាតបាន ៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ

AKP សៀមរាប ថ្ងៃទី​​​១២ ខែធ្នូ ឆ្នាំ២០១៩ — យោងតាមគម្រោងវិនិយោគទ្រង់ទ្រាយធំដោយដៃគូអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០២៣ខាងមុខ អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប នឹងមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងខណៈដែលបច្ចប្ប ន្ននេះ សមត្ថភាពផលិតទឹកស្អាតក្នុង១ថ្ងៃ បានត្រឹមតែ ៣០ពាន់ម៉ែត្រត្រីគុណប៉ុណ្ណោះ ដែលកំពុងប្រឈមនឹងតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ ៦០ពាន់ម៉ែត្រត្រីគុណ នៅក្នុងក្រុងសៀមរាបទាំងមូល។

នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ទឹកវិលទី២ ក្រុងសៀមរាប ដែលបានប្រារព្ធឡើងកាលពីថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍ថា សម្រាប់ក្រុងសៀម រាប ត្រូវមានការគិតគូរទុកជាមុនក្នុងរយៈពេលវែងពី១០ទៅ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ។

ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្នុងទិសដៅឈានឆ្ពោះទៅកាន់ការផ្តល់សេវាគ្របដណ្តប់ ១០០ភាគរយ លើក្រុងសៀមរាប ឆ្លើយតបនឹងគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តសៀមរាបមានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខ័ណ្ឌឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ១០៦លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត មានសមត្ថភាពផលិតទឹក ៦០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការដំឡើងបំពង់មេនាំទឹក និងបំពង់ចែកចាយទឹកស្អាត ប្រវែងសរុប ២២០គីឡូម៉ែត្រ ដែលគម្រោងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ ជាមួយនេះក្រុមហ៊ុនក៏បានចាប់ផ្តើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារពីក្រៅប្រទេសជាបន្តបន្ទាប់ និងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានមតិស្វាគមន៍ នៅក្នុងពិធីបើកសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិលទី២ នោះដែរថា បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាមធ្យមប្រមាណ ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានត្រឹមតែ ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដោយបូករួមទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិល២ ដែលកំពុងបើកសម្ពោធនេះដែរ។ គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រវែង១០០គីឡូម៉ែត្រ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ដែលមានទំហំទឹកប្រាក់សរុប ៥លានដុល្លារអាម៉េរិក និងថវិការបស់រដ្ឋាករទឹកស្វយ័តសៀមរាបផ្ទាល់សរុបប្រមាណ ២លានដុល្លារអាម៉េរិក ដែលចាប់ដំណើរការសាងសង់កាលពីឆ្នាំ២០១៨នោះ  គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។

គួរបញ្ជាក់ថា យោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA  នៅក្នុងឆ្នាំ២០៣០ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបនឹងកើនឡើងដល់៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ។ បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាក់ស្តែង មានចំនួនដល់ទៅ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងខណៈដែលក្រុងសៀមរាបមានសមត្ថភាពផលិតបានត្រឹមតែ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ប៉ុណ្ណោះ ដោយរាប់បញ្ចូលទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិល២ ដែលបានដាក់សម្ពោធឱ្យប្រើបា្រស់ក្នុងក្នុងពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិល២ ដែលដាក់សម្ពោធឱ្យប្រើប្រាស់ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្រ្តីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នាពេលនេះមានបំពង់មេនាំទឹកស្អាតទំហំ៧០០មីលីម៉ែត្រ ប្រវែងជាង៦ពាន់ម៉ែត្រ ស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគម្រោងបន្ថែមបន្ទាន់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្រុងសៀមរាប ស្ថិតក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ក្នុងទំហំទឹកប្រាក់វិនិយោគជិត១៣លានដុល្លារអាម៉េរិក ដោយយកប្រភពទឹកពីអាងបារាយណ៍ខាងលិច ដោយមានសមត្ថភាពផលិតទឹកស្អាតបាន១៥ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ៕

ដោយហង្ស សៀក