ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដោយសំឡេងគាំទ្រ៥៨

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ត្រូវបានសមាជិក សមាជិកា ព្រឹទ្ធសភាលើកដៃអនុម័តជាឯកច្ឆន្ទដោយសំឡេងគាំទ្រ៥៨សំឡេង កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ ការអនុម័តសេចក្តី​ព្រាងច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ​ព្រឹទ្ធសភា​ក្រោមអធិបតីភាព សម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួម​ពីសមាជិក សមាជិកាសរុបចំនួន៥៨រូបនៃ ចំនួនសមាជិកព្រឹទ្ធសភា។

បើតាមរបាយការណ៍របស់ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបាន ឱ្យដឹងថា តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ អាចសម្រេចបានកំណើន ៧.១ភាគរយ ធៀបនឹង ៧.៥ភាគរយ ក្នុងឆ្នាំ២០១៨។ ដោយឡែកកំណើននេះ ត្រូវបាន​ព្យាករណ៍ថានឹងថមថយមកក្នុងអត្រា ៦.៥ភាគរយ នៅឆ្នាំ២០២០ ដែលធ្វើឱ្យផលិតផលក្នុង​ស្រុកសរុប(ផ.ស.ស) តាមថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់១១៩.០៣៤ ប៊ីលានរៀល សមមូលនឹង​ប្រមាណ ២៩.៣៦២ លានដុល្លារអាម៉េរិក ហើយ ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបាន​រំពឹងថា​នឹងកើនឡើងដល់ ១.៨១៦ ដុល្លារអាម៉េរិក ធៀបនឹង១.៦៧៩ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។

ឯកឧត្ដមបានលើកឡើងថា ជារួមការព្យាករណ៍សេដ្ឋកិច្ចមកទល់ពេលថ្មីៗនេះ បង្ហាញ​ថា កម្ពុជានៅតែអាចបន្តសម្រេចបានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងរយៈពេលខ្លី និងមធ្យម​ខាងមុខ។ ប៉ុន្តែសេដ្ឋកិច្ចអាចជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យកាន់តែខ្ពស់ ទិដ្ឋភាព​ទាំងក្នុង និងខាងក្រៅ ដែលអាចប៉ះពាល់ដល់ចីរភាពនៃកំណើន និងនិរន្តរភាព នៃការអភិវឌ្ឍ​ប្រទេស។ ឯកឧត្ដមបានបន្ថែមថា ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាចម្បងៗជាយថាហេតុ រាជរដ្ឋាភិបាលបានគិតគូរជាយុទ្ធសាស្រ្ត ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រៀមដាក់​ចេញនូវវិធានការគោលនយោបាយផ្សំចម្រុះមួយចំនួន ដោយបានផ្តោតលើវិធានការធំៗ​ចំនួន​៤ ដែលក្នុងនោះរួមមាន៖ ១- ស្រូបយកការប៉ះទង្គិចដែលអាចកើត​មានឡើងជាយថា​ហេតុ​អាក្រក់ណាមួយ។ ២- ដោះស្រាយបញ្ហាជារចនាសម្ព័ន្ធដែលដាក់កម្រិតលើភាព​ប្រកួត​ប្រជែង​សេដ្ឋកិច្ច។ ៣- ពង្រឹងភាពធន់នឹងវិបត្តិលើផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ៤- បង្កើន​ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណៈ។

ជាមួយគ្នានេះដែរ ចំណូលក្នុងប្រទេសថវិការដ្ឋ ឬចំណូលក្នុងប្រទេសថវិកាជាតិ ត្រូវ​បានគ្រោងប្រមាណ ២៦.៣ ទី្រលានរៀល សមមូលនឹងប្រមាណ ៦.៥ ប៊ីលានដុល្លារអាម៉េរិក ត្រូវជា២២.១៣ភាគរយនៃផ.ស.ស និងមានកំណើន២៤.៣ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៩។

លើសពីនេះទៀត សម្រាប់ក្របខ័ណ្ឌថវិកាឆ្នាំ២០២០ មានគោលដៅបង្កើនចំណូល​ចរន្ត​​ថវិការដ្ឋឱ្យបាន​ស្មើនឹង ២១.៩៦ភាគរយ នៃផ.ស.ស ដែលមានកំណើនចំនួន ២.៦៣ ពិន្ទុភាគរយ នៃផ.ស.ស ធៀបនឹងច្បាប់ឆ្នាំ២០១៩ ពោលគឺនឹងសម្រេចឱ្យបានលើសគោលដៅ​​ នៃ​ការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០.៣ពិន្ទុភាគរយ​នៃផ.ស.ស ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩-២០២៣។ ចំណាយ​សរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងប្រមាណ ៣៣.៣ ទី្រលានរៀល សមមូលនឹងប្រមាណ ៨.២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ២៨.០១ភាគរយ នៃផ.ស.ស និង​មានកំណើន២២.៧ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៩ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ ត្រូវបាន គ្រោងប្រមាណ ១៩.៨ ទ្រីលានរៀល សមមូលនឹងប្រមាណ ៤.៩ ប៊ីលានដុល្លារអាម៉េរិក ត្រូវជា១៦.៦៥ភាគរយ នៃផ.ស.ស និងមានកំណើន១០.៧ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៩។

