ក្រុម សុភីណា អេហ្វស៊ី ឈ្នះជើងឯកពានរង្វាន់Soccer League លើកទី៥ រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ទីបំផុត ក្រុម សុភីណា អេហ្វស៊ីបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ SOCCER LEAGUE រដូវកាលទី៥ ឆ្នាំ២០១៩ បន្ទាប់ពីបានយកឈ្នះក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ នៅវគ្គ​ផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២ទល់១ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងថា ជំនួសមុខឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន​ដ៏ថ្លៃថ្លារបស់​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបាន​ផ្តល់​កិត្តិយសអញ្ជើញចូលរួមជាប្រធានគណៈអធិបតី ក្នុងកម្មវិធីបិទការប្រកួតកីឡាបាល់​ទាត់​ពាន​រង្វាន់ Soccer Leaguer លើក ទី៥ ឆ្នាំ២០១៩។ ឯកឧត្ដមបានបញ្ជាក់ថា ក្នុងរយៈពេល ០៤ ឆ្នាំជាប់ៗគ្នានេះ យើងឃើញថា ពានរង្វាន់ SOCCER LEAGUE ទទួលបានការចាប់​អារម្មណ៍ និងគាំទ្រច្រើនឡើងៗ តាមរយៈការចូលរួមដាក់ពាក្យប្រកួតពីសំណាក់ក្លឹប, សមាគម អង្គការ និង រាជធានីខេត្តទាំង២៥ គួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ក្នុងឆ្នាំ២០១៧ និង ២០១៨ ដោយសារតែក្រុមការងារមានការមមាញឹកជាមួយការស្នូលជាច្រើន​ទើបយើងអាក់​ខានមិនបានរៀបចំការប្រកួតនេះ។

ឯកឧត្តមបន្តថា ដើម្បីបំពេញតាមការសំណូមពររបស់បងប្អូនយុវជនដែលស្នេហា​វិស័យកីឡា រួមទាំងក្រុមកីឡាករផ្ទាល់ សហភាពសហព័ន្ធយុវជនកម្ពុជា ទោះបីស្ថិតនៅក្នុង​ស្ថានភាពរវល់យ៉ាងណាក្តី បានដាក់បេះដូងរួមគ្នាក្នុងការកំណត់ទិសដៅមួយយ៉ាងម៉ឺងម៉ាត់ គឺត្រូវតែរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៥ ក្នុងឆ្នាំ២០១៩​នេះ ឱ្យខានតែបាន។ ឯកឧត្ដមបានបន្ថែមថា នៅក្នុងឆ្នាំ២០១៩ មានការកើនរហូតដល់៧២​ក្រុមឯណោះ  ត្រង់ចំណុចនេះ សបញ្ជាក់ឱ្យកាន់តែច្បាស់ថា វិស័យកីឡាបាល់ទាត់នៅកម្ពុជា ពិតជាមានការរីកចម្រើនឆាប់រហ័ស ក្នុងនោះដែរ ថ្វីត្បិតពានរង្វាន់ SOCCER LEAGUE​មិន​មែនជាពានរង្វាន់អាជីព តែអាចចាត់ទុកថាអាជីពពាក់កណ្តាល ព្រោះមានការទទួលស្គាល់​និងគាំទ្រច្រើនពីសំណាក់មហាជន ទើបឆ្នាំនេះយើងកើនរហូតដល់ទៅ៧២ក្រុម លើសការ​រំពឹងទុករបស់គណៈកម្មការទៅទៀត។

ចំពោះជ័យលាភីលេខ១ ក្នុងឆ្នាំនេះទទួលបានពាន១ មេដាយមាសចំនួន២៥ និង​ថវិកា២០លានរៀល។​ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ចំនួន២៥ និងថវិកា ១០លានរៀល។ ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធិ ចំនួន២៥ និងថវិកា ០៥លានរៀល។​ Fair Play ទទួលបានពាន១ និងថវិកាលើកទឹកចិត្តចំនួន២លានរៀល និង​អាជ្ញាកណ្ដាលល្អជាងគេ ទទួលមេដាយ១ និងថវិកាលើកទឹកចិត្តចំនួន១លានរៀល។ ចំណែក កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានស្បែកជើងមាស១ ថវិកាលើកទឹកចិត្តចំនួន ១លានរៀល អ្នកចាំទីល្អជាងគេទទួលបានស្រោមដៃមាស១ ថវិកាលើកទឹកចិត្តចំនួន​១លាន​រៀល និងគ្រូដឹកនាំល្អជាងគេ ថវិកា ១លានរៀលផងដែរ៕

ដោយ ហេង ណាលីន