ក្រសួងព័ត៌មាន និងសហភាពអឺរ៉ុបនៅតែគាំទ្រគ្នាទៅវិញទៅមក លើការបណ្តុះបណ្តាលវិស័យព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បាន​អនុញ្ញាតឱ្យលោកជំទាវ Carrern Mdrerio ឯកអគ្គរដ្ឋទូត​នៃ​ស​​ហភាពអឺរ៉ុប (European Union) ប្រចាំព្រះរាជាណាចក្រកម្ពុជា​ចូ​ល​ជួ​ប​ស​ម្តែ​ងកា​រ​គួ​រ​ស​ម និងពិភាក្សាការងារពីការបណ្តុះ បណ្តាល ​អប់រំ ដល់អ្នក​ជំ​នា​ន់​ក្រោ​​យក្នុង​កា​រ​ប្រើប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​​ប្រកបដោយការទទួល ខុសត្រូវ។

បន្ទាប់ពីជំនួបនៅទីស្តីការក្រសួងព័ត៌មាននៅព្រឹកនេះ ឯកឧត្តម មាស សុភ័ណ្ឌ អនុ​រ​ដ្ឋ​លេ​​​ខា​ធិ​កា​រ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានថា​ ភាគីទាំងពី​រ​បា​ន​​ផ្លា​ស់​ប្តូ​រ​យោបល់គ្នាមួយចំនួនពាក់ព័ន្ធព័​ត៌​មានក្លែងក្លាយ។

ពាក់ព័ន្ធបញ្ហានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បា​នប​ញ្ជា​ក់​ប្រា​ប់​​រ​ដ្ឋមន្ត្រី​ក្រ​សួ​ង​ព័​ត៌ មានថា  ភា​គីអឺរ៉ុប​កំ​ពុ​ង​ធ្វើកិច្ចការជា​​មួយក្រសួងអប់រំនៅក្នុងការបណ្តុះបណ្តាល​អប់រំដល់​អ្ន​ក​ជំ​នាន់​ក្រោ​យ ​«ហើ​យ​លោ​កជំទាវសង្ឃឹមថា សហភាពអឺរ៉ុប និងក្រសួ​ងព័ត៌មាននឹង​សហ​ប្រ​តិ​ប​​ត្តិ​កា​រ​គ្នា​ក្នុ​ង​កា​​រ​ព​ង្រឹ​ងនូវ​ការអប់រំយុវជនជំ​នាន់ក្រោយក្នុង​កា​រ​ប្រើប្រព័ន្ធផ្សព្វផ្សាយ​ប្រក​បដោ​យ​ការ​ទទួ​ល​ខុ​ស​ត្រូ​​វ​»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូត​អំពីវឌ្ឍន​ភា​ព​នៃ​កា​​ររៀបចំច្បាប់សិ​ទ្ធិទទួលបានព័ត៌មាន ដែលក្រ​សួងព័ត៌មានកំពុ​ងរៀប​ចំ​ និ​ង​ផែ​នកា​រក្រ​សួ​ង​​ព័​ត៌​មាន​ធ្វើ​​វិ​សោធ​នក​ម្ម​ច្បា​ប់​របបសារព័ត៌មានផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងសេចក្តីសោមនុស្សរីករាយដែល​បានម​កបំពេ​ញកា​​​រងារនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បញ្ជាក់ថា នឹងបន្ត​ក្នុងការពង្រឹងនូវដៃ​គូ​ល្អ​រ​វា​ង​អឺរ៉ុប​ជាមួយនឹ​ងព្រះ​រា​ជាណាច​ក្រកម្ពុជា​ និងបានកត់សម្គាល់ពី​ការអភិវ​ឌ្ឍ​រី​ក​ច​ម្រើ​​នរបស់ព្រះរា​ជា​​ណា​ចក្រកម្ពុជាដោយបង្ហាញក្តីសង្ឃឹមថា ស​ហភាព​អឺរ៉ុ​ប​នៅ​តែ​ប​ន្ត​គាំ​ទ្រ​ដល់ព្រះ​រា​ជា​​ណា​​ច​ក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានអរគុណសហគមន៍អឺរ៉ុបដែលតែងតែជួយគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ៕

ដោយ  គង់ សិរីរ័ត្ន (រូបថត៖ ខឹម សុវណ្ណារ៉ា)