សម្ដេចតេជោ៖ ថវិកាសប្បុរសជនដែលបានបរិច្ចាគ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត បានកើនឡើងដល់ជាង ៧០លានដុល្លារសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សា​សន៍ថា ថវិកាសប្បុរសជនដែលបានបរិច្ចាគ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត ​មកដ​ល់​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានកើនឡើងដល់ជាង ៧០លានដុល្លារសហរដ្ឋអាមេរិក និង​ប្រា​ក់​រៀល ជាង៣២លានរៀល។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេ​ចតេ​ជោ​បានសរសេរថា សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា​ចំណូ​ល​ដែល​ស​ប្បុ​រសជនចូលរួម ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹក​ថ្ងៃទី០៦ខែធ្នូ ឆ្នាំ​២​០​១៩នេះ មានចំនួន70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110000រៀល។ បើគិត​ទាំង​ថវិកា​៣០​លា​ន​​ដុល្លាររបស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ដែលធ្វើឱ្យ​យើ​​ងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេ​ទេសស​ម្រា​​​ប់​ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូមអរ គុណចំពោះ​សប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគ ដើម្បីសង្រ្គោះ ជិវិតមនុស្សតបតាម ការអំពាវនាវ​រប​ស់​​ខ្ញុំ។

គួរបញ្ជាក់ដែរថា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ​ ហ៊ុន សែន បានលើកឡើងថា បីថ្ងៃរួចមកហើយដែលខ្ញុំ មកកំដរ​ម្តាយ​ក្មេកខ្ញុំនៅមន្ទីរពេទ្យ​កា​ល​ម៉ែត ដែលខ្ញុំពិនិត្យឃើញថា ម​ន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាង​សំ​ខាន់​ក្នុងការពិនិត្យនិងព្យា​បា​លជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាល​ខ្វះ​លទ្ធភាពខាង​ថវិកា សម្រាប់​កា​រសាងសង់អាគារថ្មី និងទិញសម្ភារសម្រាប់បំពាក់ទាំងអាគារថ្មី និងអាគារដែលមានរួចមក​ហើ​យ។ ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារ ដើ​ម្បី​​បន្តកសាង​អាគារកម្ពស់​១២​ជាន់ ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមក ហើ​យ​ក្នុង​តម្លៃ៣៩លាន​ ៧សែ​ន​ដុល្លារសហរដ្ឋអាមេរិក៕

ដោយ ជឹម ណារី