លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុវជន និងស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម ដែលមិនអាចខ្វះបាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងារ ជាមួយលោកជំទាវ ការមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ទាំងអតីតកាល និងបច្ចុប្បន្នកាល រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុវជន និងស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គមដែលមិនអាចខ្វះបាន ព្រោះពីមួយអាណត្តិ ទៅមួយអាណត្តិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសដល់ស្តី្រ និងយុវជន ដើម្បីរួម​ចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈនៃការផ្តល់តួនាទី ចាប់តាំង ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ រហូតដល់ថ្នាក់ក្រោមជាតិ។

លោកជំទាវ ការមែន ម៉ូរ៉េណូ (Carmen Moreno) បានមានប្រសាសន៍ថា យុវជន និងស្ត្រី ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង បើទោះជាស្ត្រី និងយុវជនខ្លះមិនហ៊ាន ចូលប្រឡូកក្នុងនយោបាយក៏ដោយ តែយើងឃើញថា កម្ពុជាបានលើកកម្ពស់តួនាទី សិទ្ធិ ដល់ក្រុមទាំងអស់នេះ ដើម្បីមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គម យ៉ាងស្រាក់សស្រាំ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់សហភាពអឺរ៉ុប គឺមានសន្ទុះល្អប្រសើរ។

លោកជំទាវ ការ មែន ម៉ូរ៉េណូ បានសុំឱ្យលោកជំទាវឧបនាយករដ្ឋមន្ត្រី ក្នុងនាមស្ត្រីដូចគ្នា ជួយជំរុញ និងបង្កើនការលើក ទឹកចិត្តដល់ស្ត្រីវ័យក្មេង និងយុវជន ឱ្យបានចូលរួមក្នុងវិស័យនយោបាយឱ្យកាន់ច្រើនឡើងថែមទៀត។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្ឃឹមថា បេសក កម្មការទូតរបស់លោកជំទាវនៅកម្ពុជា និងជួយជំរុញទំនាក់ទំនងការទូត ក៏ដូចជាកិច្ច សហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែមានផ្លែផ្កា ប្រកបដោយសារៈសំខាន់ខ្លាំង ឡើងថែមទៀត។

លោកជំទាវឧបនាយករដ្ឋមន្ត្រីបានបន្តថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុបមានប្រវត្តិយូរគួរសម អស់ជាង២ទសវត្សរ៍មកហើយ។ ភាគីទាំងពីរមានទំនាក់ទំនងពាណិជ្ជកម្មជា ច្រើនជាមួយគ្នា។ សហភាពអឺរ៉ុបបានជួយកម្ពុជាជាច្រើន ជាពិសេសលើការស្តារប្រទេសជាតិ និងការងារកំណែទម្រង់នានា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សហភាពអឺរ៉ុប ដែលបានជួយ ឧបត្ថម្ភដល់កម្ពុជា តាមរយៈ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទានក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំនួយ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស។ ជំនួយ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុបជាកត្តាជំរុញល្បឿន នៃការស្តារនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានជោគជ័យ និងបានជួយលើកកម្ពស់ជីវវភាព របស់ប្រជាជនកាន់តែ ប្រសើរឡើងជាលំដាប់ ។

លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមួយនេះ ដែលធ្លាប់តែបែកបាក់ដោយសង្គ្រាម មកជាប្រទេស មានសុខសន្តិភាព និងមានការអភិវឌ្ឍ ហើយលោកជំទាវបានទទួលស្គាល់ថា សន្តិភាពពិតជាមានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនអាចមានអ្វីៗដូចសព្វថ្ងៃឡើយ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានស្នើឱ្យឯកអគ្គរដ្ឋទូតបន្តការ ឈ្វេងយល់ពីស្ថានភាពពិតនៅកម្ពុជា ដែលកំពុងរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល ហើយកំពុងធានាបាននូវកំណើន សេដ្ឋកិច្ច៧ភាគរយជារៀងរាល់ឆ្នាំ និងនាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសំឡេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍ នយោបាយនោះ៕

ដោយ សួស សំរិត