សម្ដេចតេជោ ហ៊ុន សែន៖ សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ន ត្រូវបានរំដោះយកមកវិញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ — ក្នុងឱកាសអបអរសាទរខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» ប្រមុខ​រា​ជ​រដ្ឋា​ភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សិ​ទ្ធិ​សេ​រីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយ​ពេ​លដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែ​ ម​ករា ឆ្នាំ១៩៧៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេ​ជោ​​​នា​យករដ្ឋមន្ត្រីបានសរសរថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៧១​នៃទិវា​សិទ្ធិ​ម​នុស្ស​អន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩។ សម្ដេចតេជោបានថ្លែងថា ​សបើនិយាយ​ពីរឿងសិទ្ធិមនុស្សនៅ​ក្នុង​រប​ប​ប្រ​ល័​យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋ​មិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូ​ម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិ​ពិនិត្យ​ព្យាបាលជំងឺ សិទ្ធិជំនឿសាស​នា​ សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិ​បញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និង​សិ​ទ្ធិប្រកបការងារជាដើម..។ល។ របបប្រល័យពូជ​សាសន៍ប៉ុលពតបាន​ដក​ហូ​តសិទ្ធិសេរីភាព​ទាំង​អស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់​ប្រុសស្រីធ្វើ​ការហួសក​ម្លាំ​ង ឈឺស្លាប់ដោយ​គ្មា​ន​ពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាល​ឱ្យប្រជាពលរដ្ឋ​ជាង៣​លា​ន​​នាក់បានស្លាប់​ក្នុ​ង​​រយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។ សម្ដេចតេជោបានគូសបញ្ជាក់ថា  “សិទ្ធិសេរីភាពរបស់​ក​ម្ពុ​ជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេល​ដែលរបប​ប្រ​ល័​យពូជសាសន៍ ប៉ុល ពត ត្រូវបាន​វាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩​៧៩​”។ សម្ដេចតេជោបានលើក​ឡើងថា បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើស​ជំ​នឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិ​ទ្ធិ​សេរី​ភាពក៏បានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។

សម្ដេចតេជោក៏សូមជូនពរបងប្អូន​ជនរួមជាតិជួបតែសំណាងល្អ​ និងរីករាយថ្ងៃ​ទិវាសិទ្ធិ​មនុស្សអន្តរជាតិ ១០ធ្នូ៕

ដោយ ជឹម ណារី