ព្រឹទ្ធសភាពិនិត្យ កំណត់យកថ្ងៃទី៩ ខែធ្នូខាងមុខ ដើម្បីបន្តសម័យប្រជុំពេញអង្គ លើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ លើរបៀបវារៈចំនួន ៣

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩  — កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានពិនិត្យ ពិភាក្សា អនុម័តកំណត់យកថ្ងៃចន្ទទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈ ចំនួន៣គឺ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០២០។

២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ និង​៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕

ដោយ ប៉ាល់ សុង