ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការជាតិ  ត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត

AKP កំពត ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តកំពត​ មានបើកកិច្ចប្រជុំគណៈកម្មការជាតិរៀបចំពិធីបុណ្យ សមុទ្រលើកទី៨ ជុំទី២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក លោកស្រីប្រធាន អនុប្រធាន តំណាងរបស់អនុគណៈកម្មការអន្តរក្រសួង លោក លោកស្រីជា គណៈប្រតិភូអន្តរក្រសួង  ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្រោយពីស្តាប់របាយការណ៍លទ្ធផលការងារដែលបានអនុវត្តន៍ និងត្រៀមធ្វើសកម្ម ភាពរបស់អនុគណៈកម្មការអន្តរក្រសួងនីមួយៗ ឯកឧត្តមប្រធានគណៈកម្មការ បានកោត សរសើរចំពោះអនុគណៈកម្មការទាំងអស់ ដែលបានខិតខំបំពេញតាមគម្រោងផែនការ រៀងៗខ្លួន ហើយសូមបន្តអនុវត្តន៍ការងារដែលនៅសេសសល់ទាំងអស់ឱ្យស្របតាម ផែនការរួមដែលបានគ្រោងទុក។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាន បន្តអញ្ជើញឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការអន្តរក្រសួង និងគណៈប្រតិភូចុះ ពិនិត្យផ្ទាល់នៅទីតាំងសំខាន់ៗ សម្រាប់រៀបចំពិធីស្វាគមន៍បុណ្យសមុទ្រលើកទី៨ ជុំទី២ របស់ខេត្តកំពតផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រនៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទីទី២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ហើយពិធីនេះនឹងមានរៀបចំជាលក្ខណៈខ្នាតអន្តរជាតិ ដោយមានការសម្តែងសិល្បៈ ដែលមកពីប្រទេសចំនួនប្រាំគឺ ប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងវៀតណាម នឹងមានរៀបចំស្តង់ពិព័រណ៍ចំនួន៣៧០ស្តង់ផងដែរ៕

ដោយ ប្រាក់ លាង