សមត្ថកិច្ចដុតបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពប្រមាណជាង១០០តោន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — ទំនិញក្លែងក្លាយ និងខូចគុណភាពមានដូចជា សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបក សុងបារីចម្រុះ, បារីចម្រុះម៉ាក, សរសៃថ្នាំជក់, ឧបករណ៍សម្ភារបម្រើឱ្យការផលិតបារី, ផលិត ផលគ្រឿងសម្អាង, ឧបករណ៍សម្ភារបម្រើឱ្យការផលិតគ្រឿងសម្អាង, ផលិតផលធូប និងធូបមូសប្រមាណជាង១០០តោន ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះ។

ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន បានបញ្ជាក់ថា ការដុតបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពនេះ គឺត្រូវបានធ្វើជាបន្តបន្ទាប់កាលពីពេលកន្លងទៅនេះ ដែលសរុបទៅគឺមានចំនួន៣២ លើកមកហើយ។

ជាមួយគ្នានេះដែរ លោកក៏បានស្នើដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃសង្ឃឹមថាសកម្មភាពនេះ នឹងបន្តដូចភ្លៀងរលឹម ដើម្បីឈានទៅលុបបំបាត់នូវអំពើល្មើសច្បាប់ដែលជាហានិភ័យប៉ះពាល់ ដល់សុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ និងរួមចំណែកសកម្មភាពជាមួយបណ្តា ប្រទេសក្នុងការជីកឬសរបស់ពួកឧក្រិដ្ឋជន ដើម្បីស្ថិរភាព និងសន្តិសុខសកល។

ឯកឧត្តមបានបន្តថា គោលដៅដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាបនេះ គឺជាទីតាំងលួចលាក់ផលិត ដែលមិនមានអាជ្ញាប័ណ្ណ ឬទិដ្ឋាការពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលដែលលួច លាក់ផលិតនោះគឺ៖ ជាផលិតផលដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ និងបានក្លែងបន្លំម៉ាក សញ្ញារបស់ក្រុមហ៊ុន ដែលមានសិទ្ធិស្របច្បាប់ទៀតផង៕

ដោយ ចាន់ សុធីវង្ស