ក្រសួងសាធារណការ បន្ដបណ្ដុះបណ្ដាលសុវត្ថិភាពបើកបរ​ទោចក្រ​យានយន្ដ​ និងការ​សង្រ្គោះ​​ជនរងគ្រោះ ដល់សិស្ស និស្សិតនៅក្នុងខេត្ដបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៩ — ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរចណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណរការ និងដឹកជញ្ជូនខេត្តបន្ទាយ​មានជ័យ កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនម៉ូតូហុងដា និងអង្គការ​ខេម​សែហ្វ(CAMSAFE) រួមជាមួយដៃគូពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបើកបរ​ប្រកប​ដោយសុវត្ថិភាព វិធានជួយសង្គ្រោះជនរងគ្រោះ និងហានិភ័យនៃការបើក​បរ​​​ក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង” ដល់សិស្សានុសិស្ស នៃវិទ្យាល័យមង្គលបូរី។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យមង្គលបូរី ស្ថិតក្នុងភូមិចំការតាដោក ឃុំឫស្សីក្រោក  ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនេះ សម្រាប់វគ្គបណ្តុះបណ្តាលដូចគ្នានេះដែរ នឹងត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខផងដែរ។

លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាព ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចម្បង ដែលទាមទារឱ្យមាន ការដោះស្រាយបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរលើពិភពលោក នៅតែ​មានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ១​​,៣៥លាននាក់ ជារៀង​រាល់ឆ្នាំ។ លោកបានបន្ដថា គ្រោះថ្នាក់ចរចរបានក្លាយជាបញ្ហាចម្បងទី១ក្នុងសកល​លោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី ៥-២៩ឆ្នាំ។ ជាមួយគ្នានេះ ប្រមាណ​៥០​ភាគរយ នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នក​ថ្មើរជើង និងអ្នកជិះកង់។ លោកក៏បានជំរុញដល់យុវជនទាំងអស់ ត្រូវធ្វើជាគំរូក្នុងការគោរព​ច្បាប់របស់ប្រទេសជាតិយើងដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះ​ថា​សកម្មភាពរបស់យើងក្នុងការគោរព និងអនុវត្តន៍ច្បាប់ គឺបានបង្ហាញយ៉ាងច្បាស់អំពី ឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង។

បើតាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បា​នបង្ហាញ​ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅ​លើ​ដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួស​ចំនួន​១,៤៩៤​នាក់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកពី​បើកបរ​ល្មើស​ល្បឿនកំណត់ ៣៣ភាគរយ, ការមិនគោរពសិទ្ធិអាទិភាព ២៧ភាគរយ, ការមិនប្រកាន់​ស្តាំ ១៣ភាគរយ, ការវ៉ាជែង ១០ភាគរយ, ការបត់ ៩ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយាន្ត​យន្ដ ៣ភាគរយ និងងងុយ១ភាគរយ។ បើប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់​ចរា​ចរណ៍​កើនឡើងចំនួន៣២ភាគរយ ដែលក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០ភាគរយ គឺជាអ្នកបើកបរម៉ូតូ។

ដោយឡែកគិតត្រឹមខែតុលា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរបង្កឱ្យមានអ្នកស្លាប់​ចំនួន​១០០នាក់ និងរបួសធ្ងន់ធ្ងរចំនួន១២៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។ ទន្ទឹមនេះ ចំពោះខេត្តបាត់ដំបង អ្នកស្លាប់ចំនួន១០១នាក់ (កើន១៥ភាគរយ) និងរបួសធ្ងន់ធ្ងរ​ចំនួន​១៧៧នាក់ផ្សេងទៀតផងដែរ។

ក្រៅពីនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា អង្គការ APISWA ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន HONDA អង្គការ​ខេមសែហ្វ ជាមួយ​នឹងដៃគូសំខាន់នានា រួមសហការរៀបចំឡើងនៅយុទ្ធនាការអប់រំ​ផ្សព្វ​ផ្សាយ និងវគ្គ​បណ្ដុះ​បណ្ដាលដ៏សំខាន់ទាំងនេះឡើងផ្ដោតសំខាន់លើអ្នកប្រើប្រាស់​ផ្លូវដែល​ងាយរងគ្រោះ ដូចជា យុវជន អ្នកបើកបរទោចក្រយានយន្ដ។ល។ យុទ្ធនាការអប់រំផ្សព្វផ្សាយ និង​វគ្គបណ្ដុះបណ្ដាល​ស្ដីពីការបើកបរម៉ូតូប្រកបដោយសុវត្ថិភាព​ ការសង្រ្គោះជនរងគ្រោះ ដោយគ្រោះថ្នាក់​ចរា​​ចរណ៍ និង​កត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្ស​និស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាមបណ្ដាដងផ្លូវសំខាន់ៗ​ គឺជាកិច្ច​គាំទ្រ​ដល់ការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវផែនការសកម្ម​ភាព​ជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវគោក២០១១-២០២០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះ​ថ្នាក់ចរាចរលើ​ដង​ផ្លូវក្នុងប្រទេសកម្ពុជា៕

ដោយ ប៊ុនរិទ្ធ