សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១៩ មានកំណើន៧,១ភាគរយ ជាមួយនឹងអត្រាអតិផរណាត្រឹមតែ ២,៥ភាគរយ

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១៩ មានកំណើន៧,១ភាគរយ ជាមួយ​នឹង​អត្រាអតិផរណាត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះ ដែលនេះគឺជាសេដ្ឋកិច្ចមួយដ៏ល្អ សម្រាប់​កម្ពុ​ជា។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចំនួន ៦៧៦២​នា​ក់ នា​​​ព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេ​ច​​តេ​ជោ​ថ្លែងថា  តាមការវាយតម្លៃកាលពីចុងខែវិច្ឆិកាកន្លងមក ដោយក្រុម​ប្រឹក្សា​ធនាគារជា​តិ​​កម្ពុជា និងអ្នកឯកទេសបរទេសបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ​២០​១៩ អាចឆ្លុះ​បញ្ចាំ​ង​​បាន​ថា មានចំនួន៧,១ភាគរយ ជាមួយនឹងអត្រាអតិផរណាត្រឹមតែ ២,៥ ភាគរយតែ​ប៉ុណ្ណោះ។ នេះជា​បញ្ហា​​​ដែល​មានសារសំខាន់មួយសម្រាប់កម្ពុជាយើង។

សម្ដេចតេជោថ្លែងថា យុទ្ធសាស្ត្ររបស់​ ហ៊ុ​ន សែន ជានិច្ចជាកាលដែលគេហៅថា ចុងខ្សែពីរនៃចំណងមួយ គឺម្ខាងគ្រប់គ្រងនៃស្ថិរ​ភា​ព​​នយោ​បាយ និងម្ខាងទៀត គឺគ្រប់គ្រងឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នេះជាចុងខ្សែពីរនៃ​ចំ​ណង​​មួយ ដើម្បីគ្រប់គ្រងស្ថានការណ៍របស់ប្រទេសជាតិ។ ជាងនេះទៀត ចំណង​ទា​ក់ទងពីរ​នៃ​យុទ្ធសាស្ត្ររបស់ ហ៊ុន សែន ដែលមិនដែលចោលក្នុងពេលណាក៏ដោយនោះ គឺម្ខា​ងត្រូវគ្រប់​គ្រងស្ថិរ​​ភា​ព​នយោបាយឱ្យបាន ម្ខាងទៀតគ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច បើម៉ា​ក្រូ​​សេដ្ឋកិច្ច​បែ​ក​ហើយ ស្ថិរភាពនយោបាយក៏នឹងត្រូវបាត់បង់ដែរ និងរំជើបរំជួលភ្លាម។ អី​ចឹង​ទេ​ ជាមួយ​នឹង​កំ​ណើន៧ភាគរយ និ​​ង​​អត្រាអតិផរណាក្រោម៣ភាគរយ គឺជាសេដ្ឋកិច្ចមួយ ដ៏ល្អសម្រាប់​កម្ពុ​ជា។ ទាក់​ទង​នឹងបញ្ហាចំណូល សម្ដេចតេជោ ហុន សែន ក៏បានអរគុណដែល​នៅកម្ពុជា​បច្ចុប្បន្ន​នេះ បា​ន​​ក្លាយទៅជាប្រទេស​ដែ​ល​វប្បធម៌បង់ពន្ធបានជ្រាបចូលទៅ ក្នុងចំណោមអ្នកជាប់ពន្ធ និង​កំ​​ណែទម្រង់ហិរញ្ញវត្ថុសាធារ​ណៈទទួលបានលទ្ធផលល្អ។

