កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ឈ្នះមេដាយមាសស៊ីហ្គេម ម្តងទៀត ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ

AKP ប្រទេសហ្វីលីពីន, ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — វីរកីឡាការិនីតេក្វាន់ដូWT កញ្ញា ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិ​ការណ៍កីឡាអាស៊ីអាគ្នេយ៍ (South East Asian Games) SEA GAMES រៀងរាល់២ឆ្នាំម្តង រាប់តាំងពីស៊ីហ្គេម ឆ្នាំ២០១៣ មកដល់ ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

កាលពីស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ សៀវម៉ី ឈ្នះមេដាយមាស១​គ្រឿង (67-73kg)។ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ សៀវម៉ី ឈ្នះមេ​ដាយមាស១គ្រឿង (67-73kg) និងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ដែលទើបបញ្ចប់នាយប់ថ្ងៃទី០៨ ខែធ្នូនេះ កីឡាការិនី ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនី​ម្ចាស់ផ្ទះ ហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ៣ពិន្ទុ ក្នុងម៉ោងបន្ថែម១នាទី (Golden Round) បន្ទាប់ពីកីឡាការិនីទាំងពីរនាក់មានពិន្ទុស្មើគ្នា ៩ទល់៩ ក្នុងការប្រកួត៣ទឹក។ មុនជួបម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនី ស៊ន សៀវម៉ី បាន​ប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HA THANH ដាច់ឆ្ងាយ ២៥ទល់១ នៅវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះ ក្នុងចំណោម ស៊ីហ្គេម ៥លើក កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា រូបនេះ ​ដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធិ១ រំលងតែស៊ីហ្គេម ២០១៥ ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លើប្រភេទកីឡាតេក្វាន់ដូនេះ ក្រៅពីមេដាយមាស កីឡាការិនី Cassandre tubbs ក្រោម62kg ឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ពិន្ទុ ១៧ទល់១០ និង កីឡាការិនី ឈឿង អាលីហ្សា ឈ្នះកីឡាការិនីទីម័រខាងកើត លើទម្ងន់ក្រោម57kg ដោយពិន្ទុ ១៧-៩ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ប៉ុន្តែកីឡាការិនីទាំងពីរបានប្រកួតចាញ់​នៅវគ្គផ្តាច់​ព្រ័ត្រដូចគ្នា ដោយចាញ់ម្ចាស់ផ្ទះហ្វីលីពីន និងវៀតណាម ដោយដណ្តើមបានត្រឹមមេដាយ​ប្រាក់២គ្រឿងបន្ថែមដូចគ្នា។

ជាមួយនឹងការដណ្តើមបានមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូកម្ពុជា ដោយកីឡា​ការិនី ស៊ន សៀវម៉ី បានធ្វើឱ្យកម្ពុជាទទួលបានមេដាយមាស៣គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធិ២៦គ្រឿង សរុប៣៥គ្រឿង គិតត្រឹមថ្ងៃទី០៩ ខែធ្នូនេះ។

ជាមួយនឹងអារម្មណ៍សប្បាយរីករាយជាខ្លាំង ម្ចាស់មេដាយមាសតេក្វាន់ដូ ស៊ន សៀវម៉ី បាននិយាយសារជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយ៉ាងដូច្នេះក្រោយបញ្ចប់ការប្រកួត និងបំពាក់មេដាយថា «នាងខ្ញុំពិតជារំភើបរីករាយជាខ្លាំង ដែលប្រកួតឈ្នះម្ចាស់ផ្ទះហ្វីលីពីន ហើយ​ដណ្តើមបានមេដាយមាសយកទៅជូនជាតិ នាពេលនេះ។ មេដាយមាសនេះ​ខ្ញុំជូនដល់​ប្រជាពលរដ្ឋទូទាំងប្រទេសជាង១៦លាននាក់។” កញ្ញាបានបន្ថែមថា ចំពោះការប្រកួតជាមួយ​កីឡាការិនីហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ គឺជាជំនួបទី៥ ក្នុងការ​ប្រកួតអន្តរជាតិកន្លងមក ហើយកញ្ញា ស៊ន សៀវម៉ី បានយកឈ្នះទាំង៥លើក។ ចំណែក កីឡាការិនី ALORA KIRSTIE ELAINE និយាយប្រាប់សៀវម៉ីថា នេះជាការប្រកួតចុងក្រោយ​ក្នុង​អាជីពតេក្វាន់ដូរបស់ ALORA KIRSTIE ELAINE ដោយក្រោយបញ្ចប់ស៊ីហ្គេម នៅ​ប្រទេសរបស់នាង គឺនាងឈប់ប្រកួតហើយ៕

ដោយ ហេង ណាលីន