គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៧.៣០ភាគរយហើយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ​គណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿន​លឿន​ពី រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ ក្នុងនោះ​គម្រោង​សាងសង់សម្រេចបាន៧.៣០ភាគរយ។ ការចុះពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។  នេះបើ​យោង​តាមការផ្សាយរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

បើតាមមន្រ្ដីជំនាញក្រសួងសាធារណការបានឱ្យដឹងថា គម្រោងផ្លូវល្បឿន​លឿនពី​រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ គឺមានប្រវែងប្រមាណ ១៩០.០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើ​ប្រាស់​ថវិកាវិនិយោគប្រមាណ ២ ពាន់លានដុល្លារ​អាម៉េរិក ដែលបានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងមក។ រហូត​មកដល់ពេលនេះដំណើរការសាងសង់​សម្រេចបាន ៧.៣០ភាគរយ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវនេះ​ តភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានី​ភ្នំពេញ ដល់ក្រុងព្រះសីហនុ។

គម្រោងផ្លូវល្បឿនលឿននេះ អនុវត្តន៍ការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាម៉េរិក និង​ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង ទទឹង ២៤.៥ម៉ែត្រ មានផ្លូវបំបែក​ទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការ​និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង។

ជាមួយគ្នានេះដែរ ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨.៣ គីឡូម៉ែត្រ និង​ខេត្តចំនួន ០៤ ទៀត ក្នុងនោះរួមមាន ខេត្តកណ្តាលប្រវែងប្រមាណ ៩.១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែងប្រមាណ៨០.៨គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែងប្រមាណ ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩.៨៩គីឡូម៉ែត្រ៕

ដោយ រិទ្ធី