នាវាទេសចរណ៍ COSTA FORTUNA នាំភ្ញៀវទេសចរបរទេសជិត ៣.០០០ នាក់ ចូលតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ — ​នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវ​ទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣.០០០ នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ​ក្រុង​ព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរា ជាណាចក្រកម្ពុជារយៈពេល ១ថ្ងៃ មុននឹងចាកចេញ​ទៅកាន់ប្រទេសសិង្ហបុរី។ ការចូលចតរបស់នាវានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៩។

បើតាមមន្ត្រីច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY មានបណ្ដោយ ២៧២.១៥ម៉ែត្រ ទទឹង ៣៥.៥០​ម៉ែត្រ និងមានជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបមានចំនួន២.៦៨៣នាក់ ស្រី១.៤៥០នាក់ មាន ​៦៣សញ្ជាតិ និង​មាន​ នាវិកសរុបចំនួន ៩៨៩នាក់ ស្រី ១៨៣នាក់ មាន ៤១សញ្ជាតិ ។

ជាមួយគ្នានេះ នាវាទេសចរណ៍ COSTA FORTUNA បាននាំភ្ញៀវទេសចរណ៍បរទេស​​ចម្រុះជាតិសាសន៍​មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកប​ដោយសុវត្ថិភាព នៅវេលាម៉ោង៨ និង ១៥នាទី នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។ នាវានេះ​ក៏មានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៨រសៀល នាថ្ងៃដដែលនេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ ភ្ញៀវទេសចរបរទេសដែលធ្វើ​ដំណើរ​តាម នាវាទេសចរណ៍ COSTA FORTUNA កម្សាន្តតាមតំបន់រមនីយដ្ឋាននានា ក្នុងខេត្តព្រះ​សីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី