អភិបាលខេត្ដកំពង់ចាម  អញ្ជើញចូលរួមប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហម ០៥ ធ្នូ ឆ្នាំ២០១៩

AKP កំពង់ចាម ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម និងជាប្រធាគណៈកមា្មធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាអន្តរជាតិនៃអ្នក​ស្ម័គ្រ​ចិត្តកាកបាទ​ក្រហម ០៥ធ្នូ ឆ្នាំ២០១៩ក្រោមប្រធានបទ«ស្ម័គ្រចិត្តដើម្បីអនាគត​ប្រកប​ដោយ​បរិយាប័ន្ទ» ដោយមានការចូលរួមពីតំណាងនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងក្រុង ស្រុក​ទាំង១០ ថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពជុំវិញខេត្ដ និងតំណាងអ្នក​ស្ម័គ្រចិត្ដនៅតាមឃុំ។ ការប្រារព្ធពិធីនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធ​សករាជ​២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ នៅសាខាកាកបាទក្រហមខេត្តកំពង់ចាម។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអុនប្រធានអចិន្ត្រយ៍នៃគណៈកមា្មធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានលើកឡើងថា នៅទូទាំខេត្តកកំពង់ចាមមាន អ្នកស្មគ្រចិតរបស់សាខាកាកបាទក្រហមខេត្តចំនួន១.៨៣២នាក់​ក្នុងនោះស្រី១៧៦។ លោកស្រី​​បន្ដថា យុវជនកាកបាទក្រហមបានរៀបចំតាមសាលាគោលដៅចំនួន៤៩សាលា ក្នុងនោះតាមសាកលវិទ្យាល័យចំនួន៧គោលដៅ និងវិទ្យាល័យចំនួន៤២គោលដៅ ហើយគិត​មកដល់ពេលនេះយើងមានយុវជនកាកបាទក្រហមចំនួន២.៥៨០នាក់ ស្រីចំនួន១.៥០៦​នាក់​ ​និងមានយុវជនជាទីប្រឹក្សាចំនួន៨៨នាក់ ក្នុងនោះស្រី១៤នាក់។

ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម និងជាប្រធាគណៈកមា្មធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រ ចិត្តនៃ​កាកបាទក្រហម ០៥ធ្នូនេះឡើងគឺដើម្បីបំផុសទឹកចិត្តឱ្យ​មានការចូលរួមកាន់តែច្រើន​ នៃអ្នកស្ម័គ្រចិត្តកាកបាទក្រហម ពីព្រោះវត្តមាននៃការស្ម័គ្រកាកបាទក្រហម​ពិតតម្រូវ​ការចាំ​បាច់ក្នុងការឆ្លើយតបរាល់បញ្ហាដែលកើតឡើងតាមមូលដ្ឋាន ក្នុងការផ្តល់ព័ត៌មានដល់ ថ្នាក់​ដឹក​នាំអំពីការរងគ្រោះកើតឡើងនៅតាមបណ្តាមូលដ្ឋាន។ ឯកឧត្ដមអភិបាលខេត្ដបន្ដថា ការផ្តល់ព័ត៌មានថ្នាក់ដឹកនាំអំពីការរងគ្រោះដើម្បីទៅជួយជនរងគ្រោះទាន់ពេលវេលា ហើយ ឯកឧត្ដមក៏បានសម្ដែងនូវការដឹងគុណដល់អ្នកស្មគ្រចិត្ដទាំងអស់ដែលកន្លងមកបានបម្រើសកម្មភាពមនុស្សធម៌ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរណាមួយ គឺជួយក្នុងសកម្មភាពមនុស្សធម៌សុទ្ធសាធ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើក តម្លៃមនុស្សជាតិ​ដោយ​លើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតា​មរយៈ​តម្លៃមនុស្សធម៌លើគោលការណ៍រួមគ្នាត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ និងការ ចូលរួមប្រមូលកម្លាំងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពបំផុត។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវដល់អ្នកស្ម័គ្រចិត្ដទាំងអស់​ត្រូវបន្តចូល​រួមបន្តសកម្មភាពមនុស្សធម៌បន្តទៀតតាមរយៈទឹកចិត្ដដោយចូលរួមផ្ដល់ព័ត៌មានរាល់បញ្ហាគ្រោះមហន្តរាយកើតឡើងក្នុងមូលដ្ឋាននិងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមទប់ស្តាត់និងបង្ការរាល់បញ្ហាកើតឡើងក្នុងមូលដ្ឋានពិសេសត្រូវផ្ដល់ព័ត៌មានក្នុងករណីមានករណី​គ្រោះមហន្តរាយកើតឡើងក្នុងមូដ្ឋានដល់ផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានអំពីបញ្ហាប្រឈមដែលជនដែលរងគ្រោះដោយសារគ្រោះធម្មជាតិនានា។ ជាមួយគ្នានេះ ត្រូវចូលរួមអប់រំ​ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ហើយ​ចៀស​​ឱ្យ​ឆ្ងាយពីគ្រឿងញៀនទាំអស់គ្នា៕

ដោយ ឆាយ ម៉ុត