សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ចំពោះម្ចាស់កន្លែងស្តុកស្រូវ ដែលទទួលទិញពីកសិករ កុំទម្លាក់ថ្លៃក្នុងពេលច្រូតកាត់ប្រមូលផល

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​អំពាវ​នាវចំពោះ​ម្ចាស់ម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីប្រជាពលរដ្ឋ មេត្តាកុំទម្លាក់ និងបង្អាប់​ថ្លៃ​​ស្រូវរបស់ប្រជាកសិករ ស្របពេលដែលប្រជាកសិករកំពុងតែធ្វើការ ច្រូតកាត់ប្រមូលផលនោះ​។

ក្នុងពីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចំនួន ៦៧៦២នាក់ នា​​​ព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេច​តេ​ជោ​ថ្លែងថា  យើងយល់ហើយអំពីក្រឹត្យក្រមនៃសេដ្ឋកិច្ច ពេលណាមាន តម្រូវការច្រើន ការផ្គត់​ផ្គ​ង់​តិច តម្លៃស្រូវវាឡើងថ្លៃ ពេលមានតម្រូវការតិចមានការ ផ្គត់ផ្គង់ច្រើន តម្លៃស្រូវវាចុះថ្លៃ ប៉ុ​ន្តែ​ខ្ញុំ​​សូមអំពាវនាវ ចំពោះម្ចាស់កន្លែងស្តុកស្រូវដែល ទទួលទិញពីកសិករ សុំកុំបង្អាប់ថ្លៃស្រូវរប​ស់ប្រជាកសិករ។

សម្ដេចតេជោបានថ្លែងបន្តថា កន្លងមក​រាជរដ្ឋាភិបាលបានបញ្ចេញ​ថវិកាចំ​នួ​ន​ ៥០លាន​ដុល្លា​រអាម៉េរិកដើម្បីជួយឱ្យម្ចាស់ម៉ាស៊ីនកិនស្រូវ ប៉ុន្តែសូមអស់លោកយល់ មិន​មែ​ន​យក​៥០លានដុល្លារអាម៉េរិក ទៅច្របាច់កប្រជាជន ដើម្បីទម្លាក់ថ្លៃស្រូវនោះទេ។ ដូច្នេះ​ក្រ​​សួ​ងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា​ស​ភាពាណិជ្ជកម្ម  និងសហព័ន្ធស្រូងអង្គរ ត្រូវត្រួតពិនិត្យមើលបញ្ហានេះឱ្យបានឆាប់​ទៅតាម​អ្វី​ដែលអាចធ្វើទៅកើត ព្រោះពេលនេះជារដូវដែលកសិករកំពុងតែប្រមូលផល ទាំងស្រូវរដូវ​ប្រាំ​ង និងរដូវវស្សា ក៏ប៉ុន្តែថ្លៃស្រូវក៏បានធ្លាក់ចុះ ដូច្នេះសូមឱ្យបណ្ដារោង ម៉ាស៊ីនកិនស្រូវ ត្រូវ​ទទួ​ល​ការទិញស្រូវពីប្រជាពលរដ្ឋដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុល ហួស ដែលធ្វើឱ្យប្រជា​ក​សិកររបស់យើងជួបការលំបាក។

សម្ដេចតេជោបញ្ជាក់ថា ពិតមែនហើយឆ្នាំនេះទិន្ន​ផល​ស្រូវ​របស់យើងមានការកើន ឡើងរហូតទៅដល់ប្រមាណជាង៣តោនក្នុងមួយហិកតា បើយោង​ទៅ​​លើស្ថិតិនៃ ការច្រូតកាត់រយៈពេលកន្លងទៅ គឺមានទិន្នផលខ្ពស់ ប៉ុន្តែអ្វីដែលសំខាន់គឺទាក់ទង​ជា​មួយនិងតម្លៃស្រូវ ដែលស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

ជាងនេះ​ទៀ​ត ​យើងមាន​ទី​ផ្សារនាំចេញស្រូវ អង្ករ ទៅក្រៅប្រទេសក៏កាន់តែច្រើនដែរ ដូចជា​នាំចេញ​ទៅ​ប្រទេសចិន និងប្រទេសក្នុងតំបន់ ដែលមានដល់រហូតដល់៦០ប្រទេស រាប់ទាំងសហ​ភាព​អឺ​រ៉ុបផងដែរ។ ជាមួយគ្នានេះដែរ កាលពីបីឬ បួនថ្ងៃមុនេះ ខ្ញុំបានចុះហត្ថ លេខា​បញ្ចេ​ញ​ថវិ​កា​ជាង​១០០ពាន់លានរៀល ស្មើនឹង ១០០លានដុល្លារអាម៉េរិក ដើម្បីបញ្ជូន ទៅឱ្យ​ការបង្កើត​ធនា​គារ​សហគ្រាសធុនតូច និងមធ្យម ដូច្នេះទាំងអស់នេះវាក៏ជាផ្នែកមួយ​នៃរោងម៉ាស៊ីនកិន​ស្រូវផង​ដែ​រ ដើម្បីគាំទ្រតម្លៃស្រូវ និងកសិផលដទៃទៀតរបស់ កសិករយើង។

នៅក្នុងពីធីនោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា  ផ្អែកតាម​ស្ថាន​ភាព​ទឹកទន្លេមេគង្គឆ្នាំនេះ មានកម្រិតទាបជាងបណ្ដាឆ្នាំមុនៗនោះ  បងប្អូនប្រជាពលរដ្ឋ​ត្រូ​វ​យកចិត្តទុកដាក់រក្សាទឹកទុក នៅតាមបឹងបួរ ត្រពាំង ស្រះ ឬប្រឡាយ និងសន្សំ​សំចៃក្នុង​ការ​ប្រើ​ប្រាស់ទឹក ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឆ្នាំនេះ ត្រូវធ្វើស្រែប្រាំងតែម្ដង​បាន​ហើ​យ ឯលើកទីពីរ គួរដាំដំណាំអ្វីផ្សេង ដែលតម្រូវការ ទឹកតិចជាងការធ្វើស្រូវរដូវប្រាំង។ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋត្រូវខិតខំសន្សំសំចៃ ដើម្បីធានាថា ទឹកត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាព ប​ម្រើ​​ឱ្យជីវភាពរបស់ប្រជាជន៕

ដោយ ជឹម ណារី