មន្ទីរធនធានទឹកនិងឧតុនិយខេត្តក្រចេះ បញ្ចេញម៉ាស៊ីនបូមទឹកចំនួន៥គ្រឿង អន្តរាគមន៍សង្រ្គោះផ្ទៃដីស្រូវប្រាំងបានជាង ២.០០០ហិកតា

AKP ក្រចេះ ថ្ងៃទី១១​ខែធ្នូ ឆ្នាំ២០១៩–ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ៣គ្រឿងនិង ២ស្ថានីយបូមទឹកផ្សេងទៀត ត្រូវបានមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តក្រចេះ បញ្ចេញទៅជួយអន្តរាគមន៍សង្រ្គោះផ្ទៃដីស្រូវប្រាំងដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតប្រមាណ ២.៤១៦ហិក តា នៅស្រុក ក្រុងចំនួន៣ ក្នុងខេត្តក្រចេះ ចាប់តាំងពីសប្ដាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅតែបន្តបូមទឹកអន្តរាគមន៍សង្រ្គោះផ្ទៃដីស្រូវប្រាំងនៅក្នុងតំបន់ដែលកំពុងរងគ្រោះ និងត្រៀមជួយសង្គ្រោះតំបន់ផ្សេងទៀត ។

លោក ហេង រដ្ឋម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឱ្យដឹថា ដើម្បីសង្រ្គោះផ្ទៃដីស្រូវប្រាំងដែលកំពុងខ្វះទឹកនៅក្នុងខេត្តក្រចេះ មន្ទីរបានបញ្ចេញនូវម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង និងស្ថានីយបូមទឹកចំនួន ២ផ្សេងទៀត អន្តរាគមន៍ជាបន្ទាន់ទៅកាន់តំបន់រងគ្រោះក្នុងស្រុក ក្រុងចំនួន៣ ក្នុងចំណោមស្រុក ក្រុងទាំង៦ក្នុងខេត្តក្រចេះ ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឱ្យដឹងទៀតថា ផ្ទៃដីស្រូវប្រាំងទាំង ២.៤១៦ហិកតា ដែលខ្វះទឹក និងបានសង្គ្រោះនោះគឺមាននៅក្នុងក្រុងក្រចេះចំនួន ១១៦ហិក តា ស្រុកឆ្លូងចំនួន ១.៨៨០ហិកតា និងស្រុកព្រែកប្រសព្វចំនួន ៤២០ហិកតា ៕

ដោយ ជួន សុជាតិ