ព្រឹទ្ធសភា សម្រេចឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ ជាស្ថាពរនៅព្រឹកនេះ 

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — សម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិប​តី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ជាស្ថាពរ ទៅតាមការស្នើឡើងរបស់រាជដ្ឋាភិ បាលដោយចាត់ទុកជាច្បាប់សំខាន់ សម្រាប់បន្តអភិ​វឌ្ឍន៍ប្រទេសជាតិ និងប្រជាជន។

សេចក្តីព្រាងច្បាប់ទាំង៣នោះរួមមាន៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានសម័យប្រជុំពេញអង្គលើកទី៤ ព្រឹទ្ធសភា នីតិកា​លទី៤  សម្រេ​ចពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែ ប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ទី២-សម្រេចពិនិត្យ និង​ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់​រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៨ ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល និងទី៣-សម្រេចពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ទាំងមូលដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចំនួន ៣ខាងលើនេះ ត្រូវបានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុម័តយល់ព្រមលើកដំបូងចំនួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល រួចបញ្ជូនមកសុំយោបល់សម្រេច ពីព្រឹទ្ធសភា នាពេលនេះ មុនបញ្ជូនថ្វាយព្រះមហាក្សត្រឡាយព្រហត្ថលេខា ចុងក្រោយជាធរមាន៕

ដោយ ប៉ាល់  សុង