យុវជនកម្ពុជាម្នាក់ រត់ចំងាយ ៣១៤គម ដើម្បីជួយសង្គ្រោះជីវិតកុមារ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — លោក នឹម ឈុន្នី ជាយុវជនខ្មែរដ៏ល្បីល្បាញមួយរូប ខាងដឹកនាំធ្វើសមាធិ នឹងធ្វើការរត់តែម្នាក់ឯងពីរាជធានីភ្នំពេញ មកកាន់ទឹកដីក្រុងសៀមរាបអង្គរនៅក្នុងខែធ្នូនេះ ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារកម្ពុជា ។

លោកនឹងធ្វើការរត់ថ្មើរជើងសរុបចម្ងាយ ១៩៨ម៉ាយ គឺស្មើនឹង ៣១៤ គីឡូម៉ែត ក្នុងរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកស្វែងរកមូលនិធិគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកម្មវិធីនេះមានឈ្មោះថា “Running for Children’s Lives Cambodia 2019″ ជាកម្មវិធីដ៏ធំដំបូងបង្អស់នៃព្រឹត្តិការណ៍រៃអង្គាសថវិកាជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធី Running for Children’s Lives Cambodia 2019 មានគោលបំណងដើម្បីរៃអង្គាសថវិកាឱ្យបាន
ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស តាមរយៈប្រព័ន្ធអ៊ីនធឺណែត និងការបរិច្ចាគថវិកាដោយផ្ទាល់មកកាន់កម្មវិធីនេះ ក្រោមការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព នៃក្រុមបុគ្គលិកផ្នែកហិរញ្ញវត្ថុ របស់មន្ទីរពេទ្យកុមារអង្គរ ។

យោងតាមអង្គការមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា មូលនិធិដែលទទួលបានពីកម្មវិធីនេះ នឹងត្រូវបានយកមកប្រើប្រាស់ក្នុងការផ្តល់សេវាសុខភាព ជួយសង្គ្រោះជីវិតកុមារកម្ពុជា មកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងតិច ៤០០ នាក់ក្នុងមួយថ្ងៃៗ នៅក្នុងមន្ទីរពេទ្យកុមារអង្គរដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា ។

អស់រយៈពេលពីរទស្សវត្សកន្លងមក មន្ទីរពេទ្យបានក្លាយទៅជាស្ថាប័នដ៏សំខាន់មួយដែលបានបម្រើសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ជាង២លាន ៥សែនករណី និងផ្តល់ការបណ្តុះបណ្តាលវេជ្ជសាស្រ្តដល់មន្ត្រីសុខាភិបាលកម្ពុជារាប់រយនាក់នៅទូទាំងប្រទេសព្រមទាំងបានផ្តល់ការអប់រំអំពីការការពារសុខភាពដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ទូទាំងខេត្តសៀមរាប ក្នុងមួយឆ្នាំៗ។

លោក នឹម ឈុន្នី បានឱ្យដឹងថាព្រឹត្តិការណ៍រៃអង្គាសមូលនិធិជាលក្ខណៈឯកជនធំជាងគេបំផុតនេះ ផ្តួចផ្តើមឡើងដោយលោកផ្ទាល់ ក្រោមកិច្ចសហការរៀបចំដោយមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់បុគ្គលល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាអត្តពលិកអូឡាំពិក ក្រុមហ៊ុនឯកជន ក្រុមយុវជន និងសារព័ត៌មានផ្សព្វផ្សាយជាច្រើន ទៀត ជាដើម ដើម្បីពង្រីកការផ្សព្វផ្សាយឲ្យមានការចូលរួមជាសាធារណៈ ។ លោកបញ្ជាក់ថា” ខ្ញុំមិនដែលភ្លេចទេ ចំពោះភាពរាក់ទាក់យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ នូវការផ្តល់សេវាកម្មថែទាំប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ដែលក្មួយស្រីរបស់ខ្ញុំ កញ្ចនា និងខ្ញុំផ្ទាល់ទទួលបានកាលពី ៧ឆ្នាំមុន។ កាលនោះ កញ្ចនា កើតមកខុសប្លែកពីក្មេងដ៏ទៃ។ ពួកយើង ពុំបានចាប់អារម្មណ៍ថានាងមិនអាចដើរបានទេ រហូតដល់នាងមានអាយុប្រហែល២ឆ្នាំ” ។

លោក នឹម ឈុន្នី បាននិយាយបន្ត “យើងបាននាំនាងទៅកាន់មន្ទីរពេទ្យជាច្រើនដើម្បីព្យាបាលតែពុំមានលទ្ធភាពអាចជួយនាងបានទេ។ ពីរឆ្នាំក្រោយមកទើបយើងរកឃើញមន្ទីរពេទ្យកុមារអង្គរ ដែលបានជួយក្មួយស្រី
របស់ខ្ញុំរកឃើញក្តីសង្ឃឹមឡើងវិញ ហើយទីបំផុតនាងក៏អាចដើរបានប្រសើរជាងមុន” ។

លោកឲ្យដឹងថាពេលនេះកុមារីកញ្ចនា មានអាយុ៩ឆ្នាំហើយ នាងមានសុខភាពល្អហើយអាចដើរបានប្រសើរជាងមុន ។ លោក ឈុន្នីបានបន្តទៀតថា បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវដ៏អស្ចារ្យនេះ គាត់ក៏បានចាប់ផ្តើមការងារស្ម័គ្រចិត្តដើម្បីជួយដល់មន្ទីរពេទ្យតាមរយៈព្រឹត្តិការណ៍ផ្សេងៗជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០១៨នេះ ដោយមើលឃើញពីតម្រូវការសំខាន់ធំៗកើតឡើង។

លោកបន្ថែមថាក្រោមការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់មន្ទីរពេទ្យកុមារអង្គរ គាត់ក៏បានសម្រេចចិត្តបង្កើតព្រឹត្តិការណ៍ជាលក្ខណៈឯកជនដ៏ធំនេះឡើង ។  វាមិនត្រឹមតែជួយដល់មន្ទីរពេទ្យប៉ុណ្ណោះទេ តែវាថែមទាំងជួយដល់ជីវិតកុមារកម្ពុជាជាច្រើននាក់ និងបំពេញនូវសេចក្តីសង្ឃឹមរបស់ពួកគេផងដែរ។ ប្រសិនបើខ្ញុំមើលឃើញស្នាមញញឹម និងភាពមានសង្ឃឹមលើផ្ទៃមុខរបស់ក្មួយស្រី និងគ្រួសារទាំងមូលបាន ខ្ញុំក៏ចង់ឱ្យកុមារកម្ពុជាដទៃទៀត និងក្រុមគ្រួសាររបស់ពួកគេ ទទួលបានសេចក្តីរំភើបរីករាយនេះដូចគ្នា។”

សូមជម្រាបថាមន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេល២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរបានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលមួយ ផ្តល់ជូននូវសេវាកម្មផ្នែកសុខភាពប្រកបដោយគុណភាពខ្ពស់ និងជំនាញឯកទេសវិជ្ជាជីវៈដល់កុមារនៅក្នុងប្រទេសកម្ពុជា អមដោយការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្រ បន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានអភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ ។

ដោយ ប៊ុន រិទ្ធ