អាជ្ញាធរ​ខេត្ត​សៀមរាប ​អំពាវនាវ​ឱ្យ​យុវជន​នៅ​ឱ្យ​ឆ្ងាយពី​រោគអេដស៍ ខណៈដែលអត្រាប្រេវ៉ាឡង់មេរោគអេដស៍នៅកម្ពុជាកាន់តែធ្លាក់ចុះជាលំដាប់

AKP សៀមរាប ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​សៀមរាប​ បាន​ថ្លែង​ក្នុងឱកាសប្រារព្ធទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្ត ជាតិ មួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” នៅព្រឹកថ្ងៃទី​០៦ ខែធ្នូ នេះថា នៅក្នុងឆ្នាំ២០១៩នេះ តាមរយៈការកាត់បន្ថយការចម្លង មេរោគអេដស៍ថ្មីៗការបង្កើន នូវការថែទាំ ព្យាបាល ផ្តល់ឱសថប្រឆាំងមេរោគអេដស៍ជូនដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ និងបង្កើនការផ្តល់សេវាថែទាំ គាំទ្រ ផ្នែកសុខភាព ជីវភាពផ្នែកសង្គមដល់អ្នក ងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ និងការគ្រប់គ្រង ស្ថានភាពរាលដាល មេរោគអេដស៍បានល្អប្រសើរ បានធ្វើឱ្យអត្រាប្រេវ៉ាឡង់ មេរោគអេដស៍ នៅកម្ពុជាកាន់តែ ធ្លាក់ចុះជាលំដាប់ពី១.៦ភាគរយនៅឆ្នាំ១៩៩៨ មកត្រឹម០.៥ភាគរយ ឆ្នាំ២០១៩។

លោកបាន​អំពាវនាវ​ឱ្យ​យុវជន​នៅ​ឱ្យ​ឆ្ងាយពី​រោគអេដស៍ ហើយងាកមកចូលរួមចែករំ លែកនូវព័ត៌មាន ពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរាលដាលមេរោគអេដស៍ ការថែទាំព្យា បាល និងការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពព្រោះថា យុវជន​ជាកម្លាំង​ស្នូលមួយដ៏សំខាន់ក្នុង​ការចូលរួមផ្សព្វផ្សាយអប់រំ​ទប់ស្កាត់ការរាល ដាលមេរោគអេដស៍ថ្មី។

ជាមួយគ្នានេះដែរលោកអភិបាលរង ក៏បាន​ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹង ប្រែងឱ្យបានខ្លាំងក្លាបន្តទៀត ដើម្បីកាត់បន្ថយអត្រា​ប្រេវ៉ាឡង់មេរោគអេដស៍ឱ្យបានជា អតិបរិមាបន្ថែមទៀត ក្នុងចំណោមក្រុមដែលប្រឈមមុខខ្ពស់ ដូចជា ក្រុមបុគ្គលិកគ្រឹះស្ថាន សេវាកម្សាន្តសប្បាយ ក្រុមបុរសស្រឡាញ់បុរស ក្រុមបុរសបំលែងភេទ ក្រុមអ្នករងគ្រោះ ដោយសារគ្រឿងញៀន ក្រុមយុវវ័យ និងឈានទៅកាត់ផ្តាច់ទាំងស្រុងការ ចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

បើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានអេដស៍ខេត្តសៀមរាបបានបញ្ជាក់ថានៅក្នុងឆ្នាំ២០១៩នេះ កាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដល់អតិថិជនមាន ចំនួន៥៨,១៨០នាក់ និងរកឃើញអ្នកវិជ្ជមានមេរោគអេដស៍ថ្មីចំនួន​ ៣៥៥នាក់។ សរុបអ្នកផ្ទុកមេរោគអេដស៍ ​អ្នកជំងឺអេដស៍ដែលបានចុះបញ្ជីព្យាបាលមានចំនួន ៤,៧១៨នាក់ ក្នុងនោះអ្នកជំងឺដែលបានទទួលការព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ ៩៩.៨៩ភាគរយ និងមានសុខភាពល្អដោយមាន Viral Load Suppression ៩៨ភាគរយ លទ្ធផលទាំងនេះស្តែងចេញពីកិច្ចសហការល្អ និងការចូលរួមជាពហុវិស័យ នៅក្នុងខេត្តទាំងមូល៕

ដោយ ឃុត សៅ