ឯកឧត្តម លឹម គានហោ អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារវិស័យធនធានទឹក 

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមក្នុង ពិធីបិទកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារវិស័យធនធានទឹក និងឧតុនិយម កាលពីថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា  កិច្ចប្រជុំដែលបានប្រព្រឹត្ត ទៅអស់រយៈពេល០២ថ្ងៃនេះ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក៏មានការចូល រួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានចំណុះក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥រាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរ ទន្លេសាបផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានមានប្រសាសន៍ថា ឆ្លងកាត់ការប្រជុំបូកសរុបវាយ តម្លៃនេះ បានបង្ហាញឱ្យឃើញនូវស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ ដែលបានចូលរួម ចំណែកក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម រហូតសម្រេចបាននូវ សមិទ្ធផលយ៉ាងច្រើន ដែលនេះជាស្នាដៃរួម និងជាមោទនភាពរបស់យើងទាំងអស់គ្នា។

ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការគ្រប់គ្រងធនធានទឹកឱ្យមាន ប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃអាកាសធាតុនោះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់នូវអនុសាសន៍ និងទិសដៅការ ងារមួយចំនួនរួមមាន៖ ១- ខិតខំយកចិត្តទុកដាក់បន្ថែមទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើឱ្យការដាំដុះដល់ការងារបង្កបង្កើនផលស្រូវរដូវវស្សាចុងដៃ និងស្រូវប្រាំង២០១៩-២០២០។ ២- ខិតខំបន្តទៀត ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការធ្វើទំនើបកម្មលើការ គ្រប់គ្រងធនធានទឹក និងតាមដាន ច្នៃប្រឌិតឱ្យបានទាន់ពេលទៅនឹងការវិវត្តនៃអាកាសធាតុ ។ ៣- ខិតខំប្តេជ្ញាលុបបំបាត់ឱ្យបានជាអតិបរិមា នូវបណ្តាចំណុចអវិជ្ជមានដែលធ្លាប់កើត មាន។ ៤- តាមដាន និងមានការកត់ត្រាច្បាស់លាស់ នូវគ្រប់សមិទ្ធផលដែលសម្រេចបាន បង្កើតឡើងនូវការស៊ីសង្វាក់គ្នារវាងថ្នាក់ក្រសួង និងមន្ទីរ។ ៥- បន្តយកចិត្តទុកដាក់បន្ថែម ទៀតសំខាន់លើបញ្ហាសាមគ្គីភាព, ការដំឡើងថ្នាក់ឱ្យមន្ត្រីរាជការ និងការលើកសរសើរ។ល។ និង៦- បញ្ហាប្រព័ន្ធទំនាក់ទំនងនៅតែជាអាទិភាព ក្នុងការផ្តល់ព័ត៌មានការងារ  និងប្រព័ន្ធ ទំនាក់ទំនងសង្គមជាដើម។

សូមបញ្ជាក់ថា  កាលពីថ្ងៃទី០៣ ខែធ្នូ  ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបវាយតម្លៃ និង លើកទិសដៅការងារវិស័យធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បាន បញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនោះថា៖ ទី១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹក ភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ។ ទី២- ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៩ តើមានការខូច ខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹកជាក់ស្តែង និងមានវិធានការយ៉ាងណានៅពេលជួប ការខ្វះខាតទឹក។ ទី៣-បណ្តាវិធានការដែលក្រសួង បាន និងកំពុងអនុវត្តន៍នាពេលកន្លងមក។ ទី៤- មូលហេតុអ្វី បានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផលត្រូវបានបាត់បង់ ឬរួមតូច បណ្តាល មកពីអ្វី និងទី៥- ការត្រួតពិនិត្យលំអិតបន្ថែមពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ (Flood Mapping)៕

ដោយ សាយ សុន (រូបថត៖ ក្រសួងធនធានទឹក)