គណៈប្រតិភូក្រុង ស៊ិនយ៉ាង ចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩–លោក HAN DONGTAI ប្រធានគណ:កម្មការប្រឹក្សានយោបាយក្រុង ស៊ិនយ៉ាង នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបពិភាក្សាការងារជាមួយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។

លោក លៀម សុដា បានជម្រាបជូនអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានអ្នកវិនិយោគ និងភ្ញៀវទេសចរចិន មកកាន់ខេត្តព្រះសីហនុ ជាប់លំដាប់លេខ១ ។ ខេត្តព្រះសីហនុ មានវិស័យជាច្រើន ក្នុងការទាក់ទាញវិនិយោគ ដូចជា កំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ កំពុងត្រូវបានពង្រីក ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ ៥កំពុងដំណើរការ និង ៤ទៀត ត្រៀមបើកឱ្យដំណើរការពេលខាងមុខ មានរោងចក្រ ២១១ និងសិប្បកម្មជាង ១.០០០កន្លែង ស្រូបយកកម្លាំងពលកម្មជាង ៩ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៣ម៉ឺននាក់ ។ វិស័យទេសចរណ៍ទទួលបានភ្ញៀវទេសចរ ២លាននាក់ ។ ខេត្តមានកាស៊ីណូ ៧១កន្លែង ដោយឡែកវិស័យសំណង់ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នេះ មាន ៨១៩គម្រោង ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ខេត្តព្រះសីហនុ ក៏ជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត និងអគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើម ។ ដោយមានការយកចិត្តទុកដាក់ពី ឯក  ឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាគណ:បញ្ជាការឯកភាពខេត្ត បានកៀរគរមន្ត្រីរាជការ អ្នកវិនិយោគ ជួយដោះស្រាយបញ្ហាប្រឈមបានជាបណ្តើរ ។ ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការ ដ្ឋានស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ  មានប្រវែងសរុប ៨៤,៥០៥គីឡូម៉ែត្រ ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា  ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រនូវគោលនយោ បាយ “ផ្លូវ១ ខ្សែក្រវាត់១” និងផ្លូវសូត្រសមុទ្រ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីងពីងដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ចំណងការទូតរវាងកម្ពុជា និងរដ្ឋាភិបាលចិន ពិសេសខេត្តព្រះសីហនុ។ លោកសង្ឃឹមថា គណ:ប្រតិភូនឹងទទួលបាននូវព័ត៌មានថ្មីៗនៃការវិវឌ្ឍរបស់ខេត្តព្រះសីហនុ និងនាំយកចំណុចល្អៗទៅបន្តផ្សព្វផ្សាយដល់សហគ្រាសចិន ក៏ដូចជាភ្ញៀវទេសចរចិន មកកាន់នៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

លោក HAN DONGTAI ប្រធានគណ:កម្មការប្រឹក្សានយោបាយក្រុង ស៊ិនយ៉ាង ប្រទេសចិន បានថ្លែងអំណរគុណដល់អភិបាលរងខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូរបស់លោកបានចូលជួបពិភាក្សាការងារ និងបានឈ្វេងយល់ពីសក្តានុពល នៃការវិនិយោគនៅខេត្តព្រះសីហនុ។ លោកបានជម្រាបជូនថា ក្រុងស៊ិនយ៉ាង ជាទីក្រុងបច្ចេកវិទ្យា និងជាទីក្រុងបុរាណ នៃប្រទេសចិន បច្ចុប្បន្នទទួលបានការវិនិយោគមានសន្ទុះរីកចម្រើន ។ ក្រុងស៊ិនយ៉ាង មានគម្រោងនាំយកសហគ្រាសចិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំ ២៨០ហិកតា ក្នុងនោះមានរោងចក្រដំឡើងម៉ាស៊ីនបរិក្ខារផ្សេងៗជួយជំរុញគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែលឿនរវាងក្រុង ខេត្តបងប្អូននាពេលខាងមុខ ៕

ដោយ ងូ សុមុនី