កម្មវិធីមហោស្រពខ្សែភាពយន្តកូរ៉េនៅកម្ពុជាលើកទី១៣ប្រចាំឆ្នាំ២០១៩ នឹងប្រារព្ធ​បើកនៅថ្ងៃទី០៦ ខែធ្នូស្អែកនេះ នៅសាលសន្និសីទចតុម្មុខ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និង​ វិចិត្រសិល្បៈ សភាពាណិជ្ជ​កម្ម​កូរ៉េ​នៅ​ប្រទេសកម្ពុជា បានចូលរួមសហការគ្នាប្រារព្ធ​កម្មវិធី​មហោស្រពខ្សែ​ភាពយន្ដកូរ៉េ​នៅ​កម្ពុជាលើកទី១៣ ​ប្រចាំ​ឆ្នាំ២០១៩ នៅរោងភាពយន្ដ Major Cineplex និង  Legend Cinema នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃសុក្រ ទី០៦ រហូតដល់​ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសាធារណរដ្ឋ​កូរ៉េប្រចាំ​នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា  ក្នុងពិធីបើកកម្មវិធីមហោស្រពនេះ​នឹងត្រូវ​ប្រារព្ធ​ឡើងនៅសាលមហោស្រពចតុម្មុខ នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ហើយឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ និង​អបអរ​ក្នុង​ពិធីបើកកម្មវិធីមហោស្រពនេះ។ សម្រាប់ខ្សែភាពយន្ដដែលនឹងត្រូវយកមកចាក់​បញ្ចាំងជូនក្នុងពិធីបើកកម្មវិធីមហោស្រពភាពយន្តលើកនេះគឺ រឿងច្រកចេញ(EXIT) ដែល ជាខ្សែភាពយន្ដទទួលបានជោគជ័យបំផុត ហើយក្នុងនៅប្រទេសកូរ៉េ នារដូវក្ដៅ ឆ្នាំ២០១៩នេះ មានអ្នកចូលរួមទស្សនារហូតដល់ជិត​ ១០លាននាក់។ រឿង ច្រកចេញ គឺជាភាពយន្ដបែប កំប្លែង វាយប្រហារ ដែលរៀបរាប់ពីការខិតខំប្រឹងប្រែងតស៊ូ​ដើម្បីរស់រានមានជីវិតរបស់តួអង្គ​ទាំងពីរ គឺ យ៉ុងណាម(ចូ ចងសក់) និង អ៊ីជូ(អ៊ីម យ៉ូនអា) ពីហេតុការណ៍ភេរវកម្មឧស្ម័នពុល។

ក្នុងសេចក្ដីប្រកាសបន្ដថា ក្នុងឆ្នាំ២០១៩នេះ បានរៀបចំនូវព្រិត្តិការណ៍ដ៏ពិសេសមួយ ដើម្បីអបអរខួបលើកទី១០០ឆ្នាំរបស់ខ្សែភាពយន្ដកូរ៉េ។ ទន្ទឹមនេះ ក៏បានធ្វើការអញ្ជើញអ្នកដឹក​នាំរឿង ច្រកចេញ គឺ លោក លី សាំងគឹន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានរៀប​ចំនូវកម្ម​វិធីធ្វើកិច្ចស្វាគមន៍ផ្ទាល់លើវេទិកា កម្មវិធីជំនួបជាមួយនឹង​ទស្សនិកជន កម្មវិធីសិក្ខាសាលា​ពិសេសជាមួយនឹង​អ្នកជំនាញក្នុងវិស័យ​ខ្សែភាពយន្ដ​កម្ពុជា​ផងដែរ។

ជាមួយគ្នានេះដែរ នៅថ្ងៃសៅរ៍ ទី០៧ និង​ ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ ក៏នឹង​មានការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ដកូរ៉េប្រភេទផ្សេងៗគ្នា ចំនួន៥រឿង នៅរោងភាពយន្ដ Legend Cinema និង រោងភាពយន្ដ Major Complex by Smart នៅផ្សារទំនើបអ៊ីនអនម៉លផងដែរ។

ក្រៅពីរឿងច្រកចេញ ដែលនឹងត្រូវចាក់បញ្ចាំងជូនក្នុងពិធីបើកនៃកម្មវិធី ក៏នឹងចាក់​បញ្ចាំងជូននូវ​ខ្សែភាពយន្ដផ្សេងទៀតដូចជា រឿង បារ៉ាស៊ីត(PARASITE) ដែលដឹកនាំដោយ​អ្នកដឹកនាំរឿង ប៊ុង  ជូនហូ ដែលឈ្នះពានរង្វាន់ Palme d’Or ក្នុងកម្មវិធី Cannes Film  Festival រឿងស្នេហាដ៏សែនយ៉ាប់(CRAZY ROMANCE) ដែលនឹងត្រូវចាក់បញ្ចាំងឆាប់ៗនេះ​នៅក្នុងប្រទេសកម្ពុជា រឿងជនពាលអនាមិក(NAMELESS GANGSER) ដែលជាប្រភេទរឿង​បែបឃាតកម្ម និងរឿងរីករាយថ្ងៃបុណ្យគ្រីស្មាស់ លោកម៉ូ(MERRY CRISTSMAS MR. MO)  ដែលនិយាយអំពីរឿងរ៉ាវដ៏រំភើបរបស់តួអង្គ និងគ្រួសាររបស់គាត់ដែលកំពុងប្រឈមជាមួយ​នឹងសេចក្ដីស្លាប់ជាដើម៕

ដោយ រិទ្ធី