អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការស្ថាបនាផ្លូវកៅស៊ូ នៅក្នុងស្រុកគាស់ក្រឡ

AKP បាត់ដំបង ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង​ បានអញ្ជើញចុះពិនិត្យការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងកៅស៊ូ  AC ប្រវែង ២ គីឡូម៉ែត្រ និងបានជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ​នៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅក្នុង ស្រុកគាស់ក្រឡ គ្រប់ថ្នាក់ និងប្រជា​ពលរដ្ឋដែលរស់នៅទីតាំងគម្រោងផងដែរ ។ ការចុះពិនិត្យនេះ ធ្វើឡើង កាលពីថ្ងៃអាទិត្យ​ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ងួន រតនៈ បានវាយតម្លៃពីសមិទ្ធផលថ្មី នៅក្នុងស្រុកគាស់ក្រឡ ដោយចាត់​ទុកថា នេះគឺជាភ័ព្វសំណាងមុនគេ របស់ស្រុកដែលកន្លងមក នៅតាមបណ្តាស្រុកនានា ក្នុង​ខេត្តមិនទាន់មានផ្លូវកៅស៊ូប្រភេទបេទីម (AC) នេះនៅឡើយ​នោះទេ​ ព្រោះតម្លៃផ្លូវប្រភេទនេះ មានតម្លៃថ្លៃខ្ពស់ណាស់ ខេត្តមិនមានលទ្ធភាពថវិកាក្នុងការធ្វើផ្លូវប្រភេទនេះ នៅតាមបណ្តា​ស្រុក-ក្រុង ក្នុងខេត្តនៅឡើយ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូបេទីម​ជាប្រភេទ (AC) នេះ រដ្ឋបាលខេត្ត ទើបតែបានសាកល្បង ស្ថាបនាផ្លូវមួយខ្សែ នៅក្នុងក្រុង​បាត់ដំបង តាមបណ្តោយផ្លូវលេខ១ តាមរ៉បមាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ប្រវែងប្រមាណ ជាង២គីឡូម៉ែត្រ តែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលទទួលបាន​ការវិនិយោគយកថ្មភ្នំដែលប្រើប្រាស់ថ្មភ្នំ ក្នុងការអនុវត្តស្ថាបនា ដើម្បីធ្វើការ​កែលម្អផ្លូវជាតិ​លេខ៥។ ឯកឧត្ដមអភិបាលខេត្ដក៏បានជំរុញដល់អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាននៅទីនេះ​ផ្ទាល់ ត្រូវមានកិច្ចសហការល្អជាមួយក្រុមហ៊ុន និងក្រោយពីបញ្ចប់នូវគម្រោងនេះ ត្រូវប្រែ​ក្លាយតំបន់នេះឱ្យទៅជាតំបន់អភិវឌ្ឍន៍ដោយត្រូវរៀបចំ ឱ្យមានការដាំដើមឈើឡើងវិញ និង​រៀបចំកែច្នៃឱ្យទៅជាសួន​ និងដាំដើមឈើធម្មជាតិ ដើម្បីបម្រើដល់ការកម្សាន្ត និងទាក់​ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ឯកឧត្ដមបានបន្ថែមថា បន្ទាប់ពីពេលមានផ្លូវល្អ ផ្លូវកៅស៊ូ ការធ្វើចរាចរទៅមករបស់យានយន្តគ្រប់ប្រភេទ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ចៀស​វាង​ការគ្រោះថ្នាក់ជាយថាហេតុកើតឡើងដោយការធ្វេសប្រហែសនៅក្នុងការបើកបរ និងប្រើ ប្រាស់លើដងផ្លូវ។ ឯកឧត្ដមអភិបាលខេត្ដក៏បានអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ​ដែល​រស់ នៅតាមដងផ្លូវនេះ ត្រូវចូលរួមថែរក្សាផ្លូវឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកូនចៅ​ដែល​រស់នៅ ក្បែរ ខាងផ្លូវត្រូវប្រុងប្រយ័ត្នក្នុងពេលឆ្លងផ្លូវ​ ឬចេញមកលេងលើដងផ្លូវ ដែលអាចប្រឈម ឬអាចបង្កហានិភ័យនូវអាយុជីវិតដោយសារតែគ្រោះថ្នក់ចរាចរណ៍ ដែលអាចកើត​ឡើង​ដោយ​ចៃដន្យភ្លាមៗ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខត្តបាត់ដំបង)