បើតាមរបាយការណ៍បានបង្ហាញដែរថា គម្រោងចំណាយបន្ទុកបុគ្គលិកសរុបនៃថវិកា​រដ្ឋ​ឆ្នាំ២០២០ នឹងមានទំហំប្រមាណ៩.១ ទ្រីលានរៀល សមមូលនឹងប្រមាណ២.២ ប៊ីលាន​ដុល្លារ​អាម៉េរិក ត្រូវជា៧.៦៨ភាគរយ នៃផ.ស.ស ឬស្មើនឹង ៤៦.១១ភាគរយ នៃចំណាយចរន្ត​ថវិការដ្ឋ។ ទំហំចំណាយបន្ទុកបុគ្គលិកនេះ ឃើញថាថយចុះ ដោយសារការផ្ទេរការកត់​ត្រា​ប្រាក់​សោធននិវត្តន៍ ចូលជាប្រភេទអត្ថប្រយោជន៍សង្គម នៃចំណាយ មិនមែនបន្ទុកបុគ្គលិក​ឱ្យស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ប៉ុន្តែបើគិតបញ្ចូលប្រាក់សោធននិវត្តន៍ចំនួនប្រមាណ ១ ទ្រីលានរៀល ដែលសមមូលនឹងប្រមាណ ២៤៨ លានដុល្លារអាមេរិក នោះចំណាយ បន្ទុក បុគ្គលិកនឹងឡើងដល់៨.៥២ភាគរយ នៃផ.ស.ស ឬស្មើនឹង៥១.១៨ភាគរយ នៃចំណាយចរន្ត​ថវិកា​រដ្ឋ។ ការកើនឡើងនេះ បង្ហាញពីការផ្តល់អាទិភាពលើមនុស្ស នៃគោលនយោបាយថវិកា​របស់រាជរដ្ឋាភិបាល។ ក្នុងរបាយការណ៍បានសន្និដ្ឋានដែរថា ក្រោយពីបានពិនិត្យសិក្សាលើ​ទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដោយឆ្លងតាមរយៈនៃការផ្តល់យោបល់ ដែលទទួល​បានពីសមាជិក សមាជិកាព្រឹទ្ធសភា និងការពិនិត្យសិក្សាយ៉ាងល្អិតល្អន់ និងការឆ្លើយបំភ្លឺពី​តំណាងរាជរដ្ឋាភិបាលគណៈកម្មការយល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់​ការ​គ្រប់គ្រងឆ្នាំ២០២០ បានរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ដោយ​​ឈរ​លើគោលការណ៍ វិត្ថារកម្មថវិកា ដែលផ្តោតលើការយកចិត្តទុកដាក់ជាពិសេសលើ​មនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ដើម្បីឆ្ពោះទៅសម្រេច​គោល​ដៅសំខាន់ៗ ដែលជាយុទ្ធសាស្រ្ត និងជាកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការទ្រទ្រង់នូវដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិថី នៃការអភិវឌ្ឍ​ប្រកប​ដោយគុណភាព និងចីរភាព ទៅមុខឥតឈប់ឈរ។

បើតាមការបញ្ជាក់របស់ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាយល់ឃើញថា រាជរដ្ឋាភិ​បាលមានការប្តេជ្ញាចិត្តមុតមាំក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរ​ចំណូល​គ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងតម្រូវការចំណាយ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត​កៀរគរ​ចំណូលឆ្នាំ២០១៩-២០២៣។ ថវិកាឆ្នាំ២០២០ ជាថវិកាយុទ្ធសាស្រ្ត​នៃការផ្គួបកម្លាំង​សរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការ​ពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឱ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បី​ធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់​សុខុមាល​ភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

តាម​អត្ថន័យ និងខ្លឹមសារដូចបានជម្រាបជូនខាងលើ គណៈកម្មការទី២ យល់ឃើញថា សេចក្តី​ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មានលក្ខណៈត្រឹមត្រូវតាម​ទម្រង់ និងគតិច្បាប់ ៕

ដោយ ប៊ុនរិទ្ធ