ប្រទេសបារាំងបន្តជួយអប្សរាអនុវត្តន៍គម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយ ឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ ជំហានទី២

AKP សៀមរាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រទេសបារាំង និងអាជ្ញាធរជាតិអប្សរា បានចុះកិច្ច ព្រមព្រៀង ស្ដីពីគម្រោងប្រព័ន្ធស្វ័យប្រវត្តិជំនួយឱ្យការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ(Système d’aide à la Décision pour la Gestion des Eaux de la Région d’Angkor) ហៅកាត់ថា SDGERA។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់អាជ្ញាធរអប្សរាបានបង្ហាញថា កិច្ចព្រម ព្រៀងនេះ មានគោលបំណងចម្បងក្នុងការធ្វើសុវុឌ្ឍិកម្មការគ្រប់គ្រង ប្រព័ន្ធលំហូរទឹកក្នុងផ្ទៃអាងរងទឹកភ្លៀង តំបន់សៀមរាប ដើម្បីកាត់បន្ថយទឹកជំនន់ក្នុងរដូវ វស្សាមិនឱ្យលិចលង់ភូមិឋាន និងប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរដែល ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ម៉្យាងវិញទៀត គម្រោងប្រព័ន្ធ ស្វ័យប្រវត្តិ(SDGERA) ក៏មានបំណងធ្វើការគ្រប់គ្រងធនធានទឹក ដើម្បីបង្កើនប្រសិទ្ធភាពក្នុង ការប្រើប្រាស់ជាពិសេសនៅរដូវប្រាំងដល់ផ្នែកពាក់ព័ន្ធទាំងអស់ជូនកសិករ ក្រុងសៀមរាប និងការអភិរក្សប្រាង្គប្រាសាទ។

លើសពីនេះទៀត គម្រោងនឹងឈានដល់ការគ្រប់គ្រងបរិស្ថាន និងសុខុមាលភាព សាធារណៈ ដូចជាការគ្រប់គ្រងទឹកស្អាត ទឹកកខ្វក់ ថាមពល សំរាម និងកសិកម្មដោយចីរភាព សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងតំបន់ពាក់ព័ន្ធ។ ជារួមគម្រោងនេះមាន គោល ដៅបំពាក់ឧបករណ៍បិទបើកដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរដោយចីរភាព។

សូមរម្លឹកថា ជំហានទី១នៃគម្រោងនេះ ធ្វើឡើងកាលពីដើមខែធ្នូ ឆ្នាំ២០១៣ សម្រាប់រយៈពេល៥ឆ្នាំ (ឆ្នាំ២០១៤-២០១៨) ដោយផ្តោតអំពីគម្រោងសុវុឌ្ឍិកម្មនៃការសម្អាត និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ ហើយគម្រោងទី២នេះ នឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ខាងមុខនេះទៅ៕

ដោយ ឃុត សៅ