នាយបេសកកម្មស៊ីហ្គេមកម្ពុជារាយការណ៍ជូនជនរួមជាតិពីការប្រកួតកីឡាទាំងអស់ ត្រូវបានបញ្ចប់ជាស្ថាពរ

AKP ប្រទេសហ្វីលីពីន, ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូន​នូវរបាយ​ការណ៍សង្ខេបសំខាន់ៗនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេស​ហ្វីលីពីន ដែលបានបញ្ចប់ទាំងស្រុង កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីនមកថា ការប្រកួតកីឡា ទាំងអស់របស់កម្ពុជា ក៏ដូចជាការប្រកួតផ្សេងៗ​ត្រូវ​បានបញ្ចប់ជាស្ថាពរហើយ។
ឯកឧត្តម វ៉ាត់ ចំរើន បានគូបញ្ជាក់ថា លទ្ធផលទទួលសរុបចុងក្រោយរបស់ប្រតិភូកីឡា​កម្ពុជា​ក្នុងការប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ដោយក្នុងចំណោម៣១ប្រភេទកីឡា កម្ពុជា គឺមាន១០ប្រភេទកីឡាដណ្តើមបានមេដាយ ក្នុងនោះមានដូចជា៖ គុនល្បុក្កតោ Arnis វិញ្ញាសា ប្រយុទ្ធ  មេដាយមាស១, មេដាយប្រាក់២, មេដាយសំរឹទ្ធិ១។ ២-កីឡាប៉េតង់ លើវិញ្ញាសាវាយ៣នាក់នារី មេដាយមាស ១, វាយគូបុរស មេដាយប្រាក់១។ ៣-កីឡាតេក្វាន់ដូWT៖ មេដាយមាស១ ដោយកីឡាការិនី ស៊ន សៀវម៉ី, មេដាយប្រាក់២, មេដាយសំរឹទ្ធិ១។ ៤-កីឡាជឺជីតស៊ូ៖ មេដាយមាស១ ដោយកីឡាការិនី ខាន់ ចេសា។ ៥-កីឡាសីដក់៖ មេដាយប្រាក់១ ជាក្រុម។ ៦-កីឡាប្រដាល់គុនខ្មែរ៖ មេដាយ​សំរឹទ្ធិ៣។ ៧-កីឡា Soft Tennis៖ មេដាយសំរឹទ្ធិ២។ ៨-កីឡាចំបាប់៖ មេដាយសំរឹទ្ធិ៥។ ៩-កីឡាប្រដាល់សកល មេដាយសំរឹទ្ធិ៥។ ១០-កីឡាប្រដាល់ Kick Boxing មេដាយសំរឹទ្ធិ៣។ ដោយឡែកប្រភេទកីឡាបាល់ទាត់ទោះបីជាមិនដណ្តើមបានមេដាយសំរឹទ្ធិ ប៉ុន្តែកីឡាបាល់​ទាត់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ដោយការឆ្លងផុតវគ្គជម្រុះក្នុងពូលឡើងមក​ពាក់​កណ្តាលនេះ គឺជាការបំណែកកំណត់ត្រាជាប្រវត្តិសាស្រ្តស៊ីហ្គេម រយៈពេល៦០ឆ្នាំ។ ចំពោះ​មេដាយ​សរុបដែលកម្ពុជាទទួលបាន គឺសរុបមេដាយបានចំនួន៤៦ ក្នុងនោះមេដាយមាស៤ ប្រាក់៦ និង សំរឹទ្ធិ៣៦ ដោយកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ក្នុងចំណោម១១ប្រទេស។

ឯកឧត្ដមបានបន្ថែមទៀតថា ការចេញមកបំពេញបេសកកម្មជាប្រវតិ្តសាស្រ្តស៊ីហ្គេម ឆ្នាំ២០១៩នេះទទួលបានការយកចិត្តដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការគាំទ្រពី​ប្រជា​ពលរដ្ឋ ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គមក៏គាំទ្រយ៉ាងផុលផុស ដែលនេះ​គឺជាផ្តល់កម្លាំងចិត្តដល់ក្រុមប្រភិភូកីឡាកម្ពុជា ក្នុងការបង្កើនការខិតខំយ៉ាងអស់ពីសមត្ថភាព ដណ្តើមមេដាយជូនជាតិ។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា អ្វីដែលសំខាន់បំផុត នៃ​ស៊ីហ្គេម ឆ្នាំនេះ គឺការប្រកួតមានភាពស្វិតស្វាញខ្លាំងណាស់ ដោយទម្រាំតែឈ្នះមេដាយ​នីមួយៗមានការលំបាកខ្លាំង ដែលតាមការពិនិត្យជាក់ស្តែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​វគ្គផ្តាច់ព្រ័ត្រមានកម្រិតបច្ចេកទេសប្រកៀកប្រកិតគ្នា ដោយមិនមានភាពដាច់ឆ្ងាយពីគ្នា​ពេក​ទេ ដែលសូម្បីតែការប្រកួតវគ្គផ្តាចច់ព្រ័ត្រដណ្តើមមេដាយមាសមួយចំនួន គឺឈ្នះដោយ​ពិន្ទុ​បន្តិចបន្តិច ឬខ្លះទៀតមិនបានឈ្នះពិន្ទុផង ដោយគ្រាន់តែឈ្នះដោយភាពមានប្រៀបបន្តិច​បន្តួចប៉ុណ្ណោះ។ ឯកឧត្តមបានវាយតម្លៃជារួមនូវការដណ្តើមបានមេដាយនេះ គឺបានកើតឡើង​ដោយការខិតខំអស់ពីសមត្ថភាពពិតប្រាកដ ដោយជ័យលាភីទាំងនោះបានបង្ហាញ​ចេញនូវ​ឆន្ទៈ​នៃការប្រឹងប្រែងផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងទៀតថា ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើន​ជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ក៏ពិតមែន ប៉ុន្តែមេដាយមាស៤នេះ គឺមិនទាន់ឆ្លើយតបទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថានឹងដណ្តើមឱ្យបានមេដាយ​មាស​១០គ្រឿងនោះទេ ដែលប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិន​បានទទួល​មេដាយមាសទេ។ ការដាក់គោលដៅនេះ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិត​នៅក្នុង​បេសកកម្មដ៏ធំចម្បងរបស់ខ្លួន ក្នុងការសម្រួចគោលដៅទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះ កម្ពុជានៅសល់តែ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាមម្តងទៀតទេ គឺដល់ការរៀបចំរបស់កម្ពុជាហើយ៕

ដោយ ហេង ណាលីន