សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៌ ចែកជូនជនងាយរង​គ្រោះចំនួន២២៦គ្រួសារ ក្នុងស្រុកពញាក្រែក

AKP ត្បូងឃ្មុំ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបានអញ្ជើញបន្តចុះជួបសំណេះសំណាល និងនាំយកនូវ​អំណោយ​មនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនដល់គ្រួសារបងប្អូនខ្មែរឥស្លាម ជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងគ្រួសារក្រីក្រចំនួន២២៦គ្រួសារ មកពីឃុំ​កោង​កាង និងឃុំពពេល នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាង ជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលការលំបាករបស់បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបណ្ឌិតបានថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ ត្រូវបង្កើនក្តីសង្ឃឹមព្រោះថា បងប្អូនមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែ យកចិត្តទុកដាក់ និងព្រួយបារម្ភគ្រប់ពេលវេលាចំពោះបងប្អូន ព្រមទាំងផ្តល់ភាពកក់ក្តៅ ជូន​ពលរដ្ឋគ្រប់ៗរូប ដោយមិនរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីនោះ​ឡើយ។

ឯកឧត្តមបណ្ឌិតក៏បានស្នើដល់អាជ្ញាធរក្នុងមូលដ្ឋាន មេភូមិ មេឃុំ ត្រូវប្រមូលព័ត៌មាន ថា តើប្រជាពលរដ្ឋណាខ្លះដែលមានជីវភាពក្រីក្រលំបាក និងជួបបញ្ហានានា សូមរាយការណ៍​ទៅអភិបាលស្រុក ឬ ឯកឧត្ដមផ្ទាល់ ដើម្បីឱ្យឯកឧត្ដមបានដឹង និងជួយបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ដោយមិនទុកឱ្យនៅកំព្រានោះឡើយ។ ឯកឧត្តមបណ្ឌិតបានអំពាវ​នាវ​ផងដែរ ដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ មេត្តាបញ្ជូនកូនទៅសាលារៀន យ៉ាង​ហោចណាស់ក៏បានត្រឹមថ្នាក់ទី៩ដែរ បើទោះបីជាមានជីវភាពខ្វះខាតយ៉ាងណា ឯកឧត្ដម​នឹងជួយ​សម្រួល ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលនឹងនាំឱ្យកូនៗ ក្មួយៗមាន​អនាគតភ្លឺ​ស្វាង សម្រាប់ខ្លួនឯងផ្ទាល់ជួយក្រុមគ្រួសារ និងសង្គមផងដែរ។

បើតាមការលើកឡើងរបស់លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូង ឃ្មុំ បានឱ្យដឹងថា ចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន៥៧គ្រួសារ បានឧបត្ថម្ភ​ដោយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ៕

ដោយ សោម ប្ញទ្ធី