មន្ត្រីអ​ង្គ​កា​រយូនីសេហ្វ ក្រើនរម្លឹកដល់អ្នកសារព័ត៌មាន ឱ្យចាប់អារម្មណ៍ពីក្រមសីលធម៌ ក្នុងកា​ររាយការណ៍អំពីកុមារ

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — បញ្ហាសិទ្ធិកុមារ គឺប្រធានបទមួយដែលត្រូវបាន​អ​ង្គ​កា​រ​យូនីសេហ្វប្រចាំនៅកម្ពុជា បាន​យកចិត្តទុកដាក់ក្នុងការជួយពួកគេឱ្យផុតពី​ភាពងា​យ​រ​ង​គ្រោះ​ដោយការរំលោភបំពាននានា។ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ អ​ង្គ​កា​រ​យូនីសេហ្វ បានរៀ​ប​ចំ​សិ​ក្ខាសាលាក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ស្តីពីក្រមសីលធម៌ក្នុងកា​ររាយការណ៍​ព័​ត៌​មា​​ន​អំពី «កុមារ»​ ដើម្បីក្រើនរម្លឹក ដល់អ្នកសារព័ត៌មាន ឱ្យប្រុងប្រយ័ត្នពេលសរសេរព័ត៌មាន​រសើ​បៗពាក់ព័ន្ធនឹងកុមារ ចៀសវាងកុំឱ្យកុមារក្លាយជាជនរងគ្រោះបន្ថែមទៀត។

លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង​នៃអង្គការ​យូ​នី​សេហ្វ​បា​ន​លើ​ក​ឡើ​ង​ក្នុ​ង​ស្លាយធ្វើបទបង្ហាញរបស់លោកថា ការរាយការណ៍អំពីបញ្ហារសើប និង​កុ​មា​រ​ងា​យរ​ង​គ្រោះ​«​កុំ​បង្កគ្រោះថ្នាក់…កុំធ្វើឱ្យកុមារក្លាយជាជនរងគ្រោះបន្ថែម និងជួបហានិភ័យ និងគ្រោះថ្នាក់ធ្ង​ន់​ធ្ងរជាងមុន»។ មន្ត្រីអង្គការយូ​នី​សេហ្វរូបនេះក៏បានស្នើឱ្យអ្នកសារព័ត៌មានជួយការពារ អត្តសញ្ញាណកុមារ និងកុំផ្សព្វផ្សាយអត្ថបទ/រូបថត ដែលនាំឱ្យកុមារ សាច់ញាតិ ឬមិត្តភក្តិប្រឈមនឹងហានិភ័យ បើទោះបីជាអត្តសញ្ញាណពួកគេត្រូវបានផ្លាស់ប្តូរ ធ្វើឱ្យព្រាល ឬមិនបង្ហាញក៏ដោយ។ យូ​នី​សេហ្វក៏បានប្រកាន់យកនៅពាក្យស្លោក«សុវត្ថិភាព និងសុខុមាលភាពរបស់កុមារ​គឺ​ជាអាទិភាពដំបូងបង្អស់»។

លោក អាឡិច បាស្សស្ទ័រ ប្រធានផ្នែកផលិតកម្មវិធី BBC Media Action បានលើកឡើងថា ការងារផ្សព្វផ្សាយលើទូរទស្សន៍ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗមិនស្មើនឹង​កា​រ​ការពា​រមនុស្សវ័យក្មេងទេដោយផ្ទាល់ទេ។ ដូច្នេះគ្រប់ភាគីពា​ក់ព័ន្ធទាំងអស់គួរចូល​រួម​កា​រ​ងា​រ​កុ​មា​រ​កុំឱ្យ​រ​ង​កា​រ​រំ​លោភបំពានលើសិទ្ធិណាមួយរបស់កុមារ។ ​អនុសញ្ញាសហប្រជាជាតិ ស្តីពីសិទ្ធិកុមារចែងពីការងាររបស់រាជរដ្ឋាភិបាល និងបុ​គ្គល​ម្នាក់​ៗគួរធ្វើដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។ ប្រ​ទេ​ស​​កម្ពុជាជា​ហត្ថ​លេខីនៃអនុសញ្ញានេះ ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គ​កា​រ​សហ​ប្រជាជាតិ​កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩។ ឧទាហរណ៍មួយចំនួនបង្ហាញពីសិទ្ធិចែងក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារដែលមាន ទំនាក់ទំនងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ។ មាត្រា១២៖ សិទ្ធិកុមារក្នុងការបញ្ចេញមតិ ដោយសេរីទៅលើគ្រប់បញ្ហាទាំងអស់ដែលប៉ះពាល់ពួកគេ។ មាត្រា១៣៖ កុមារមាន សិទ្ធិទទួលបាន និងដឹងព័ត៌មានរួមទាំងប​ញ្ចេញម​តិ​រ​បស់ខ្លួន​ លើ​ក​លែ​ង​តែ​ក្នុងករណី សិទ្ធិនេះប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ មាត្រា១៦៖ ទទួលបានកិច្ចការពា​រ​ពី​កា​រការជ្រៀតជ្រែក ឬការវាយប្រហារលើភាពជាឯកជន គ្រួសារ ផ្ទះសម្បែង ឬទំនាក់ទំនង​កិ​ត្តិ​យ​សឬកេរ្តិ៍ឈ្មោះ។ មាត្រា១៧៖ ការទទួលស្គាល់ពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈកា​រ​លើ​ក​ទឹកចិត្តឱ្យមានការផ្សព្វផ្សាយព័ត៌មានអំពីអត្ថប្រយោជន៍សម្រាប់កុមារ៕

ដោយ​ គង់ សិរីរ័ត្ន