ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្តារអូរ ប្រឡាយ ៥ខ្សែក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្តារអូរ ប្រឡាយចំនួន ០៥ខ្សែ ក្នុងក្រុងព្រះសីហនុ នៅភូមិអាចម៍មិក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូល រួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ។

តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា អូរ ប្រឡាយដែលត្រូវបើកការដ្ឋានស្តារក្នុងក្រុងព្រះសីហនុ នាពេលនេះ មានចំនួន៥ខ្សែ មានប្រវែងសរុបចំនួន ២៦.៥៩៧គីឡូម៉ែត្រ ក្នុងនោះមានដូចជា ប្រឡាយ អូរឈើទាល មានប្រវែងសរុប ១៦.៦៣០ម៉ែត្រ និងមានអូរតូចៗចំនួន ៥ខ្សែផ្សេងទៀត , ប្រឡាយ អូរអេម៉ារីយូ មានប្រវែង ១.៩០០ម៉ែត្រ , ប្រឡាយអូរសំអាត ប្រវែង ៣.៧៧៥ម៉ែត្រ ,  ប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ , និងប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង ៣.១១៦ម៉ែត្រ ការស្ដារប្រឡាយឡើងវិញ គឺដើម្បីធ្វើការសម្អាត អូរ ប្រឡាយ នាពេលកន្លងមក មានការកកស្ទះ និងធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍សម្ពោធបើកការដ្ឋានស្តារ អូរ ប្រឡាយចំនួន៥ខ្សែ នៅក្រុងព្រះសីហនុ ត្រូវធ្វើតាមនិយាមកាមដែលក្រុមការងារបច្ចេកទេសបានចុះវាស់វែង បោះបង្គោល រួចរាល់ហើយ ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់ បំពេញការងារ ទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

ឯកឧត្តម ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លំនៅឋាន ឬសំណង់ផ្សេងៗនៅលើចំណីអូរ ប្រឡាយ សូមចូលរួមសហការជាមួយក្រុមការងារ បច្ចេកទេសក្នុងការកាយស្តារប្រឡាយបើកមុខទឹកឱ្យបានធំទូលាយជាងមុន តាមនិយាមកាម ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងលិចលង់ក្នុងរដូវវស្សាខាងមុខ។

ឯកឧត្តមសង្ឃឹមថា ក្រោយពីក្រុមការងារបច្ចេកទេសធ្វើការស្តារប្រឡាយទាំង ៥ខ្សែនេះរួចរាល់ ជំនន់ទឹកភ្លៀងមិនមានបញ្ហាចោទ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះ សីហនុ ទៀតទេ ក្នុងរដូវវស្សា ឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា ការកាយស្តារអូរ ប្រឡាយទាំង ៥ខ្សែខាងលើ នឹងត្រូវរួចរាល់ចុងខែមីនា ឆ្នាំ២០២០ខាងមុខ មុនរដូវភ្លៀងចូលមកដល់៕

ដោយ ងូ សុមុនី