ប្រមុខរាជរដ្ឋាភិបាល អបអរសាទរកីឡាប៉េតង់កម្ពុជាដែលឈ្នះមេដាយមាស១គ្រឿងនៅ SEA Games 2019

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្ដែងនូវការអបអរសាទរចំពោះកីឡាប៉េតង់កម្ពុជា ដែលបានឈ្នះមេដាយមាស១គ្រឿ​ង​ ក្នុង​ការប្រកួតកីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេ​ជោ​​បា​ន​​សរសេរថា អបអរសាទរ និងកោតសរសើរកីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿង​ នៅ​ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ។ ក្រុមកីឡា​ការិនីប៉េតង់​ក​ម្ពុ​ជា ដណ្តើមបានមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅ​ប្រ​ទេ​ស​ហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនី​របស់​ម៉ាឡេស៊ី នៅវគ្គ​ផ្តា​ច់​​ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

សម្ដេចតេ​ជោ​​នាយករដ្ឋមន្ត្រីបានបន្តថា នេះគឺជាមេដាយមាស លើក​ទី២ របស់កម្ពុជាដែលដណ្តើម​បាន​នៅ​ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលប្រទេស​ហ្វីលីពីន​ធ្វើម្ចាស់ផ្ទះ បន្ទាប់ពី​កី​ឡា​គុន​ល្បុ​ក្ក​តោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរ​កាលពី​ដើម​សប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះ​មេ​ដាយសរុបកើនដល់ ២២គ្រឿងហើយ ក្នុងនោះរួមមាន មាស២ ប្រាក់៣ និងសំរឹទ្ធិ១៧គ្រឿង។ សម្ដេចតេជោក៏ជូនពរ​កូ​ន ក្មួយ​កីឡាករ កីឡាការិនីទទួលបានជោគជ័យក្នុងការប្រកួតជាបន្តបន្ទាប់ទៀត៕

ដោយ ជឹម ណារី