សម្ដេចតេជោបានបន្តថា បើនិយាយ​ពី​​ទំហំសេដ្ឋកិច្ចឆ្នាំ២០១៩ ទំហំសេដ្ឋកិច្ច​រប​ស់ យើងមានត្រឹមតែ ២៤ពាន់លានដុល្លារអាម៉េរិក ដូ​ច្នេះប្រជាពលរដ្ឋរបស់យើង​ទទួល​បាន​ត្រឹម​តែជាង ១៦០០ដុល្លារអាម៉េរិកក្នុងម្នាក់ប៉ុណ្ណោះ។ ប៉ុ​ន្តែទំហំសេដ្ឋកិច្ចក្នុងពេលដែលថវិកា​ជា​តិ​​ត្រូវបានអនុម័តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទំ​ហំ​​សេដ្ឋកិច្ចរបស់យើងឡើងជិត ៣០​ពាន់​លាន​​ដុល្លារអាម៉េរិក ដែលប្រជាពលរដ្ឋម្នាក់ៗនឹង​បា​​នលើស ១៨០០ដុល្លារអាម៉េរិក។ បើនិ​យា​​យ​ពីចំណូលចរន្តវិញ ខ្ញុំអាចនិយាយ​ដោយ​មោ​ទ​ន​​ភាពថា កំណែទម្រង់ដែលយើងបាន​ធ្វើទ​ទួល​បានផលល្អណាស់ នៅត្រង់ថា ឆ្នាំនេះចំណូល​គ​យក្នុង​ច្បាប់ថវិកាសម្រាប់​ការគ្រប់​គ្រ​ង​ឆ្នាំ​២០១៩ ផែនការចំណូលគយត្រូវរកឱ្យបាន ២២៦០​លា​នដុល្លារអាម៉េរិក ប៉ុន្តែមកដល់​ថ្ងៃ​ទី៩​ ខែធ្នូឆ្នាំ២០១៩ យើងរកបានរហូតទៅដល់ ៣០១៣​លា​នដុល្លារអាម៉េរិក បានសេចក្ដីថា​លើ​ស​​ផែន​ការចំនួន ៧៥៨លានដុល្លារអាម៉េរិក ស្មើនឹង ៣​៣,​៥ភាគរយ រួចស្រេចទៅហើយ បើតាម​ការ​ប៉ាន់​ស្មានចំណូលគយអាចលើសផែនការ ជាង៨០០​លា​ន​ដុល្លារអាម៉េរិក។ សម្រាប់ចំណូ​ល​​ខាងផ្នែក​ពន្ធដារក្នុងច្បាប់ថវិកាសម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០​១៩  គឺត្រូវរកឱ្យបាន ២២៨៨​លា​ន​​ដុល្លារអាម៉េរិក ប៉ុន្តែឥឡូវនេះរកចំណូលបាន ២៦៣៤​លា​ន​ដុល្លារអាម៉េរិក រួចស្រេចទៅ​ហើ​យ ដែលលើសការគ្រោងទុកចំនួន ៣៤៥​លានដុល្លារ​អា​ម៉េ​រិក។ ដូច្នេះទាំងពីរផ្នែក​នេះត្រូវ​រក​ឱ្យ​បានចំណូលសរុបទាំងអស់ ៤ ៥៤៨ លានដុល្លារ​អា​ម៉េ​រិក​​នៅក្នុងច្បាប់ថវិកា ក៏ប៉ុន្តែមកដល់​ពេល​នេះ​យើងរកបាន ៥៦៥២លានដុល្លារអាម៉េរិក អីចឹង​មក​​ដល់ពេលនេះយើងបានលើស​ផែន​ការរួចស្រេចទៅហើយ គឺ១១០៣លានដុល្លារអាម៉េរិក។ នេះជាចំណូលសារពើពន្ធ ឯចំ​ណូ​ល​មិ​ន​​មែនសារពើពន្ធ គឺមិទាន់បានយកមកគិតនោះទេ។

ស​ម្ដេច​តេជោបានគូសបញ្ជាក់​ទៀ​តថា ក្រៅពីនេះយើងមានថវិកាសម្រាប់ចាយ ភ្លាមៗមានចំនួន ប្រ​មាណ​៣៥០០លាន​ដុ​ល្លា​រ​ ដោយមិនបានគិតអំពីទុនបម្រុងអន្តរជាតិ ប្រមាណជា ១៥ពាន់​លាន​ដុល្លារ ជា​មួយនឹង​មា​ស៣០តោននោះទេ។ នេះហើយជាយន្តការ នៃការគ្រប់គ្រងថវិកា តា​មរយៈអគ្គបញ្ជាការតែមួយ និងអគ្គសេនាធិការតែមួយ ដែលអគ្គបញ្ជាការតែមួយ គឺនា​យក​រដ្ឋ​មន្ត្រី  និងអគ្គសេនាធិការតែមួយ​គឺរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ដែលគ្រប់គ្រង​ហ្មត់​​ច​ត់៕

ដោយ ជឹម ណារី