ការបញ្ចាំងភាពយន្តចល័តចិន -កម្ពុជាដ៏ឆ្នើមលើកទី៤ មានការចូលរួមទស្សនានិងគាំទ្រពីប្រជាពលរដ្ឋនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩–មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សតនៅក្រុងក្រចេះ ខេត្តក្រចេះ ប្រមាណជិត ១.០០០នាក់បានចូលរួមទស្សនាភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ ដែលបានចាក់បញ្ចាំងនៅក្នុងបរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ៩កើត ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ព .ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ។    

ដំណើរនៃការចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជានេះ គឺក្នុងគោលបំណងដើម្បីផ្សព្វ ផ្សាយនិងឈ្វេងយល់នូវ វប្បធម៌ ប្រពៃណី និងការរស់នៅរវាងប្រជាជននៃប្រទេសទាំងពីរ ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ និងភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈបានឱ្យដឹងថា ភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹង ការឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជន និងការរីកចម្រើនរបស់ប្រទេសនីមួយៗ ។ លោក បញ្ជាក់ថា យើងបានចាត់ទុកព្រឹត្តិការណ៍ដំណើរការបញ្ចាំងភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ ឆ្នាំ២០១៩នេះ គឺធ្វើឡើងស្របពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាជួយជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ ភាពយន្ត រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ និងមានចំណងមិត្តភាព មេត្រីភាពកាន់តែរឹងមាំមួយកម្រិតថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។ 

លោក ប៉ុក បូរក្ស ក៏បានឱ្យដឹងផងដែរថា តាមផែនការព្រឹត្តិការណ៍ដំណើរការបញ្ចាំងភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ ឆ្នាំ២០១៩នេះ បាននាំយកភាពយន្តល្បីៗ ធ្លាប់បានយកទៅចាក់បញ្ចាំងនៅខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ កាលពីខែមុនរួចមកហើយ ។ សម្រាប់ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីចាក់បញ្ចាំងនៅខេត្តក្រចេះនេះនឹងធ្វើដំណើរទៅចាក់បញ្ចាំងនៅខេត្តត្បូងឃ្មុំ ព្រៃវែង តាកែវ កំពត និងខេត្តកណ្តាលបន្តទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅដែលត្រូវចាក់បញ្ចាំងនៅទូទាំងប្រទេស ខណៈដែលព្រឹត្តិការណ៍នេះបានរៀបចំនៅខេត្តចំនួន២២រួចមកហើយ ដោយមានទស្សនិកជនប្រមាណ ១០ម៉ឺននាក់ចូលរួមទស្សនា ។
លោក ទេព វាសនា ប្រធានមន្ទីរវប្បមធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ដោយបានចាត់ទុកព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជាលើកទី៤នេះ បាននាំមកនូវការកម្សាន្ត និងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌សិល្បៈរវាងប្រជាជនកម្ពុជា និងចិន ជាពិសេសសម្រាប់ប្រជាជនរស់នៅខេត្តក្រចេះបានយល់ដឹងពីតម្លៃអប់រំ ការតស៊ូក្នុងជីវិត កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារជាដើម ៕

ដោយជួន សុជាតិ